កម្មករនិយោជិតជាងប្រាំម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ ទទួលបានការ ផ្សព្វផ្សាយ អំពីការ ផ្តល់ជូនប្រាក់សោធននិវត្តន៍

កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា កម្មករ និយោជិតដែលចូលនិវត្តន៍ គឺអាចទទួលបានប្រាក់សោធន ដូច មន្ត្រីរាជការដែរចាប់ពីចុងឆ្នាំ២០២២នេះតទៅ។ ដូច្នេះបងប្អូនអាច រស់ នៅ បានសុខស្រួល ពេលដែលបញ្ចប់ការងារនៅតាមបណ្តា រោងចក្រ សហគ្រាស។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូចនេះក្នុងឱកាស ឯកឧត្តម អញ្ជើញ ជួបសំណេះសំណាល និងបើកការផ្សព្សព្វផ្សាយ បេឡាជាតិ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន (ប្រាក់ចូលនិវត្តន៍) ជាមួយ កម្មករ និយោជិត នៅរោងចក្រ Wha Sun H.K Co.,Ltd ដែលមាន កម្មករ និយោជិតប្រមាណជិត៥.០០០នាក់។

ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា សុខសន្តិភាព បានបង្ក លក្ខណៈ ងាយស្រួល និងឱកាសដល់អ្នកវិនិយោគជាច្រើន មករកស៊ី ក្នុងប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែកសម្រាប់ ខេត្តកំពង់ស្ពឺ ដែលបានធ្វើឱ្យបងប្អូន មានការងារធ្វើគ្រប់ៗគ្នា ហើយ តាមរយៈការងារនេះដែរ គឺបានជួយជ្រោងសេដ្ឋកិច្ចគ្រួសារឱ្យ បានរីក ចម្រើន ផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទន្ទឹមនឹងឱកាសការងារដែលបងប្អូន កូន ក្មួយបាននិងកំពុងធ្វើសព្វថ្ងៃនេះ កន្លងមកគឺមិនដែលទទួលបាន ប្រាក់ សោធនក្រោយចូលនិវត្តន៍ការងារនោះទេ តែក្រោមការគិតគូគ្រប់ ជ្រុងជ្រោយ និងគ្រប់ច្រកល្ហករបស់រាជរដ្ឋាភិបាលដែលមាន សម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានធានាដល់ ហានិភ័យ ការងារ មានសេវាសុខាភិបាលសាធារណៈគ្រប់គ្រាន់ ព្យាបាល ដោយមិនអស់ ប្រាក់ ហើយពេលនេះ ប្អូនៗ កូន ក្មួយ មានសេវាផ្នែកប្រាក់ សោធន ទៀត ដែលបានធ្វើឱ្យបងប្អូន កូនក្មួយ អាចចូលនិវត្តន៍ បានដូចមន្ត្រី រាជការផងដែរ។

ឯកឧត្តម ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងតែ រៀបចំ កិច្ចប្រជុំត្រីភាគី ដើម្បីគិតគូរដំឡើងប្រាក់ឈ្នួលជូនបងប្អូន កូនក្មួយ កម្មករ និយោជិត សម្រាប់ឆ្នាំ២០២៣នេះជាបន្តទៀត។ ទាំងអស់នេះបានសបញ្ជាក់ពី សមត្ថភាពដ៏ឈ្លាសវៃ និងការគិត គូររបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់នៃសុខសន្តិភាព។

បើតាមលោក ចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តកំពង់ស្ពឺ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការ៩០ថ្ងៃ ដោយចាត់ឱ្យនៃមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត សហការជាមួយបេឡាជាតិ របបសន្តិសុខសង្គម រាជធានី-ខេត្ត ចុះធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយជូនដល់បងប្អូន កម្មករ និយោជិត ទូទាំងប្រទេស នូវអត្ថប្រយោជន៍ផ្សេងៗជូនដល់ បងប្អូន កម្មករ និយោជិត ក្រោយពីរាជរដ្ឋាភិបាល បានចាប់ផ្តើមអនុវត្តបេឡាជាតិរបប សន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលនឹងចាប់ផ្តើមដំណើរការពី ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងភ្នាក់បេឡាជាតិ របប សន្តិសុខសង្គម (បសស) បានធ្វើការផ្សព្វផ្សាយស្តីពីប្រាក់សោធន ជូនដល់ កម្មករ និយោជិត បានចំនួន ៣៦រោងចក្រ សហគ្រាស និងបានផ្សព្វផ្សាយជូន កម្មករ និយោជិតបានជាងប្រាំម៉ឺននាក់ រួចហើយ៕ដោយ ៖ ម៉ុន សំអាន

ads banner