ធនាគារពិភពលោក:សេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ក្នុងអត្រា ៧.៥ភាគរយនៅឆ្នាំនេះ
បរទេស ៖ ធនាគារពិភពលោក (World Bank) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងកើនឡើង ក្នុងអត្រា ៧.៥ភាគរយនៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងឆមាសទីមួយ។
តាមរយៈរបាយការណ៍របស់ខ្លួនចេញផ្សាយកាលពីដើមសប្តាហ៍នេះWB បានអះអាងថា សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៧.៧ភាាគរយនៅក្នុងត្រីមាសទីពីរ ខណៈដែលអ្នកប្រើប្រាស់ពេញចិត្តនឹងតម្រូវការកើនឡើង និងការមកដល់របស់ភ្ញៀវទេសចរបរទេសបានកើនឡើង។ រីឯអតិផរណាវិញ ធនាគារបានព្យាករថា ជាមធ្យម ៣.៨ភាគរយសម្រាប់ឆ្នាំនេះ។
ប៉ុន្តែធនាគារនេះបានព្រមានថា ហានិភ័យជាច្រើននៅតែមាន រួមទាំងការធ្លាក់ចុះនៃកំណើន និងការជាប់គាំងនៅក្នុងទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាម ការកើនឡើងតម្លៃទំនិញ និងការរំខានបន្តនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ បញ្ហាប្រឈមក្នុងស្រុក រួមមានការបន្តកង្វះកម្លាំងពលកម្ម ហានិភ័យនៃអតិផរណាខ្ពស់ និងហានិភ័យផ្នែកហិរញ្ញវត្ថុកើនឡើង។
លោកស្រី Carolyn Turk នាយកធនាគារពិភពលោក ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ចក្នុងអត្រាដែលចង់បាន វៀតណាមត្រូវបង្កើនផលិតភាពពី ២-៣ ភាគរយជារៀងរាល់ឆ្នាំ៕ ប្រភពពី VNexpress , ប្រែសម្រួល:សារ៉ាត