បេសកជនចិនរិះគន់សហរដ្ឋអាមេរិកចំពោះចំណាត់ការអវិជ្ជមានលើការរំសាយអាវុធនុយក្លេអ៊ែរ

ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនទទួលបន្ទុកកិច្ចការរំសាយអាវុធលោកលី សុង( Li Song )នៅថ្ងៃសុក្រសប្តាហ៍នេះ បានរិះគន់សហរដ្ឋអាមេរិក ចំពោះទង្វើអវិជ្ជមានរបស់ខ្លួនលើការរំសាយអាវុធនុយក្លេអ៊ែរ។

លោក លី បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការ នៃសន្និសីទត្រួត ពិនិត្យ សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លើក ទី១០ថា ជំរុញដោយចិត្តគំនិតនៃសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក បានឈ្លក់វង្វេងនឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រមហាអំណាច ហើយបានស្វែងរកអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ, ពង្រឹងសម្ព័ន្ធភាព យោធា, ជំរុញឱ្យមានការប្រឈមមុខដាក់គ្នានៅភាគខាងកើត និង ខាងលិចនៃទ្វីបអឺរ៉ាស៊ី (Eurasia) ហើយបានបន្តទៅមុខជាមួយ ការឆ្ពោះរកការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ និងកងកម្លាំង យុទ្ធសាស្ត្រ ផ្សេងទៀត។

លោក Li បន្តថា ទង្វើអវិជ្ជមានទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមមហាអំណាចធំៗ, រំខានដល់តុល្យភាពយុទ្ធសាស្រ្ត និងស្ថិរភាពពិភពលោក, រារាំង កិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរអន្តរជាតិ និងបង្កើន ហានិភ័យ នៃការប្រកួតប្រជែង និងជម្លោះអាវុធនុយក្លេអ៊ែរ។

លោកបន្ថែមថា សហគមន៍អន្តរជាតិគួរតែឆ្លៀតយកឱកាស នៃ សន្និសិទត្រួតពិនិត្យឡើងវិញនេះ ដើម្បីអនុវត្តពហុវប្បធម៌ពិត, ទប់ទល់យ៉ាងម៉ឺងម៉ាត់ចំពោះចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងការ ប្រជែងគ្នាក្នុងប្លុក, លើកកម្ពស់ចក្ខុវិស័យនៃសន្តិសុខសកលរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព ក៏ដូចជាធ្វើការពិភាក្សា ស៊ីជម្រៅលើមធ្យោបាយប្រកបដោយប្រសិទ្ធភាព។

លោកបានសង្កត់ធ្ងន់ថា ប្រទេសដែលមានឃ្លាំងអាវុធ នុយក្លេអ៊ែរធំ ជាងគេ គឺសហរដ្ឋអាមេរិក និងរុស្ស៊ី គួរតែអនុវត្តប្រកបដោយ ប្រសិទ្ធភាព នូវការទទួលខុសត្រូវពិសេស និងចម្បងសម្រាប់ការ រំសាយអាវុធនុយក្លេអ៊ែរ ហើយកាត់បន្ថយបន្ថែមទៀតនូវឃ្លាំង អាវុធនុយក្លេអ៊ែររៀងៗខ្លួន ក្នុងលក្ខណៈដែលអាចផ្ទៀងផ្ទាត់ មិនអាចត្រឡប់វិញបាន និងស្របច្បាប់ ដើម្បីបង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរដ៏ទូលំទូលាយ និងពេញលេញ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner