​​អ៊ុយ​ក្រែនចោទរុស្ស៊ី​​បានបាញ់​​​ផ្លោង​​ចូល​តំបន់ភាគកណ្តាល​និង​សម្លាប់​ជនស៊ីវិល​ និង​បំផ្លាញ​​​ហេដ្ឋារចនាសម្ព័ន្ធសង្គម​ច្រើន​

មន្ត្រី​អ៊ុយ​ក្រែន​​បាន​អះអាង​នៅ​ថ្ងៃ​ទី១០​ខែសីហា​ថា ការបាញ់ផ្លោងពេញ​មួយយប់​​របស់​រុស្ស៊ី​បាន​​សម្លាប់​មនុស្ស​​យ៉ាងហោចណាស់ ១៣​នាក់​នៅខេត្ត​ ​​ Dnipropetrovsk ស្ថិត​នៅ​ភូមិ​ភាគ​​កណ្តាល​នៃ​ប្រទេស​អ៊ុយក្រែន​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​រ៉យទ័រ​។​

លោក Valentyn Reznychenko អភិបាលខេត្ត Dnipropetrovsk បាន​និយាយ​កាល​ពីថ្ងៃពុធ​ទី១០​ខែ​សីហា ថា​ អគារជាង​២០​ត្រូវបានខូចខាតនៅក្នុងទីក្រុង Marganets ដែល​ជាទីក្រុងមួយឆ្លងកាត់ទន្លេ Dnipro ពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya ដែល​​​កំពុង​​កាន់​កាប់​​ដោយរុស្ស៊ី​ ដែល​ជាកន្លែង​ដែល​មាន​របាយការណ៍​ផ្សេង​ទៀត​នៃការបាញ់​ផ្លោង។

​​​សេចក្តី​រាយការ​ណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​​នៅ​អង់គ្លេស​នេះ បាន​ឲ្យ​ដឹងថា ជាមួយ​គ្នា​នេះ ​ចារកម្ម​​របស់​ចក្រភពអង់គ្លេសបាននិយាយថា ប្រទេសរុស្ស៊ី «ស្ទើរតែ​ប្រាកដ​ណាស់» ​បាន​​បង្កើត​កងកម្លាំង​ជើងគោក​ថ្មី​​ដ៏សំខាន់មួយដើម្បីគាំទ្រសង្រ្គាមរបស់ខ្លួន។

លោក Reznychenko ​បាននិយាយថា ការវាយប្រហារនេះបានបំផ្លាញខ្សែថាមពលមួយ ធ្វើឱ្យ​មនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។ លោកបានបន្ថែមថា ការវាយ​ប្រហារ​នេះបាន​បំផ្លាញផ្ទះសំណាក់មួយ សាលារៀនចំនួនពីរ សាល​ប្រគុំតន្ត្រីមួយ អគារ​សាលធំ​នៃ​ក្រុមប្រឹក្សា និង​មូលដ្ឋានរដ្ឋបាលផ្សេងៗទៀត។

​​យោង​តាមរ៉យទ័រ​​ក្រសួងការពារជាតិអង់គ្លេស​បាននិយាយ​នៅក្នុងព្រឹត្តិបត្រព័ត៌មាន​សម្ងាត់​ប្រចាំថ្ងៃថា កងកម្លាំងរុស្ស៊ីថ្មីដែលហៅថា «កងទ័ពទី៣ (the 3rd Army Corps)»​ ​​ដាក់​​មូលដ្ឋាន​នៅក្នុងទីក្រុង Mulino ភាគខាង​កើតនៃរដ្ឋធានី Moscow របស់​រុស្ស៊ី។

ក្រសួងក៏បាននិយាយផងដែរថា មេបញ្ជាការកងទ័ព​រុស្ស៊ីកំពុងប្រឈមមុខនឹង «អាទិភាព​ប្រតិបត្តិការ​ប្រជែង​គ្នា​»​ នៃ​ការពង្រឹង​ការវាយលុក​របស់​ពួកគេ​នៅ​ក្នុង​តំបន់ដុនបាស (Donbas) នៅ​ភាគ​​​ខាង​កើត ក៏ដូចជា​ការពង្រឹង​ការការពារ​ប្រឆាំង​នឹងការវាយបក​របស់អ៊ុយក្រែន​នៅភាគ​ខាងត្បូង។

បន្ទាប់​ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានីកៀវ​របស់អ៊ុយក្រែននៅដើមសង្រ្គាម​ កងកម្លាំង​រុស្ស៊ី​បានផ្តោតលើភាគខាងកើត និងខាងត្បូង​ ជាកន្លែង​ដែល​ពួក​បំបែក​ខ្លួន​គាំទ្រ​ទីក្រុងម៉ូស្គូ​បាន​គ្រប់គ្រង​ទឹកដីចាប់តាំងពីរុស្ស៊ី​បានបញ្ចូល​ឧបទ្វីបគ្រីមៀក្នុងឆ្នាំ២០១៤​។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់​បានស្នើ​ថា ការផ្ទុះ​ជាបន្ត​បន្ទាប់​នៅ​ឯមូលដ្ឋាន​ទ័ព​អាកាសរុស្ស៊ី​នៅគ្រីមៀ​អាចជាស្នាដៃរបស់អ្នកបំផ្លិចបំផ្លាញ ខណៈក្រុងកៀវ​បាន​បដិសេធ​រាល់ការ​ទទួល​ខុសត្រូវ​ចំពោះ​ឧបទ្ទវហេតុ​ដ៏ជ្រៅ​នៅក្នុងទឹកដីដែលកាន់កាប់ដោយរុស្ស៊ី​៕

ប្រភព៖ Straitstimes

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner