លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ម្ដាយក្មេ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងត្រូវជាម្ដាយបង្កើត លោកជំទាវ ទេព រង្ស៉ី នារសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត បានទទួលមរណភាពកាលពីវេលាម៉ោង ០៩៖១៥ ព្រឹក ថ្ងៃអង្គារ៍ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវក៏បានសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ជាមួយ ឯកឧត្តម លោកជំទាវ ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះ កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
លោកជំទាវកិត្តិសិង្គហបណ្ឌិតបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ឆាប់បានកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ ថេត វិចិត្រ+ហេង សម្បតិ្ត