ចិនអះអាងជាថ្មីពីការគំរាមប្រើកម្លាំងយោធា ដើម្បីដាក់បញ្ចូលតៃវ៉ាន់ជារបស់ខ្លួន
ប៉េកាំង៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានអះអាងសារជាថ្មីនូវការគំរាមរបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីនាំយកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនដីគោក ចំពេលមានការគំរាមកំហែងតាមរយៈការធ្វើសមយុទ្ធយោធារបស់ចិន ដែលបានបង្កើនភាពតានតឹងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
សេចក្តីថ្លែងការណ៍របស់ចិនបានបញ្ជាក់ថា ទីក្រុងប៉េកាំងស្វែងរកការបង្រួបបង្រួមដោយសន្តិភាពជាមួយតៃវ៉ាន់ ប៉ុន្តែមិនសន្យាថា នឹងបោះបង់ចោលការប្រើប្រាស់កម្លាំងយោធាទេ ហើយរក្សាជម្រើសចាំបាច់ទាំងអស់។
ជាមួយគ្នានេះ ចិនបាននិយាយថា ខ្លួនក៏កំពុងកាត់ផ្តាច់ការសន្ទនាលើបញ្ហាសន្តិសុខដែនសមុទ្រ រហូតដល់បញ្ហានៃការប្រែប្រួលអាកាសធាតុជាមួយសហរដ្ឋអាមេរិក ដែលជាប្រមុខយោធា និងជាអ្នកគាំទ្រនយោបាយរបស់តៃវ៉ាន់។
ចិនបានបន្ថែមថា វិធានការគំរាមកំហែងនេះ ត្រូវបានជំរុញដោយដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីសប្តាហ៍មុន ដោយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ប៉ុន្តែតៃវ៉ាន់និយាយថា ដំណើរទស្សនកិច្ចបែបនេះគឺជាទម្លាប់ ហើយថា ចិនបានប្រើវាគ្រាន់តែជាលេសក្នុងការគំរាមកំហែងរបស់ខ្លួន។
បន្ថែមលើនេះ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់បានព្រមាននៅថ្ងៃអង្គារសប្តាហ៍នេះថា សមយុទ្ធយោធារបស់ចិនឆ្លុះបញ្ចាំងពីមហិច្ឆតា ដើម្បីគ្រប់គ្រងតំបន់ដ៏ធំនៃតំបន់ប៉ាស៊ីហ្វិកខាងលិច ខណៈដែលតៃប៉ិបានធ្វើសមយុទ្ធផ្ទាល់ខ្លួនដើម្បីបញ្ជាក់ពីការត្រៀមការពារខ្លួន។
សូមរម្លឹកផងដែរថា តៃវ៉ាន់បានបំបែកខ្លួនចេញពីចិនដីគោក ចំពេលមានសង្រ្គាមស៊ីវិលក្នុងឆ្នាំ១៩៤៩ ហើយប្រជាជន ២៣លាននាក់របស់កោះនេះបានប្រឆាំងយ៉ាងខ្លាំង ចំពោះការបង្រួបបង្រួមនយោបាយជាមួយប្រទេសចិន ខណៈដែលចូលចិត្តរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ និងស្ថានភាពនៃឯករាជ្យភាពជាក់ស្តែង៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា