កម្ពុជា-វៀតណាមធ្វើកិច្ចសហប្រតិបត្តិការ ពង្រឹងវិស័យអប់រំ កម្រិតឧត្តមសិក្សា

ភ្នំពេញ ៖ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម ងឿន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ និងជាតំណាងសាកលវិទ្យាល័យមួយចំនួន នៃប្រទេសវៀតណាម មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមពិព័រណ៍អប់រំវៀតណាម ក្នុងឱកាសសប្តាហ៍វប្បធម៌វៀតណាមនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីក្រសួងអប់រំ
យុវជននិងកីឡា ។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើការពង្រឹងប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យអប់រំឧត្តមសិក្សានៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម ដែលទាក់ទងនឹងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០២៥ ដែលភាគីនៃប្រទេសទាំងពីរនៅតែបន្តអនុវត្ត បើទោះបីជាមានបញ្ហាកូវិដ១៩ កើតឡើងកន្លងមកក៏ដោយ។ចំពោះបញ្ហានិស្សិតអាហារូបករណ៍តំណាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរនឹងពិភាក្សាលម្អិតទៅលើកាស្នាក់នៅ ហូបចុក និងការជ្រើសរើសនិស្សិតដែលមានសមត្ថភាពទៅតាមជំនាញ និងតម្រូវការការងារនៅក្នុងប្រទេសនាបច្ចុប្បន្ន ភាគីទាំងពីរក៏បានពិភាក្សាផងដែរ ទៅលើការសិក្សាភាសាវៀតណាម ដល់និស្សិតកម្ពុជា មុននឹងចេញទៅសិក្សានៅប្រទេសវៀតណាម និងនិស្សិតវៀតណាម សិក្សាភាសាខ្មែរមុននឹងចេញមកសិក្សានៅប្រទេសកម្ពុជា ដើម្បីបង្កើននូវគុណភាពបណ្តុះបណ្តាលទៅតាមជំនាញនីមួយៗ ។

ឯកឧត្តម ពិត ចំណាន បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាងសាកលវិទ្យាល័យមួយចំនួន នៃប្រទេសវៀតណាម ដែលដឹកនាំដោយឯកឧត្តមអនុរដ្ឋមន្ត្រីអប់រំ និងបណ្តុះបណ្តាលវៀតណាម ងឿន វ៉ាន់ ហ្វុក។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ពិត ចំណាន សង្ឃឹមថា តាមរយៈនៃកិច្ចប្រជុំទ្វេភាគីនាថ្ងៃនេះ ពិតជាបានបង្កើនប្រសិទ្ធភាពមួយកម្រិតថែមទៀតក្នុងការពង្រឹងទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner