ការអភិរក្សនិងដាំក្រវាញបែបលក្ខណៈធម្មជាតិបានជួយលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន
ខេត្តពោធិ៍សាត់ ៖ ដើម្បីរក្សានូវពូជក្រវាញ ក៏ដូចជាការអភិរក្សនូវធនធានធម្មជាតិប្រជាសហគមន៍ជាច្រើននាក់នៅក្នុងតំបន់ជួរភ្នំក្រវាញចាប់ផ្តើមដាំស្តារក្រវាញឡើងវិញ។ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តស្រុកវាលវែងខេត្តពោធិ៍សាត់ និងមួយភាគនៅស្រុកសំឡូតខេត្តបាត់ដំបង ប្រជាសហគមន៍ បានយល់ច្បាស់ពីតម្លៃនៃធម្មជាតិ ដែលផ្តល់ប្រយោជន៍ដល់ជីវភាពរបស់ពួកគាត់។
រយៈពេល ២ ទៅ៣ឆ្នាំមកនេះ ប្រជាសហគមន៍តំបន់ការពារធម្មជាតិភូមិភ្នំទំព័រ និងសហគមន៍តំបន់ការពារធម្មជាតិអូរជាំ ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបាននាំគ្នាដាំស្តារឡើងវិញដើមក្រវាញនៅតំបន់ព្រៃសហគមន៍ និងតាមលំនៅដ្ឋាន។
ការដាំ និងស្តារនូវពូជក្រវាញទាំងនេះធ្វើឡើងដើម្បីអភិរក្សក្រវាញឱ្យជាប់គង់វង្សតាមសហគមន៍ធ្វើយ៉ាងណាឱ្យរក្សាបានគង់វង្សនូវពូជក្រវាញ។ក្រៅពីនេះពលរដ្ឋមិនចាំបាច់ឡើងភ្នំ និងដើរដកកណ្តៀងក្រវាញតាមធម្មជាតិដែលធ្វើឱ្យបាត់បង់នូវពូជក្រវាញនៅថ្ងៃខាងមុខ។
លោក កែវ ពក រស់នៅក្នុងភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបណ្តុះនិងដាំ ក្រវាញជាង ១០០ដើមនៅជុំវិញចំការក្បែរភូមិ។ការដាំពូជក្រវាញនេះគឺជាជំហ៊ានសាកល្បងលើកដំបូង ហើយក៏ជាការជោគជ័យរបស់លោកផងដែរ។
ពូជក្រវាញទាំងនេះគាត់បានដកពីលើព្រៃភ្នំ ហើយយកមកធ្វើការបណ្តុះដាំ។ រយៈពេលជិតកន្លះឆ្នាំមកនេះឃើញថាកូនក្រវាញរបស់គាត់ ដុះរីកធំធាត់ជាបណ្តើរៗហើយ។ ក្នុងចំណោមក្រវាញទាំងនេះខ្លះក៏អាចហុចផលខ្លះដែរ សម្រាប់លក់ ដែលអតិថិជនទិញសម្រាប់យកទៅបរិភោគ។
លោក កែវ ពក បានរៀបរាប់ថានៅសហគមន៍លោកបានចាប់ផ្តើមបណ្តុះកូនក្រវាញបន្តបន្ទាប់ ហើយការបណ្តុះនេះគឺសម្រាប់ធ្វើពូជ ហើយកាលណាបានពូជហើយ គឺលោកនឹងបណ្តុះលក់បន្តបន្ទាប់ទៀត។ សម្រាប់ក្នុងតំណាក់កាលសាកល្បងនេះឃើញថានៅចំនួនតិចតួច តែក៏លោកមានមោទកភាពដែរពីព្រោះថាក្រវាញរបស់លោកបានដុះ និងហុចផលផងដែរ ។
លោក ទេស ថន ប្រធានសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័របានឱ្យដឹងថា ប្រជាសហគមន៍ចាប់ផ្តើម នាំគ្នាបណ្តុះដើមក្រវាញសម្រាប់ធ្វើពូជបន្តបន្ទាប់ផងដែរ។លោកបានបំផុសឱ្យប្រជាពលរដ្ឋនាំគ្នាដាំក្រវាញ ដើម្បីនៅថ្ងៃខាងមុខបញ្ឈប់ការដកហូតក្រវាញ តាមធម្មជាតិបន្តទៀត ហើយត្រូវដាំដុះក្រវាញ ដើម្បីលក់ទៅតំបន់ផ្សេង ដែលជាផ្នែកមួយសម្រាប់រកប្រាក់ចំណូលផ្តត់ផ្គង់ជីវភាពគ្រួសារ យ៉ាងសំខាន់។
លោក ទេស ថន បានឱ្យដឹងដែរថាភ្នំក្រវាញ មានដើមក្រវាញជាអន្តសញ្ញា ហើយក្រវាញនៅទីនេះដុះតាមធម្មជាតិ មានរស់ជាតិឆ្ងាញ់ពិសារ។ ភ្ញៀវទេសចរណ៍មកដល់កន្លែងនេះតែងចង់ភ្លក្សរស់ជាតិរបស់វាជានិច្ច។ ហេតុនេះ ប្រជាសហគមន៍បានចាប់ផ្តើមស្គាល់ពីតម្លៃនៃដើមក្រវាញ ដែលបានបង្កើនចំណូលក្នុងគ្រួសារគ្រប់រដូវ និងបានចូលរួមអភិរក្សក្រវាញនៅតាមតំបន់ជួរភ្នំ។ សហគមន៍បានរៀបចំបណ្តុះជាកូនក្រវាញ ដើម្បីយកទៅដាំក្នុងដីបម្រុងទុកប្រមាណជាង៥ហិចតាថែមទៀត។
មិនឆ្ងាយប៉ុន្មាពីភ្នំទំព័រ សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូជាំ បានកំពុងដំណើការដាំស្តាដើមក្រវាញនៅតាមតំបន់ព្រៃសហគមន៍បានល្អប្រសើរ។
លោក វ៉ឺនវឺ អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំស្ថិតនៅកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងបានឱ្យដឹងថា ប្រជាពលរដ្ឋនៅសហគមន៍លោកមួយចំនួនបានចាប់ផ្តើមធ្វើការបណ្តុះពូជក្រវាញ ដើម្បីលក់លើទីផ្សារចៀសវាងដើរដកហូតក្រវាញតាមធម្មជាតិ ដែលក្រៅពីនាំឱ្យបាត់បង់ធនធានធម្មជាតិ ហើយនៅជួបការលំបាកក្នុងការធ្វើដំណើរផ្លូវឆ្ងាយថែមទៀត។
តាមពិតក្រវាញគឺរុក្ខជាតិយើងអាចធ្វើការបណ្តុះសម្រាប់ផ្គត់ផ្គង់ទីផ្សារបាន ហេតុនេះវាមិនជួបការលំបាកក្នុងការដាំដុះបន្តពូជវាទេ។ ដោយឡែកម្ហូបពីក្រវាញ គឺបានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ ហើយវាជាអាហារអ្នកទេសចរណ៍ មកដល់ហើយតែងសួររកវា។ ហេតុនេះការបណ្តុះពូជវាជារឿងចាំបាច់បំផុតសម្រាប់រក្សាពូជក្រវាញ និងដើម្បីឱ្យកូនចៅជំនាន់ក្រោយទៀត បានស្គាល់វាយូរអង្វែងទៅថ្ងៃខាងមុខ។
គួរបញ្ជាក់ថា ក្រវាញដុះជាលក្ខណៈធម្មជាតិច្រើន នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ក្នុងជួរភ្នំក្រវាញ។ កណ្តៀងក្រវាញមិនត្រឹមតែយកទៅធ្វើម្ហូបមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្តែថែមទាំងមានអត្ថប្រយោជន៍ដូចជាឱសថ ព្រោះពេលទទួលទានហើយ គឺដើរខ្យល់ និងបែកញើសស្រួលខ្លួន។ តាមពិត ក្រវាញមាន ២ប្រភេទ ដែលប្រភេទទី១ ដើមរបស់វាស្រដៀងនឹងដើមពន្លៃ ឬរំដេងដែលអ្នកស្រុកដាំនៅតាមផ្ទះផងដែរដែរ រីឯប្រភេទទី២ វាមានដើមខ្ពស់បែកមែកសាខាដូចដើមឈើដទៃ។ ចំពោះប្រភេទទី១ វាមានក្លិនក្រអូបប្រហើរ និងរសជាតិហឹរប្រហាតៗ អាចយកទៅធ្វើជាបន្លែ ដូចជា ឆា ឬស្ល ហើយធ្វើជាឱសថព្យាបាលជំងឺ ឬក៏យកទៅផលិតជាប្រេងខ្យល់ ប្រេងកូឡា និងឱសថកែរោគផ្សេងៗ ។ ចំណែកប្រភេទទី២ អ្នកស្រុកច្រើនតែទៅចាំងយកសម្បកមកដាំទឹកផឹក ឬចិញ្ច្រាំធ្វើជាឱសថបុរាណ ។ វាមានក្លិនក្រអូបប្រហើរដូចប្រភេទទី១ដែរ ៕ដោយ៖ម៉ាដេប៉ូ