ដោយសារតម្រូវការក្នុងស្រុកខ្វះខាត កម្ពុជាសម្រេចនាំចូលអំបិលពីឥណ្ឌាជាលើកដំបូងចំនួន ៦ម៉ឺនតោន

កំពត ៖ លោក ប៊ុន បារាំង ជាពាណិជ្ជករនៅខេត្តកំពតបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលកម្ពុជាផងនោះ បានផ្ដល់ទំនុកចិត្តឱ្យរូបលោកនាំផលិតផលអំបិលពីក្រៅប្រទេស ដើម្បីមកផ្គត់ផ្គង់លើតម្រូវការទីផ្សារនៅក្នុងស្រុក និងបំពេញការខ្វះខាតអំបិល សម្រាប់ការបរិភោគរបស់ពលរដ្ឋក្នុងឆ្នាំ២០២២នេះ ។

ការសម្រេចចិត្តនាំចូលអំបិលពីប្រទេសឥណ្ឌាលើកដំបូងនេះ ធ្វើឡើងក្នុងគ្រាដែលខេត្តកំពត-កែប ការផលិតអំបិលមិនបានទទួលផលសោះ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមកពីកត្តាភ្លៀងធ្លាក់ស្ទើរគ្រប់រដូវកាល ។ ជាពិសេសក្នុងឆ្នាំនេះតែម្តង ដែលការផលិតអំបិលរងផលប៉ះពាល់ ដោយសារពលរដ្ឋអ្នកផលិតអំបិលមិនបានទទួលផលក្នុងការផលិតទាល់តែសោះ ។

លោក ប៊ុន បារាំង បន្តថា រូបលោកបានសុំគោលការណ៍ពីរាជរដ្ឋាភិបាល ចាប់ផ្ដើមនាំអំបិលចូលមកក្នុងស្រុកជាលើកដំបូងសម្រាប់ប្រទេសកម្ពុជា គឺពីឥណ្ឌា។ លោកថា អំបិលដែលនាំចូលពីឥណ្ឌានេះ បានដឹកមកដល់ចំណតនៅកំពង់ផែទឹកសាប នៃស្រុកលើកដែក ខេត្តកណ្ដាល បច្ចុប្បន្នកម្លាំងកម្មករបាននិងកំពុងលើកទម្លាក់ចុះ ដើម្បីឆ្ពោះទៅចែកចាយនៅតាមទីផ្សារនានានៃប្រទេសកម្ពុជា ដែលជំហាននាំចូលដំបូងនេះមានប្រមាណ ៦០,០០០ (៦ម៉ឺនតោន)។

លោកបានឲ្យដឹងទៀតថា ការនាំអំបិលចូលពីឥណ្ឌា គឺនឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការអំបិលនៅកម្ពុជា សម្រាប់បរិភោគក្នុងមួយឆ្នាំៗ មានប្រមាណ ១០០,០០០ (១០ម៉ឺនតោន)។ ពាណិជ្ជកររូបនេះបន្ថែមថា បច្ចុប្បន្នការផលិតអំបិលក្នុងប្រទេស មិនមានផលអំបិលលក់ទេ ដោយសារអាកាសធាតុភ្លៀងធ្លាក់ខ្លាំងពេក ។

ចំពោះការនាំចូលអំបិលពីឥណ្ឌានេះ គឺមិនប៉ះពាល់ដល់សុខភាពប្រជាជនទេ ពីព្រោះផលិតផលអំបិលនៅប្រទេសឥណ្ឌា មិនមែននាំចូលមកកម្ពុជាប៉ុណ្ណោះទេ គឺប្រទេសមួយចំនួននៅជុំវិញពិភពលោក ដែលមានការខ្វះអំបិលប្រើប្រាស់នោះ ក៏គេនាំចូលពីប្រទេសឥណ្ឌានេះផងដែរ ព្រោះការផលិតអំបិលនៅប្រទេសឥណ្ឌា វាចេញពីធម្មជាតិ មានគុណភាពល្អណាស់ បើធៀបទៅនឹងទាំងអាកាសធាតុកំដៅ និងមហាសមុទ្រឥណ្ឌា។

លោកបន្តថា ចំណែកប្រទេសជិតខាង ដូចជាវៀតណាម គឺយើងមិនអាចនាំចូលមកកម្ពុជាបានទេ ដោយសារវៀតណាមខ្វះខាតអំបិល ដូចកម្ពុជាដែរ។ ចំពោះតម្លៃនៃការនាំចូលអំបិលពីឥណ្ឌា មកចែកចាយក្នុងទីផ្សារកម្ពុជានាពេលនេះ គឺតម្លៃធម្មតា មិនឲ្យខ្ពស់ជាងតម្លៃអំបិលផលិតក្នុងស្រុកយើងទេ ទោះបីតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ការដឹកជញ្ជូន កម្លាំងពលកម្មលើកដាក់ គិតពីពន្ធផ្សេងៗយ៉ាងណាក៏ដោយចុះ។

លោក ប៊ុន បារាំង បានលើកឡើងទៀតថា ការនាំចូលអំបិល គឺធ្វើទៅតាមការខ្វះអំបិលក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ គឺមិនឱ្យលើស និងមិនឱ្យខ្វះ គឺតម្រូវការគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា ហើយខណៈដែលអំបិលប្រទេសកម្ពុជាការផលិតអំបិល មិនបានទទួលផលគ្រប់គ្រាន់ ដោយសារកត្តាមេឃភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់រដូវ ជាពិសេសខេត្តផលិតអំបិល ដូចជាខេត្តកំពត-កែបនេះឯង។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដោយសារអាកាសធាតុក្នុងឆ្នាំនេះមានភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យផ្ទៃដីស្រែអំបិលជិត៥,០០០ហិកតានៅខេត្តកំពត និងខេត្តកែប ផលិតអំបិលអត់បានទាល់តែសោះ៕ ប្រភព៖ Freshnews ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner