មេដឹកនាំរុស្ស៊ី-តួកគីប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដោយឈរលើមូលដ្ឋានតុល្យភាព

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ បានព្រមព្រៀងគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងអំឡុង កិច្ចចរចារបស់ពួកលោកនៅទីក្រុង Sochi របស់រុស្ស៊ី ក្នុងថ្ងៃសុក្រសប្តាហ៍នេះ។

លោក ពូទីន និងលោក អឺដូហ្គាន់ បានសន្យាថា នឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដោយឈរលើមូលដ្ឋានតុល្យភាព និងដើម្បីបំពេញតាមការរំពឹងទុករបស់គ្នាទៅវិញទៅមក ក្នុងវិស័យសេដ្ឋកិច្ច និងថាមពល។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនទាំងពីរនៅទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅ។

យោងតាមសេចក្តីថ្លែងការណ៍ លោកប្រធានាធិបតីទាំងពីរបានប្តេជ្ញាចាត់វិធានការជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហានានាទាក់ទងនឹងវិស័យជាច្រើន ដូចជាការដឹកជញ្ជូន ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ ទេសចរណ៍ និងសំណង់។

ជាមួយគ្នានេះ លោក ពូទីន និងលោក អឺដូហ្គាន់ បានកោតសរសើរកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរុស្ស៊ី-អ៊ុយក្រែនដែលសម្រេចបានកាលពីខែមុននៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី ហើយមេដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីធានាដល់ការអនុវត្តពេញលេញរបស់ខ្លួន រួមទាំងការនាំចេញគ្រាប់ធញ្ញជាតិ ជី និងវត្ថុធាតុដើមរបស់រុស្ស៊ីដោយគ្មានដែនកំណត់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ពួកគេក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសស៊ីរី និងលីប៊ីផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner