លោកយាយ លោកតាចាស់ជរា ចំនួន ២៤៥គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប បានទទួលអំណោយរបស់រាជរដ្ឋាភិបាល
សៀមរាប៖ អំណោយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបានផ្តល់ជូនដល់មនុស្សចាស់ជរាក្រីក្រចំនួន ២៤៥គ្រួសារ ស្ថិតនៅក្នុងបរិវេណវត្តខ្នារធ្នង់ ភូមិគោករមាស ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ ។
លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍សំណេះសំណាល ដោយបានលើឡើងអំពីការអនុវត្តឱ្យខាងតែបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាជំហានៗ ជាក់ស្តែងក្នុងការជួយដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាត ។ លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឆ្នើម បាននឹងកំពុងបន្តពុះពារជំនះការលំបាក និងឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញឱ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានា នៅក្នុងសកលលោកផងដែរ។
លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេស កុមារកំព្រា កុមារងាយរងគ្រោះ ស្ត្រី ជនចាស់ជរា ជនពិការ អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ទទួលបាននូវសិទ្ធិយ៉ាងពិតប្រាកដដោយផ្អែកលើមូលដ្ឋានមិនបោះបង់ មិនរើសអើង បណ្តុះបណ្តាលវិជ្ជាជីវៈ សមាហរណកម្មទៅសហគមន៏វិញ ដោយមានការចូលរួមពីគ្រប់ភាគីដៃគូរអភិវឌ្ឍន៏ជាដើម។ អំណោយដែលបងប្អូនប្រជាពលរដ្ឋទទួលបាន ក្នុងម្នាក់ៗ រួមមាន៖ កន្ទេល១ មុង១ សំពត់១ អង្ករ១ការ៉ុង មី១កេស ភួយ១៕ ដោយ ស៊ាន សុផាត