សម្តេចពិជ័យសេនា ទៀ បាញ់ សំណូមពរប្រជាពលរដ្ឋ ត្រៀមលក្ខណៈសម្បត្តិក្នុងនាមម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ និងអត្តពលិកជនពិការកម្ពុជា វិលត្រឡប់មកដល់មាតុប្រទេសវិញ នាល្ងាចថ្ងៃទី០៧ ខែសីហា បន្ទាប់ពីបានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី រួមជាមួយការនាំយកទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ (ទង់អាស៊ានប៉ារ៉ាហ្គេម) មកកាន់កម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ៖«ថ្ងៃនេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា ខ្ញុំពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានមកចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្នុងពិធីទទួលទង់អាស៊ានប៉ារ៉ាហ្គេម ពីប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការទទួលទង់ស៊ីហ្គេម ពីប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីនេះនាពេលកន្លងមក»។

«នៅក្នុងឱកាសនេះ ក្នុងនាមតំណាងគណៈកម្មាធិការជាតិ CAMSOC ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូជនមានពិការភាពកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមជាមួយឯកឧត្តម យី វាសនា នាយបេសកកម្ម ប្រធានប្រតិភូកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម ដែលបានដឹកនាំប្រតិភូកីឡាឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមនាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំសូមសម្តែងការកោតសរសើរដោយស្មោះស្ម័គ្រចំពោះបងប្អូនកីឡាករ កីឡាការិនីជនមានពិការភាពទាំងអស់ ដែលបានខិតខំប្រឹងអស់ពីកម្លាំងកាយចិត្ត និងសមត្ថភាពខ្លួនក្នុងការប្រកួតគ្រប់វិញ្ញាសាទទួលបានមេដាយចំនួន២៨ ‘មាស៧ ប្រាក់១០ សំរឹទ្ធ១១’ បានបំបែកឯកត្តកម្មចាស់នៃការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាមានពិការភាពនៅប្រទេសមួយចំនួននាពេលកន្លងមក»។

«ជោគជ័យនេះបានបង្ហាញថា ជនពិការភាពមិនមែនអសមត្ថភាពឡើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់លើកកម្ពស់ និងជំរុញស្មារតីជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ការលះបង់ ការតស៊ូ ការព្យាយាម ការអំណត់ អត់ធ្មត់ ស៊ូទ្រាំគ្រប់ការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីជនពិការរបស់យើង ហើយត្រូវយកចិត្តទុកដាក់ដល់ជីវភាពរស់នៅ ការហ្វឹកហ្វឺនរបស់ក្រុមជម្រើសជាតិពិការ ក្នុងស្មារតីអភិវឌ្ឍន៍វិស័យកីឡា ប្រកបដោយគុណភាព គុណផល និងសមត្ថភាពកីឡាដ៏រឹងមាំ សម្រាប់ឆ្ពោះទៅដណ្ដើមជោគជ័យ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា»។

«ការទទួលទង់អាស៊ានប៉ារ៉ាហ្គេម ពីប្រទេសឥណ្ឌូនេស៊ីជាផ្លូវការនាថ្ងៃនេះ រួមជាមួយការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយរបស់កម្ពុជា សហព័ន្ធកីឡាជនពិការអាស៊ាន បានផ្ដល់សិទ្ធិពេញលេញដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមប្រកាសជូនថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវជាសាធារណៈដល់ប្រជាពលរដ្ឋ យុវជនទូទាំងប្រទេសចូលរួមរៀបចំខ្លួនត្រៀមអបអរសាទរលើកទឹកចិត្ត និងផ្ដល់ស្នាមញញឹមដល់ប្រតិភូកីឡាជនមានពិការភាព មកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន និងប្រទេសទីម័រខាងកើត ឲ្យមានភាពកក់ក្ដៅ និងជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនីមានពិការភាពឲ្យបានគ្រប់ៗគ្នា»។

សម្តេចប្រធាន CAMSOC បានមានប្រសាសន៍ថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់លើកកម្ពស់វិស័យកីឡានៅកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស បានលើកតម្កើងមុខមាត់កេរ្តិ៍ឈ្មោះកម្ពុជា និងបានបង្ហាញសក្ដានុពលជាតិទៅតំបន់ និងពិភពលោក។

ក្រោយប្រសាសន៍សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ចប់ ក្បួនដង្ហែទង់ស៊ីហ្គេម និងអត្តពលិកជ័យលាភីត្រូវបានធ្វើឡើងពោរពេញទៅដោយមោទកភាព ដោយទទួលបានការលើកទឹកចិត្ត និងគាំទ្រពីប្រជាពលរដ្ឋនៅតាមដងមហាវិថី ចាប់តាំងពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្សី បត់តាមមហាវិថីព្រះនរោត្តម ដល់មហាវិថីព្រះសីហនុ រួចបត់ចូលបន្ដដង្ហែទៅបញ្ចប់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner