ប្រមុខការទូតកំពូលកូរ៉េខាងត្បូង និងចិនសន្យាអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ
ប៉េកាំង៖ ប្រមុខការទូតកំពូលកូរ៉េខាងត្បូង និងចិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មដែលមានស្ថិរភាព នៅពេលដែលការប្រកួតប្រជែងកាន់តែស៊ីជម្រៅរវាងប្រទេសចិន និងសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ផាក ជីន និង វ៉ាង យី នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា បន្ទាប់ពីកិច្ចប្រជុំរបស់ពួកលោកនៅទីក្រុងឈីងតាវ ភាគខាងកើតប្រទេសចិន បានអំពាវនាវឱ្យមានការអភិវឌ្ឍន៍ទំនាក់ទំនងដោយផ្អែកលើទំនាក់ទំនងពាណិជ្ជកម្មជោគជ័យរយៈពេលបីទសវត្សរ៍។
បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ប្រទេសទាំងពីរក៏បានយល់ព្រមបន្តកិច្ចពិភាក្សា “ពីរបូកពីរ” ក្នុងកម្រិតអនុរដ្ឋមន្រ្តីការបរទេស និងការពារជាតិនៅក្នុងឆ្នាំនេះផងដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ បានបញ្ជាក់ថា លោក វ៉ាង និងលោក ផាក បានការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅ ជុំវិញការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលរបស់អាមេរិក (THAAD) ហើយអ្នកទាំងពីរបានសម្តែងក្តីសង្ឃឹមថា បញ្ហានេះនឹងមិនក្លាយជាឧបសគ្គនៅក្នុងទំនាក់ទំនងទ្វេភាគីឡើយ។
លោក ផាក បានអំពាវនាវទៅកាន់ចិនឱ្យជួយបញ្ចុះបញ្ចូលកូរ៉េខាងជើង ត្រឡប់ទៅរកតុចរចាលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលលោកបានហៅថា “ការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក” ចំពោះសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង លោក វ៉ាង បានប្រាប់លោក ផាក ថា ចិននឹងបន្តខិតខំប្រឹងប្រែងដែលអាចធ្វើទៅបាន ដើម្បីរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ។ ជាមួយគ្នានេះ លោក ផាក ក៏បានសម្តែងក្តីសង្ឃឹមថា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា