សាលាធម្មសភា និង សមិទ្ធផលនានាក្នុងវត្តរតនគុណារាម មានតម្លៃជាង ៣២ម៉ឺនដុល្លារ ត្រូវបានធ្វើពិធីបុណ្យឆ្លង ដាក់ឱ្យប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា
បន្ទាយមានជ័យ៖ សមិទ្ធផលជាច្រើនរួមមាន សាលាធម្មសភា ព្រះវិហារ កុដិ ក្លោងទ្វារ របងវត្ត វច្ចកុដិ (បន្ទប់ទឹក) ឈាបនដ្ឋាន (ប៉ាឆា) កប្បិយកុដិ(រោងបាយ) រូបសំណាក និង ចាក់ធ្លាវត្ត ដោយចំណាយថវិកាសរុប ៣២៤.០៩៨ ដុល្លារសហរដ្ឋអាមេរិក ត្រូវបានធ្វើពិធីបុណ្យឆ្លងនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្នុងវត្តរតនគុណារាម (រោងគោ)ឃុំ ចំណោម ស្រុកមង្គលបូរី ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ និង លោកជំទាវ ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ការរីកចម្រើនលូតលាស់សមិទ្ធផលនានាជាច្រើនស្ទើរគ្រប់វត្តអារាម នាបច្ចុប្បន្ននេះគឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាពពេញលិញ។
ឯកឧត្តម អ៊ុ រាត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លា រួមសាមគ្គីគ្នាចំណាយទ្រព្យធនផ្ទាល់ខ្លួន ជួយកសាងនូវសមិទ្ធផលនានាក្នុងវត្តនេះបានរួចរាល់ជាស្ថាពរទុកសម្រាប់ព្រះសង្ឃបានប្រើប្រាស់ ទៅតាមតម្រូវការ ។ ជាពិសេសសូមថ្លែង អំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទៅបោះឆ្នោត និងការពារសុវត្ថិភាព ក្នុងពេល និងក្រោយពេលបោះឆ្នោតដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយជោគជ័យគ្មានអំពើហិង្សា និងគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោត ច្រើនលើសលប់ស្ថិតក្រោមម្លប់សន្តិភាព សុខដុមរមនានៃអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំនាវាកម្ពុជាឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការការពារអនុវត្តឲ្យបានតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺឆ្លងកូវីដ១៩ និងក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រៀមលក្ខណៈដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលគណៈកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប) បានកំណត់ យក ថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
គណៈអធិបតីក៏បានបំពាក់នូវគ្រឿងឥស្សរិយយស និងបណ្ណសរសើរ ប្រគេន ដល់ព្រះដល់ព្រះសង្ឃ និង ជូនដល់សប្បុរសជន ឧបាសក ឧបាសិកា ដែលចូលរួមកសាងសមិទ្ធផលជាច្រើនក្នុងផ្នែកពុទ្ធចក្រ និងអណាចក្រ ឱ្យមានការរីកចម្រើន នាឱកាសនោះផងដែរ ៕
ដោយ៖ ឃិន គន្ធា