អាមេរិក​ក្លាយ​ជា​ប្រទេស​ទី២៣​ក្នុងការ​​​ផ្តល់សច្ចាប័ន​​​លើ​ការ​ស្នើ​សុំចូលជាសមាជិក​ណាតូ​របស់ហ្វាំងឡើង​និង​ស៊ុយអែត ខណៈ៧នៅ​រង់ចាំ​ប្រទេស​៧​ផ្សេងទៀត​

រហូត​ដល់​ថ្ងៃ​ទី​១០​ខែ​សីហា ប្រទេ​ស​២៣​ក្នុង​ចំណោម​ប្រទេស​​សមាជិក​នៃ​អង្គការ​សន្ធិសញ្ញា​​​អាត្លង់ទិក​ខាងជើង (NATO) បានផ្តល់​​សច្ចាប័ន​​សម្រាប់​ការ​សុំ​ចូល​​​ជា​សមាជិក​ថ្មី​​​​​​របស់​ប្រទេស​ហ្វាំង​ឡង់ ​និង ស៊ុយអែត​ ដែល​នៅ​ជាប់​ព្រំដែន​​ប្រទេសមហាយក្ស​រុស្ស៊ី និង​​ភិតភ័យ​​​​​ក្រោយ​​​ការ​​លើក​ទ័ព​​ចូល​លុកលុយ​​ប្រទេស​​អ៊ុយក្រែន​​​​ពីសំណាក់រុស្ស៊ី។​

ប្រទេស​​សមាជិក​អង្គការ​ណាទូច​ចាស់​​​ចំនួន​៧​​​ដែល​មិន​ទាន់​បានផ្តល់​សច្ចាប័ន​រួម​មាន  ប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ ​សាធារណៈរដ្ឋ​ឆែក ​ស្លូវ៉ាគី ​ហុងគ្រី ​ក្រិច​ និង តួកគី ចំណែក​ប្រទេសអាមេរិក​​​​បាន​ក្លាយ​ជា​ប្រទេស​ទី​២៣​ក្នុងការ​អនុម័យ​​លើ​ការ​ផ្តល់សច្ចាប័ន​នេះ។ ​​​នេះ​បើយោង​តាម​  Atlantic Council ដែល​ជាក្រុម​​ស្រាវជ្រាវ​​ ( Think Tank)​ដែល​មាន​មូលដ្ឋាន​នៅសហរដ្ឋ​អាមេរិក។​

​​រដ្ឋសភា​ទាំង​ពីរ​ថ្នាក់​​​របស់​សហរដ្ឋ​អាមេរិក បាន​អនុម័ត​​​ផ្តល់​​សច្ចាប័ន​​​​កាល​ពីថ្ងៃទី៣​ខែសីហា ហើយប្រធានាធិបតី​អាមេរិក លោក​ ចូ បៃដិន បាន​ចុះ​​ហត្ថលេខា​លើ​​​ការ​ផ្តល់​សច្ចាប័ន​​នៅ​ថ្ងៃ​ទី​៩​ខែសីហា​​ឆ្នាំ​​២០២២​នេះ​ បន្ទាប់​ពី​ប្រទេស​ដែលស្ថិត​នៅ​​​តំបន់​ខាងជើង​ទ្វីបអឺរ៉ុប និង​អាត្លង់ទិក​ខាងជើង​ ដែល​គេ​ហៅថា​ «Nordic» ទាំងពីរ បានដាក់ពាក្យ សុំដាក់បញ្ចូល​ក្នុងសម្ព័ន្ធភាពយោធា​ណាតូ​តិចជាង​​បីខែ បន្ទាប់ពីកងទ័ពរុស្ស៊ី​បានឈ្លានពាន​អ៊ុយក្រែន។​

ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ចូ​ បៃដិន (Joe Biden) កាល​ពីថ្ងៃ​អង្គារ​បាន​ចុះហត្ថលេខា​លើពិធីសារ​ចូលជាសមាជិករបស់អង្គការណាតូសម្រាប់ហ្វាំងឡង់ និងស៊ុយ​អែត ដោយធ្វើ​​ឱ្យ​សម្ព័ន្ធភាព​ការពារជាតិ​ឱ្យ​កាន់តែ​ខិតទៅជិត​គ្នា​ចំពោះ​ការបន្ថែម​សមាជិក​កម្រិត​ខ្ពស់​ផ្នែក​យោធា​ចំនួន​ពីរ ចំពេលមានការវាយលុកបន្តរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះ​បើ​តាមការ​ចេញ​ផ្សាយ​​​របស់ Politico​។

ការ​អនុម័ត​របស់​​ប្រធានាធិបតី​អាមេរិក​​ក្រោយ​ពី​​មាន​ការ​គាំទ្រ​ដ៏លើស​លប់​ពី​សភា​​ទាំងពីរ​កម្រិត​​​នៅ​សម័យ​ប្រជុំ​​ក្នុង​រដូវក្តៅនេះ​ ដោយ​ព្រឹទ្ធសភាបា​ន​ផ្តល់​សច្ចាប័ន​លើកិច្ចព្រមព្រៀង​កាលពី​សប្តាហ៍មុន។

​ប្រធានាធិបតី​អាមេរិក បាន​ថ្លែង​​នៅ​​អំឡុង​ពិធី​​​ចុះ​ហត្ថលេខា​​លើ​ពិធីសារ​​នោះថា៖«​កាលពីប៉ុន្មានខែមុន ខ្ញុំបានស្វាគមន៍ប្រធានាធិបតី Niinistö នៃប្រទេសហ្វាំងឡង់ និង​នាយករដ្ឋមន្ត្រី Andersson នៃប្រទេសស៊ុយអែតទៅកាន់សេតវិមាន ដើម្បី​បង្ហាញ​ពីការ​គាំទ្រ​ដ៏រឹងមាំ​ដែល​សហរដ្ឋអាមេរិកមាន​ចំពោះការសម្រេចចិត្តរបស់ហ្វាំងឡង់ និង​ស៊ុយអែត​ក្នុង​ការ​ដាក់ពាក្យចូលជាសមាជិកអង្គការណាតូ»។

​​លោក បៃដិន បន្ត​ថា៖«​ប្រទេស​ទាំងពីរ​​ដែលមានមោទនភាព និង​ឯករាជ្យ​ដែល​​ប្រទេ​ស​​នីមួយៗ​មាន​ប្រពៃណីដ៏យូរលង់ ជាប្រពៃណីដ៏យូរអង្វែងនៃការមិនចូលបក្សសម្ព័ន្ធ អនុវត្ត​សិទ្ធិ​អធិបតេយ្យភាព​របស់ពួកគេក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនអំពីសន្តិសុខរបស់ពួកគេ និង​ឆ្លើយតប​ទៅ​នឹងឆន្ទៈ​របស់​ពលរដ្ឋ​របស់ពួកគេ អនុវត្តតាម​ដំណើរការ​ប្រជាធិបតេយ្យ​ដែល​ពួកគេ​មាន ដោយជ្រើសរើសចូលរួមជាមួយអង្គការណាតូ»​។

ប្រធានាធិបតី​អាមេរិកដែល​ជា​​​​ប្រទេស​ដឹកនាំ​អង្គការ​​ប្រដាប់​អាវុធនិង​នយោបាយ​ណា​តូនេះ បាន​ចាត់ទុក​​បេក្ខភាព​របស់​ប្រទេស​​ហ្វាំង​ឡង់ និង ស៊ុយអែត​​សំខាន់​សម្រាប់​អង្គការ​ណា​តូ ដោយសារ​តែ​ប្រទេស​ទាំងពីរ​នេះ​ជាប្រទេស​អ្នក​មាន​ និង មាន​កងទ័ព​ខ្លាំង​។

លោក​បៃដិន​និយាយថា៖​«​​វា​ជា​ពេល​វេលា​មួយ​ដែល​ខ្ញុំ​ជឿជាក់​ថា​នៅក្នុង​សម្ព័ន្ធភាព​និង​សម្រាប់​សន្តិសុខ​និង​ស្ថិរភាព​កាន់តែ​អស្ចារ្យ​មិន​ត្រឹមតែ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​សម្រាប់​ពិភពលោក​។ ហើយ​ថ្ងៃ​នេះ យើងចាត់វិធានការ​សំខាន់មួយទៀត ឆ្ពោះទៅ​នាំស៊ុយអែត និងហ្វាំងឡង់ ចូលទៅក្នុងអង្គការណាតូ»។

យោង​តាម forces.net ប្រទេស​អឺរ៉ុប​ណាមួយអាចចូលរួមជាមួយណាតូ ដរាបណា​ប្រទេស​នេះបង្ហាញ​ថា​ខ្លួន​អាច​បំពេញ​​កាតព្វកិច្ចសមាជិកភាពដូចជាការរួមចំណែកផ្នែកយោធា និង​សេដ្ឋកិច្ច។ នោះរួម​បញ្ចូល​ទាំងការដាក់យ៉ាងហោចណាស់២​ភាគរយនៃផលិតផលក្នុងស្រុក​សរុប​របស់​ខ្លួន​ឆ្ពោះ​ទៅរកការការពារជាតិ និងការយល់ព្រម​ចំពោះច្បាប់​ការពារជាតិរួម​របស់​ណាតូ ដែល​ជា​យន្តការ​​​ដែលតម្រូវឱ្យសមាជិកចូល​មកការពារគ្នា​ទៅវិញ​ទៅមក​ក្នុង​ករណី​មាន​ការវាយប្រហារ។

ប្រទេសហ្វាំងឡង់ និងស៊ុយអែតត្រូវបានគ្រោងក្លាយជារដ្ឋសមាជិកទី ៣១ និងទី ៣២ របស់​​អង្គការ​ណាតូ។​ ការ​ពង្រីកអង្គការណាតូថ្មីៗបំផុតបានកើតឡើងនៅក្នុងខែមីនា ឆ្នាំ២០២០​នៅពេល​ដែល​ប្រទេសម៉ាសេដូនខាងជើង​បានចូលរួម​ជាមួយ​ក្រុមនេះ។ ប្រទេស​ បូស្នៀ និង​ហឺហ្សេហ្គោវីណា​ ហ្សកហ្ស៊ី ​និង​អ៊ុយក្រែន​ក៏បាន​បញ្ជាក់​ពីចំណាប់​អារម្មណ៍​របស់ពួកគេ​ក្នុង​ការចូលរួម​​​ជាមួយ​អង្គការ​ណាតូដែរ។

ប៉ុន្តែ​វា​ជារឿ​ង​អកុសល ដែល​ប្រទេស​​រុស្ស៊ី​​បាន​រារាំង​ប្រទេសអ៊ុយក្រែន​​មិន​ឲ្យ​ចូល​អង្គការ​ប្រដាប់​អាវុធ​នេះ ដោយ​យល់​ថា ​អង្គការ​ណា​តូ​​​​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​​នឹង​​គំរាម​កំហែង​​ផ្នែក​សន្តិសុខ​​ដល់​ប្រទេសរុស្ស៊ីដែលជា​មហាអំណាច​​​មួយ។

​ប្រទេសហ្វាំងឡង់​និង​​ស៊ុយអែត​ដែលស្ថិត​នៅ​​​តំបន់​ខាងជើង​ទ្វីបអឺរ៉ុប និង​អាត្លង់ទិក​ខាងជើង​ ដែល​គេ​ហៅថា «Nordic» បាន​ដាក់​ពាក្យស្នើ​ចូល​​អង្គការ​​សម្ព័ន្ធ​មិត្ត​យោធា​​ NATO យ៉ាង់​តក់​ក្រហល់​​​បន្ទាប់​ពីឃើញ​​ប្រទេសរុស្ស៊ី​​​​លើក​ទ័ពចូលឈ្លាន​ពាន​ប្រទេសអ៊ុយ​ក្រែន​ដែលជារដ្ឋ​អធិបតេយ្យ​​​​​នៅជាប់​ប្រទេសរុស្ស៊ី​ដូច​ខ្លួន​ដែរ។

គោល​បំណង​នៃ​ការ​ចូល​ជាសមាជិក​របស់​អង្គការ​នេះ​ក៏ព្រោះតែ​​​ក្តីពឹងថា​​ ​ក្នុង​ពេល​​ខ្លួន​​​បាន​ក្លាយ​ជាសមាជិក​នៃ​អង្គការ​យោធា​នេះ​ពេញសិទ្ធិ អង្គការ​នេះ​នឹងជួយ​ការ​ពារខ្លួន​ ឬ​ជួយខ្លួន​ក្នុង​ការ​ប្រយុទ្ធ​​​ក្នុងករណី​ដែល​​ប្រទេស​រុស្ស៊ី​ឈ្លាន​ពាន​​ដូច​ករណី​​អ៊ុយក្រែន​។

ប៉ុន្តែ​បំណង​​​របស់​ប្រទេស​ទាំង​ពីរ​​ដែល​ទទួលបាន​ការ​ព្រមានខ្លះ​ៗ​ពីប្រទេសរុស្ស៊ី​នោះ​ ក៏​​ខក​ខាន​ទៅ​វិញ​ដោយសារ​​​ ប្រទេស​តួកគី​ដែល​​​​ស្ថិត​នៅ​តំបន់​មជ្ឈឹម​បូព៌ា​​​​ក្នុង​អាស៊ី​ភាគ​ខាងលិច ដែល​បានចូល​ជាសមាជិក​របស់​អង្គការ​សន្ធិសញ្ញាអាត្លង់​ទិក​​ខាង​​ជើង​​ក្នុង​ខែ​កុម្ភៈឆ្នាំ​១៩៥២​ បានបដិសេធ​​​សមាជិក​ភាព​នៃ​ប្រទេសទាំង​ពីរ​។

ក្នុងហេតុផល​​​​ដែល​តួកគី​​ប្រឆាំង​ការ​ចូល​ជាសមាជិក​ភាព​​​នៃ​អង្គការ​ណាតូ​របស់​ប្រទេស​ហ្វាំង​ឡង់ និង​ ស៊ុយអែត ដោយ​​​ចោទ​ប្រកាន់​​ប្រទេស​ទាំង​ពីរ​នេះ​​​​ថា​ បាន​គាំទ្រ​​​ក្រុម​សកម្ម​ប្រយុទ្ធ​ប្រដាប់អាវុធ​​​​ឃឺដ (PKK) ដែល​ប្រទេសតួកគី​ចោទ​ថា ជា​ពួកភេរវករ​​​បំបែ​កខ្លួន​​​​ធ្លាប់​ប្រយុទ្ធ​ជាមួយ​​កង​កម្លាំង​​ជាមួយ​​​​​តួកគី​ផង​​។​​​

កាលពីថ្ងៃទី១៨ ខែឧសភា ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំអង្គការណាតូ លោក Klaus Korhonen និងសមភាគីស៊ុយអែត លោក Axel Vernhoff បាន​ប្រគល់​ពាក្យ​សុំចូល​ជា​សមាជិក NATO របស់ប្រទេសរបស់ពួកគេជាផ្លូវការទៅឱ្យ​ លោក ស្តូលតេនប៊ើច (Stoltenberg​) ដែល​ជា​អគ្គលេខាធិ​ការ​អង្គការ​ណាតូ​។

យោង​តាម​បណ្តាញ​ព័ត៌មាន CNBC របស់​អាមេរិក លោក​ រ៉េសិប ​​តៃ​យីប​​ អេរដូហ្គែន​(RecepTayyip Erdogan) ប្រធានាធិបតី​តួកគី​បាន​​និយាយ​​នៅពេល​ក្រោយ​នៅថ្ងៃ​ដដែលនោះថា សាធារណរដ្ឋរបស់លោកនឹងរារាំងការ​​ខិត​ខំ​​ចូលជា​សមាជិកភាព​របស់​ប្រទេស Nordic​ ទាំងពីរ លុះត្រាតែ​ពួកគេ​ពិនិត្យ​ឡើងវិញ​នូវ​គោលជំហរ​របស់​ពួកគេ​ចំពោះ​អង្គការ​ភេរវករ ពោលគឺគណបក្សពលករឃឺដ (PKK) ដែល​ត្រូវបាន​ចាត់តាំងដោយ​ទីក្រុង​អង់ការ៉ា។ កាលពីថ្ងៃទី​២១​​ឧសភា ក លោក​ រ៉េសិប ​​តៃ​យីប​​ អេរដូហ្គែន​(RecepTayyip Erdogan)បាននិយាយថា ប្រទេស​របស់លោក​នឹង​គាំទ្រស៊ុយអែត និង​ហ្វាំងឡង់ ចូលរួម​ជាមួយអង្គការណាតូ ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​បានបង្ហាញ​យ៉ាងច្បាស់​ពី​សាមគ្គីភាព​របស់​ពួកគេ​​ជាមួយ​នឹង​ការព្រួយបារម្ភរបស់​​ប្រទេសតួកគី​​ក្នុងវិស័យសន្តិសុខ៕

ប្រភព៖ Atlanticcouncil

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner