ទេយ្យទាន ជាអំណោយ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបានប្រគេនព្រះសង្ឃដែលកំពុងគង់ចាំវស្សា និងលោកយាយលោកតា ដែលស្នាក់អាស្រ័យនៅក្នុងវត្តព្រះពន្លាជ័យ កំពុងជួបការខ្វះខាត

ខេត្តកំពង់ធំ ៖ ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង និងសហការី នាំយកទេយ្យទាន ជាអំណោយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី ប្រគេនព្រះសង្ឃដែលកំពុងគង់ចាំវស្សា និងលោកយាយលោកតា ដែលស្នាក់អាស្រ័យនៅក្នុងវត្តព្រះពន្លាជ័យ កំពុងតែខ្វះខាតចង្ហាន់ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកតា សាន់ ណឹង ណៈកម្មការអាចារ្យវត្ត បានឲ្យដឹងថា សង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តព្រះពន្លាជ័យមានចំនួន២០អង្គ កំពុងមានការខ្វះខាតចង្ហាន់ មិនបាននិមន្តបិណ្ឌបាតនៅតាមភូមិ ធ្វើឲ្យចង្ហាន់សម្រាប់ព្រះសង្ឃគ្រប់គ្រាន់ សម្រាប់លោកតានិងលោកយាយ ក្រុមជាងសំណង់ កំពុងសាងសង់សាលពុទ្ឋិក: បឋមសិក្សានៅក្នុងវត្តនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំថា ក្រុមការងាររបស់រាជរដ្ឋាភិបាលរួមជាមួយនឹងអាជ្ញាធរដែនដី រួមគ្នាបន្តដោះស្រាយរាល់ការលំបាក របស់ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងទីវត្តអារាមនានា នៅក្នុងឃុំបន្ទាយ ជាបន្តបន្ទាប់មិនដែលអាក់ខានឡើយ ជាក់ស្តែងថ្ងៃនេះ បានប្រគេន មីជាតិ ១០កេស ត្រីខកំប៉ុង ៥យួរ ទឹកត្រី ៥យួរ និងទឹកបរិសុទ្ធវីតាល់ ១០កេស។

ព្រះតេជគុណ សែប ប្រុស ព្រះគ្រូចៅអធិការវត្ត មានសង្ឃដិការ អរគុណ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានផ្តល់អំណោយតាមរយះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលតែងតែដោះស្រាយជាបន្តបន្ទាប់ និងយកចិត្តទុកដាក់បំផុតមកលើបងប្អូនប្រជាពលរដ្ឋ ដែលជួបលំបាកខ្វះខាត រួមទាំងព្រះសង្ឃនៅតាមទីវត្តអារាមនានានៅក្នុងឃុំបន្ទាយស្ទោង ផងដែរ ៕ ដោយ ប៊ុន រដ្ឋា

ads banner