លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបគណៈប្រតិភូគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ផាម តឹត ថាំង (PHAM TAT THANG) សមាជិកមជ្ឈិមបក្ស និងជាអនុប្រធានប្រចាំការគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ផាម តឹត ថាំង (PHAM TAT THANG) ក៏បានថ្លែងនូវការកោតសសើរដល់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរកាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នា តាមរយៈ ការជួបសន្ទនាគ្នាតាមទូរសព្ទ័ តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជាច្រើនលើក ដើម្បីសួរសុខទុក្ខគ្នា និងការគាំទ្រគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ។
ភាគីទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់រវាងគណបក្ស និងប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជំនួបនេះក៏បានឯកភាពលើការជំរុញស្ថាប័នគណបក្ស អង្គការមហាជន និងគណបក្សខេត្ត ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្តសហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុភាគីនានា ដើម្បីចូលរួមដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ។
ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តលើលទ្ធផលជាផ្លែផ្កា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជា អ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ៕ដោយ ថេត វិចិត្រ+ហេង សម្បតិ្ត