លោក ពូទីន ហាមឃាត់អ្នកវិនិយោគ “មិនរាក់ទាក់” ធ្វើប្រតិបត្តិការនៅក្នុងសហគ្រាសយុទ្ធសាស្រ្ត និងគម្រោងនានានៅរុស្ស៊ី

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រសប្តាហ៍នេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលនឹងហាមឃាត់អ្នកវិនិយោគ “មិនរាក់ទាក់” ពីការធ្វើប្រតិបត្តិការជាមួយភាគហ៊ុនរបស់ពួកគេនៅក្នុងសហគ្រាស និងគម្រោងជាយុទ្ធសាស្ត្ររបស់រុស្ស៊ីរហូតដល់ដំណាច់ឆ្នាំ។

ក្រឹត្យនេះត្រូវបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់រុស្ស៊ីសម្រាប់ព័ត៌មានផ្លូវច្បាប់ ដោយនឹងហាមឃាត់ជនបរទេសដែលមានទំនាក់ទំនងជាមួយ “ប្រទេសដែលមិនរាក់ទាក់ ឬអមិត្ត” ពីការធ្វើប្រតិបត្តិការគ្រប់ប្រភេទជាមួយភាគហ៊ុន និងទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងសហគ្រាស និងធនាគារជាយុទ្ធសាស្រ្តរបស់រុស្ស៊ីរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ យោងតាមក្រឹត្យនេះ វិនិយោគិនបរទេសត្រូវបានហាមឃាត់មិនឱ្យធ្វើប្រតិបត្តិការជាមួយភាគហ៊ុននៅក្នុងគម្រោងប្រេង និងឧស្ម័ន Sakhalin-1 និងគម្រោងអណ្តូងប្រេង Kharyaginskoye។ ទន្ទឹមនេះ ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាឱ្យធនាគារកណ្តាល និងរដ្ឋាភិបាលចងក្រងបញ្ជីធនាគារទាំងអស់ ដែលនឹងស្ថិតនៅក្រោមក្រឹត្យនេះក្នុងរយៈពេល១០ថ្ងៃផងដែរ។ ជាករណីលើកលែង ប្រតិបត្តិការមួយចំនួននឹងត្រូវបានអនុញ្ញាត លុះត្រាតែវាត្រូវបានអនុញ្ញាតដោយប្រធានាធិបតីរុស្ស៊ី ហើយក្រឹត្យនេះអាចអូសបន្លាយបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់របស់វា។

យោងតាមក្រឹត្យខាងលើ វិធានការនេះនឹងត្រូវធ្វើឡើងដើម្បីការពារផលប្រយោជន៍ជាតិរបស់រុស្ស៊ី និងជាការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក និងប្រទេស មួយចំនួន ព្រមទាំងអង្គការបរទេសដទៃទៀត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner