AVIVoice Ep85: ភាពតានតឹងជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

បញ្ហាជុំវិញរឿងកោះតៃវ៉ាន់បាននឹងកំពុងកើនឡើងកម្ដៅ បន្ទាប់ពីការទៅដល់របស់លោកស្រី Nancy Pelosi ប្រធានសភាសហរដ្ឋអាមេរិក នៅក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រីនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ពាក់ព័ន្ធទៅនឹងចំណុចនេះ វាក៏បានបង្កើនភាពតានតឹង និងជះឥទ្ធិពលដល់ការប្រកួតប្រជែងមហាអំណាចទាំងពីរផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ បានពន្យល់អំពីទស្សនៈរបស់លោកទៅលើផលប៉ះពាល់នៃការឈានជើងលើកោះតៃវ៉ាន់របស់លោកស្រី Nancy Pelosi ទៅលើភាពតានតឹងនៅកោះតៃវ៉ាន់និងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកនិងចិនផងដែរ។

សំណួរទី១៖   ពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ដែលជាប្រធានសភាតំណាងរាស្ត្រអាមេរិក ដែលបានផ្ដោតសំខាន់ទៅលើវិស័យសន្តិសុខ ភាពជាដៃគូសេដ្ឋកិច្ច និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាបឋម តើដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ មានគោលបំណង និងយុទ្ធសាស្ត្រអ្វីខ្លះដែរ? ជាពិសេស វាអាចនឹងនាំមកនូវលទ្ធផលអ្វីសម្រាប់ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកតភ្ជាប់ជាមួយនឹងតំបន់ទាំងមូលតែម្ដង

ចំពោះដំណើររបស់ប្រធានសភាសហរដ្ឋអាមេរិក គឺលោកស្រី Nancy Pelosi មកកាន់តំបន់អាស៊ីនៅពេលនេះគឺ​យើងអាចសង្កេតឃើញថាមានការបកស្រាយ ឬការយល់ឃើញផ្សេងៗគ្នា អំពីសំណាក់បញ្ញវន្ត អំពីអ្នកតាមដានព្រឹត្តិការណ៍នៅក្នុងតំបន់ ក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍ពិភពលោក។ ដោយសារតែទី (១) យើងដឹងថាសហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចមួយដែលគ្រប់គ្រងពិភពលោកតែម្នាក់ឯងយូរឆ្នាំណាស់មកហើយ។ ហើយចំណុចទី(២) យើងគិតឃើញថា តាំងពីក្រោមរដ្ឋបាល របស់ លោក បារ៉ាក់ អូបាម៉ា (Barack Obama)មក លោកមានផែនការមួយ យើងហៅថា «Pivot to Asia» គឺដំណើរឆ្ពោះមកទិសអាស៊ីហ្នឹង។ ហើយមកដល់សម័យកាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) គឺលោកមានផែនការមួយហៅថា «Indo-Pacific Strategy» បើទោះបីជាលោកដូណាល់ ត្រាំ លោកមានគោលការណ៍មួយដែលហៅថា «America First»ក៏ដោយ ប៉ុន្តែដៃគូនៅក្នុងតំបន់អាស៊ី​ហ្នឹង នៅតែជាតំបន់មួយក្តៅ ឬក៏តំបន់មួយសំខាន់ចាំបាច់របស់សហរដ្ឋអាមេរិក។​

ហើយដោយឡែក នៅពេលដែលលោក ចូ បៃដិន (Joe Biden) ឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកហ្នឹង យើងឃើញថាសកម្មភាពរបស់សហរដ្ឋអាមេរិកជាមួយនឹងដៃគូទាំងអស់នៅក្នុងតំបន់អាស៊ី ក៏ដូចជាជាមួយបណ្ដាប្រទេសអាស៊ានហ្នឹងក៏ត្រូវបានពង្រីកជាសំខាន់ដែរ។ ដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ដែលមានដូចជា ប្រទេសសិង្ហបុរី តៃវ៉ាន់ ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ ខ្ញុំចង់បញ្ជាក់បន្តិចថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់ សិង្ហបុរី ជប៉ុន និងកូរ៉េខាងត្បូង យើងឃើញថាសេតវិមានគឺចេញសេចក្ដីថ្លែងការណ៍ផ្សេង ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ គឺខាងសេតវិមានបែរជាប្រកាសថា វាគឺជាសិទ្ធិសម្រេចដោយផ្ទាល់របស់លោកស្រី Pelosi។  

នេះយើងឃើញថាវាហាក់ដូចជាប្លែកបន្តិច ដែលប្រធានសភារបស់ប្រទេសមហាអំណាចមួយធ្វើដំណើរទស្សនកិច្ចទៅកាន់កោះមួយ ដែលយើងមិនហៅថាជាប្រទេសមួយទេ ប៉ុន្តែបែរជាមានសេចក្ដីប្រកាសថា វាគឺជាសិទ្ធសម្រេចរបស់គាត់ផ្ទាល់ គឺហាក់ដូចជាមិនសមស្រប ពីព្រោះដោយសារតែគាត់មិនមែនជាពលរដ្ឋអាមេរិកកាំងធម្មតា ប៉ុន្តែគាត់គឺជាប្រធានសភារបស់ប្រទេសមហាអំណាចមួយ។ អ៊ីចឹងយើងឃើញថាដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់តំបន់អាស៊ីនៅពេលនេះ គឺជាទូទៅមានគោលបំណងមួយដើម្បីពង្រីងទំនាក់ទំនងការទូត ក៏ដូចជាផ្តល់ភាពកក់ក្តៅ ចំពោះប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ រឿងនេះជាពិសេសទាំងនោះ គឺដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់តំបន់អាស៊ីនាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជាដែលជាប្រធានអាស៊ាន កំពុងតែប្រារព្ធដឹកនាំនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន (ASEAN Foreign Ministers’ Meeting) ក៏ដូចជាថ្នាក់រដ្ឋមន្ត្រីអាស៊ានជាមួយនឹងដៃគូ។ អ៊ីចឹងទេ យើងទាំងអស់គ្នាបានដឹងថា ប្រទេសនៅក្នុងតំបន់អាស៊ី ក៏ដូចជាសមាជិករបស់អាស៊ានមួយចំនួនហ្នឹង គឺលោកមានវិបត្តិបញ្ហាសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន ដែលយើងបានដឹងហើយមានដូចជាប្រទេសវៀតណាម ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី ហើយកោះតៃវ៉ាន់ខ្លួនឯងហ្នឹង ក៏បានអះអាងនូវការទាមទារចំណែកខ្លះនៃសមុទ្រចិនខាងត្បូងនេះដែរ។

បើជាការសង្ខេបមកវិញ យើងអាចនិយាយបានថាដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់តំបន់អាស៊ីនាពេលនេះ គឺទី (១) ចង់ពង្រឹងនិងផ្តល់ភាពកក់ក្តៅចំពោះប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ី (២) គឺជាការធ្វើតេស្តនៅសមត្ថភាព ហើយនិងការអត់ធ្មត់របស់ប្រទេសចិនដែរ ពីព្រោះ យើងបានតាមដានឃើញថាមុនពេលដែលលោកស្រី Pelosi ធ្វើដំណើរមកកាន់កោះតៃវ៉ាន់នោះគឺ មានការសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) របស់អាមេរិក ក៏ដូចជាលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) របស់ប្រទេសចិន ដែលកិច្ចសន្ទនារបស់លោកទាំងពីរនោះគឺឃើញថាប្រទេសចិនបានប្រើពាក្យធ្ងន់ៗទៅកាន់សហរដ្ឋអាមេរិក ដូចជាថាសហរដ្ឋអាមេរិកកំពុងតែប្រលែងលេងជាមួយភ្លើង កំពុងតែលេងជាមួយនឹងគ្រោះកំពុងលេងជាមួយគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរជាដើម។ ប៉ុន្តែយ៉ាងណាលោកស្រី Pelosi ក៏នៅតែជម្នះនូវការគំរាមនោះ ហើយអញ្ជើញទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ដែលសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ហ្នឹង បានទទួលស្គាល់ថាជាផ្នែកមួយរបស់ប្រទេសចិនតាំងពីឆ្នាំ១៩៧២។

យើងត្រូវចាំថាកាលពីឆ្នាំ១៩៧២ សហរដ្ឋអាមេរិកបានទទួលស្គាល់នូវ «គោលនយោបាយចិនតែមួយ» ឬហៅថា «One China Policy»។ ហើយសហរដ្ឋអាមេរិក កាលពីសម័យនោះបានទទួលស្គាល់ថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។ សរុបមកវិញ គឺដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi មកកាន់តំបន់អាស៊ីនាពេលនេះ គឺដើម្បីជាការផ្តល់នូវភាពកក់ក្តៅចំពោះប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនផង ដើម្បីជាការតេស្តមើលសមត្ថភាពនិងការអត់ធ្មត់របស់ប្រទេសសចិនផង និងដើម្បីបញ្ជាក់មកកាន់ដៃគូរបស់ខ្លួនដែលមានវិវាទជាមួយនឹងប្រទេសចិនថា សហរដ្ឋអាមេរិកនឹងនៅទីនេះដើម្បីផ្ដល់ជាភាពកក់ក្តៅ ដើម្បីផ្ដល់ជាការសន្យា ដើម្បីផ្ដល់ជាការគាំទ្រចំពោះបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ 

សំណួរទី២៖ ដោយផែនទីជាក់ស្ដែងផ្លូវការនៃដំណើរទស្សនកិច្ចរបស់លោកស្រី គឺមិនមានដាក់បញ្ចូលនៅទីតាំងកោះតៃវ៉ាន់នោះទេ។​ ដូចនេះ តើ (វាគ្មិន) យល់ឃើញថាគោលគំនិតរបស់លោកស្រី Pelosi ថាបានបង្ហាញវត្តមាននៅលើកោះតៃវ៉ាន់នេះវាមានអត្ថន័យដូចម្ដេចដែរ

មុននឹងយើងនិយាយអំពីរឿងនយោបាយ យើងនិយាយអំពីរឿងក្រុមពិធីការសិន ពីព្រោះថាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ប្រទេសមហាអំណាចទៅកាន់តំបន់ណានីមួយៗហ្នឹង គឺមានការរៀបចំ ដោយម៉ត់ចត់ណាស់ អំពីទីតាំង អំពីពេលវេលា ពីព្រោះយើងត្រូវសម្របសម្រួលទាំងភាគីទាំងសងខាង ទាំងភ្ញៀវដែលអញ្ជើញទៅផង ហើយនិងភាគីម្ចាស់ផ្ទះដែលត្រូវទទួលភ្ញៀវនោះផង។ ប៉ុន្តែយ៉ាងណាអាចថាគ្រាន់តែជាការមិនប្រកាសជាសាធារណៈ អំពីផែនការច្បាស់លាស់របស់លោកស្រីដែលអញ្ជើញទៅកោះតៃវ៉ាន់នោះ។ នៅក្នុងន័យនេះ ដូចខ្ញុំបានជម្រាបជូនខាងដើម ដោយសារតែសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៧២ អាមេរិកខ្លួនឯងផ្ទាល់ នៅក្នុងសម័យកាលនោះបានទទួលស្គាល់ថាកោះតៃវ៉ាន់ គឺជាផ្នែកមួយរបស់ប្រទេសចិនរួចទៅហើយ។ ហើយមកទល់ឥឡូវនេះគឺអាមេរិកមិនមានស្ថានទូតនៅកោះតៃវ៉ានទេ គឺមានត្រឹមតែជាវិទ្យាស្ថាន ពីព្រោះថាបើសិនជាមានស្ថានទូត វាស្មើនឹងការជាការទទួលស្គាល់ថាតៃវ៉ាន់ ប៉ុន្តែអាមេរិកក៏ដាក់ស្ថានទូតនៅទីនោះទេ គឺមានត្រឹមតែវិទ្យាស្ថានសិក្សាសហរដ្ឋអាមេរិកនៅលើកោះតៃវ៉ាន់។

អ៊ីចឹងគោលបំណងនេះ តាមការវិភាគ ហើយនិងការយល់ឃើញរបស់ខ្ញុំផ្ទាល់ គឺសហរដ្ឋអាមេរិកមានចេតនាមួយក្នុងការធ្វើតេស្តនូវភាពអត់ធ្មត់របស់ប្រទេសចិន។ ហើយប្រសិនបើប្រទេសចិនលោកអត់ធ្មត់មិនបានលោក ប្រើកម្លាំងយោធាប្រើកងទ័ព ឬក៏ប្រតិកម្មដោយលក្ខណៈបង្កសង្គ្រាម អ៊ីចឹងប្រទេសចិននឹងខាតបង់ ក្នុងដំណាក់កាលនេះ ពីព្រោះកាលណាមានសង្គ្រាមគេប្រាកដត្រូវជាចំណាយច្រើនណាស់ ហើយទាំងការចំណាយទៅលើសព្វាវុធ ទាំងការចំណាយលើអាយុជីវិតរបស់មនុស្ស ការចំណាយក្នុងការកសាងឡើងវិញបន្ទាប់អំពីការបំផ្លិចបំផ្លាញជាដើម។ បើសិនជាជាការមើលឃើញរបស់ខ្ញុំគឺថា បើសិនជាប្រទេសចិន លោកប្រើធម៌ក្ដៅតាមរយៈកម្លាំងកងទ័ពនោះ វាអាចជាការចូលអន្ទាក់សហរដ្ឋអាមេរិកហើយ ហើយខ្ញុំ គិតថាអញ្ចឹងពីព្រោះបើជាប់ដៃជាមួយសង្គ្រាមហើយ ការសង្ងំដើម្បីអភិវឌ្ឍសេដ្ឋកិច្ចផ្ទៃក្នុង ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងហ្នឹង គឺប្រទេសចិនមិនមានល្បឿនលឿនទេ។

ខ្ញុំធ្លាប់បានទៅសហរដ្ឋអាមេរិកម្ដងកាលពីឆ្នាំ២០១១ ហើយខ្ញុំធ្លាប់បានទៅប្រទេសចិនចំនួន៣ដងគឺ បើយើងអានតែឯកសារ យើងស្ទើរតែមិនជឿថាប្រទេសចិនហ្នឹង គឺមានការរីកចម្រើនលឿនរហ័សពេក គឺអាចស្មើនឹងទីក្រុងញូយ៉ក។ ផ្នែកហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ គឺមានការអភិវឌ្ឍលឿនមែនទែន។ ជាធម្មតា តាមដំណើរធម្មជាតិ អ្នកដែលធ្លាប់តែឈរលេខ១ហើយ គឺមិនចង់ឱ្យមានគេមកដណ្តើមចំណាត់ថ្នាក់លេខ១របស់ខ្លួនទេ។ អ៊ីចឹងទេ វិធីសាស្ត្រ ឬក៏យុទ្ធសាស្ត្រផ្សេងៗរបស់ដៃគូប្រកួតប្រជែង គឺតែងតែធ្វើឡើងដើម្បីផ្ដួលគ្នាទៅវិញទៅមក ពីព្រោះលេខ១គឺជាលេខសំខាន់ ដែលនរណាក៏ចង់បាន ប្រទេសណាក៏ចង់រក្សាចំណាត់ថ្នាក់របស់ខ្លួន។

អ៊ីចឹងខ្ញុំជឿជាក់ថា ទាំងប្រទេសចិន ទាំងសហរដ្ឋអាមេរិក គឺមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ពាក្យសម្ដីចំពោះគ្នា ហើយក៏ជាពិសេសគឺមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តធ្វើរឿងអ្វីមួយ ពីព្រោះដោយសារតែខ្ញុំបានតាមដានយ៉ាងដិតដល់ដែរ ទាំងសុន្ទកថារបស់ប្រធានាធិបតីចិនលោកស៊ីជីនពីង (Xi Jinping) សុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសចិន ហើយនឹងសុន្ទរកថារបស់មន្ត្រីជាន់ខ្ពស់ប្រទេសចិន គឺភាគច្រើនលោកមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ពាក្យសម្ដី ក្នុងការបញ្ជូនសារជាសាធារណៈ។ អ៊ីចឹងនេះគឺ សរបញ្ជាក់ឱ្យឃើញថា បើទោះបីដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ដែលមានចេតនាអ្វីក៏ដោយ ប៉ុន្តែភាគីទាំងពីរហ្នឹង ទាំងសហរដ្ឋអាមេរិក ទាំងប្រទេសចិនដែលជាអ្នកគ្រប់គ្រងកោះតៃវ៉ាន់ គឺសុទ្ធតែមានការប្រុងប្រយ័ត្នខ្ពស់។ 

សំណួរទី៣៖ តើហេតុអ្វីបានជាដំណើរទស្សនកិច្ចមួយនេះ វាធ្វើឱ្យមានភាពរសើបខ្លាំងទៅដល់រដ្ឋាភិបាលចិន រហូតដល់ថ្នាក់រដ្ឋាភិបាលចិនប្រកាសអំពីការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ផងដែរ? 

រឿងនេះវាប្រាកដជារសើបចំពោះរដ្ឋាភិបាលចិន ពីព្រោះសហរដ្ឋអាមេរិក គឺជាគាត់លេងបៀរ២សន្លឹក មានន័យថាគាត់បង្កឱ្យមានភាពតានតឹងនៅក្នុងកោះតៃវ៉ាន់ ដូចជាការបង្ហាញនូវការគំរាមកំហែងរបស់ប្រទេសចិន ហើយគាត់លក់អាវុធទំនើបៗដែលមានតម្លៃរាប់ពាន់លានទៅកាន់កោះតៃវ៉ាន់។ ហើយម្យ៉ាងវិញទៀត រឿងនេះបើសិនជា យើងជាគ្រួសារមួយ ដែលត្រូវបានអ្នកផ្សេងចូលមកជ្រៀតជ្រែក យើងប្រាកដជាមានការខឹងសម្បាដែរ។ មូលហេតុដែលប្រទេសចិនមានការខឹងសម្បាយ៉ាងខ្លាំងនោះ ពីព្រោះប្រទេសចិនតែងតែបានអះអាងម្ដងហើយម្ដងទៀត ថាកោះតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួនតែប៉ុណ្ណោះ ហើយសហរដ្ឋអាមេរិកដែលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់នេះ គឺថាលោកស្រី Pelosi ខ្លួនឯងហ្នឹងគឺបានប្រកាសក្នុងជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ហ្នឹង គឺថាអាមេរិកគាំទ្រលទ្ធិប្រជាធិបតេយ្យ គាំទ្រតៃវ៉ាន់ផ្សេងៗជាដើម។ អ៊ីចឹងគឺជាមូលហេតុទាំងអស់ហ្នឹងហើយដែលធ្វើឱ្យប្រទេសចិនកាន់តែមានភាពខឹងសម្បារកាន់តែខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ ពីព្រោះដូចខ្ញុំបានបញ្ជាក់ខាងដើមអ៊ីចឹងថា កោះតៃវ៉ាន់ត្រូវបានប្រទេសចិនអះអាងថាគ្រាន់តែជាខេត្ត ឬជាផ្នែកមួយរបស់ប្រទេសខ្លួនតែប៉ុណ្ណោះ។

ហើយដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ដែលជាប្រធានសភាសហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ហ្នឹង គឺវាស្មើទៅនឹងដំណើរទស្សនកិច្ច ជាផ្លូវរដ្ឋរបស់ថ្នាក់ដឹកនាំប្រទេសមួយទៅកាន់ប្រទេសមួយទៀត។ អ៊ីចឹងយើងគិតទៅថា បើកាលណាចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងហើយ គឺប្រាកដជាមានការខឹងសម្បាហើយ។ និយាយបែបនេះគឺថាខ្ញុំមិនគោរពចំពោះការសម្រេចចិត្តរបស់របស់កោះតៃវ៉ាន់ទេ ក៏ប៉ុន្តែជាក់ស្ដែងយើងយោងទៅតាមកិច្ចព្រមព្រៀង ដែលប្រទេសចិនឬសហរដ្ឋអាមេរិកបានធ្វើជាមួយគ្នានៅក្នុងឆ្នាំ១៩៧២នោះ គឺមានន័យថាសហរដ្ឋអាមេរិកបានទទួលស្គាល់គោលនយោបាយចិនតែមួយហើយ។ ហើយក្រោយមកយើង បើយើងមិនគោរពអ្វីដែលជាការសន្យារបស់ខ្លួនវិញនោះ នោះដៃគូឬក៏ភាគីម្ខាងនៃកិច្ចព្រមព្រៀងនៃកិច្ចសន្យានោះប្រាកដជាមានការខឹងសម្បាហើយ។ យ៉ាងណាៗដូចដែលខ្ញុំបានបញ្ជាក់អ៊ីចឹង បើយើងគិតថារបស់ណាមួយ វាគឺជាទ្រព្យសម្បត្តិរបស់យើងហើយមានអ្នកផ្សេងចូលមកជ្រៀតជ្រែក យើងប្រាកដជាមានការខឹងសម្បា។ ក្នុងន័យនេះក៏ដូចគ្នាដែរ ប្រទេសចិនដែលតែងតែគិតថាកោះតៃវ៉ាន់គឺជាដែនអធិបតេយ្យភាពរបស់ខ្លួនហើយសហរដ្ឋអាមេរិកចូលមកជ្រៀតជ្រែកគឺប្រទេសចិនប្រាកដជាខឹងសម្បា ចំពោះទង្វើ និងសកម្មភាពរបស់សហរដ្ឋអាមេរិកនេះ។

សំណួរទី៤៖   បើយើងក្រឡេកទៅមើលភាពតានតឹងក្នុងការប្រកួតប្រជែងរវាងមហាអំណាចទាំងពីរសហរដ្ឋអាមេរិក និងប្រទេសចិន គឺបានកើនឡើងមួយកម្រិតទៀតហើយនៅក្នុងពេលនេះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីប៉ុន្មានថ្ងៃមុន។ ពាក់ព័ន្ធទៅនឹងបញ្ហានេះថាតើ (វាគ្មិន) យល់ឃើញថាវានឹងជះឥទ្ធិពលទៅដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលយ៉ាងដូចម្ដេចខ្លះ?

បើយើងនិយាយអំពីការជះឥទ្ធិពលវិញនោះ គឺខ្ញុំចង់រំឭកបន្តិចអំពីវិបត្តិដែលកើតមាន នៅក្នុងប្រទេសអ៊ុយក្រែនដោយសារតែការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ ពិភពលោកយើងហាក់ដូចជាជួបរឿងផ្ទួនៗ បន្ទាប់អំពីវិបត្តិកូវីដទៅ ដែលធ្វើឱ្យពិភពលោកផ្អាកសកម្មភាពមួយចំនួន ដូចជាការហោះហើរជាដើម ហើយក្រោយមកស្ថានភាពហ្នឹងវាបានវាហាក់ជាដូចជាធូរស្រាលបន្តិច។ ប៉ុន្តែបន្ទាប់ពីគ្នានោះ ក្រោយពីការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន យើងឃើញថាវិបត្តិក្នុងសកលលោក វាកើតឡើងមួយសារទៀតធ្វើឱ្យមានវិបត្តិចំណីអាហារ និងប៉ះពាល់ទៅដល់ប្រទេសផ្សេងៗ ដូចជាការឡើងថ្លៃនៃតម្លៃប្រេង ការខ្វះខាតនៃចំណីអាហារជាដើម។ ដោយប្រទេសរុស្ស៊ីនិងអ៊ុយក្រែន គឺនៅឆ្ងាយអំពីប្រទេសអាស៊ាន ប៉ុន្តែផលប៉ះពាល់វានៅតែកើតមានចំពោះបណ្ដាប្រទេសដែលមួយចំនួន ឬបណ្ដាប្រទេសស្ទើរតែទាំងអស់អ្នកដែលប្រើប្រាស់ប្រេងហ្នឹង។

អ៊ីចឹងយើងពិបាកនឹងនិយាយថា ការមានវិបត្តិនៅប្រទេសចិន ឬកោះតៃវ៉ាន់ ខ្ញុំមិនចង់ឃើញមានជាវិបត្តិ ឬមានជាសង្គ្រាមទេ ប៉ុន្តែបើវាកើតមានមែននោះ គឺយើងលំបាកនឹងការបដិសេធថាផលប៉ះពាល់ផ្សេងៗ វាប្រាកដជាមិនកើតមាន ចំពោះប្រទេសនៅក្នុងតំបន់នោះទេ ពីព្រោះផលប៉ះពាល់ប្រាកដជាមាន បើសិនជាមានការប៉ះទង្គិចដោយការប្រើប្រាស់សព្វាវុធឬក៏ប្រើប្រាស់កម្លាំងអ្វីផ្សេងៗ វាប្រាកដជាប៉ះពាល់ចំពោះប្រទេសអាស៊ាន ឬក៏ចំពោះប្រទេសកម្ពុជាយើងផ្ទាល់។ សព្វថ្ងៃពិភពលោកយើងគឺតូចណាស់ បើទោះបីយើងមានប្រទេសច្រើន ឬធំទូលាយក៏ពិតមែន ប៉ុន្តែតាមរយៈការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា ដែលនាំឱ្យពិភពលោកយើងអាចហៅថាពិភពលោកមួយដ៏តូចចង្អៀត សម្រាប់មនុស្សជាតិរបស់យើង។

អ៊ីចឹងវិបត្តិដែលកើតមាននៅកន្លែងណាមួយហើយ អ្នកនៅតំបន់ផ្សេងហ្នឹង គឺប្រាកដជាប៉ះពាល់ហើយ។ អ៊ីចឹងបើមានសង្គ្រាមនៅទីណា វិបត្តិនោះវាប្រាកដជារីកសាយភាយទៅកាន់តំបន់ ឬក៏ទៅកាន់ប្រទេសផ្សេងបាន។ អ៊ីចឹងផលប៉ះពាល់ផ្សេងៗ ខ្ញុំជឿជាក់ថាប្រាកដជាមាន ប៉ុន្តែយ៉ាងណាខ្ញុំបញ្ជាក់ម្តងទៀតថា ខ្ញុំជឿជាក់ថាប្រទេសចិនលោក នឹងមិនប្រើធម៌ក្ដៅ ដែលនាំឱ្យមានវិបត្តិជាសកលនោះទេ បើសិនជាមិនមានការញុះញង់ ឬការចាក់រុកអំពីប្រទេសផ្សេង។ ខ្ញុំជឿជាក់ថា ប្រទេសចិនប្រាកដជាមានការអត់ធ្មត់ខ្ពស់ចំពោះដំណោះស្រាយជាមួយនឹងកោះតៃវ៉ាន់។

************

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងតាមដានព្រឹត្តិការណ៍អន្តរជាតិ

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner