ក្រសួងវប្បធម៌កម្ពុជា និងភាគីវៀតណាមសហការគ្នា បើកព្រឹត្តិការណ៍សប្តាហ៍ វប្បធម៌វៀតណាម នៅកម្ពុជា ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៥៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ

ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានបើកនូវព្រឹត្តិការណ៍ “សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២” ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍“សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២នារាត្រី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសាល សន្និ សីទចតុម្មុខឯកឧត្តម ហ័ង ដាវគួងអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានស្វាគមន៍ យ៉ាង កក់ក្តៅនិងថ្លែងអំណរគុណចំពោះលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រ កម្ពុជា ភ្ញៀវអន្តរជាតិ គណៈប្រតិភូនិងភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីបើកនិងការសម្តែងសិល្បៈ ក្នុងក្របខណ្ឌសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ នាឱកាសខួបអនុស្សាវរីយ៍លើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនង ការទូតរវាងវៀតណាមនិងកម្ពុជា និងអបអរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម ២០២២។

ឯកឧត្តមបន្តថាវៀតណាមនិងកម្ពុជា មានទំនាក់ទំនងជាសាមគ្គីភាព មិត្តភាពបែបប្រពៃណី និងជាអ្នកភូមិផងរបងជាមួយគ្នា។ សម្រាប់ទំនាក់ទំនងការទូតជាងកន្លះសតវត្សរ៍ យើងមានក្តីសោមនស្សបានឃើញជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការលើ វិស័យនានា រវាងប្រទេសទាំងពីរ ដែលមានការវិវឌ្ឍន៍កាន់តែខ្លាំងឡើងនិងត្រូវបានបណ្តុះក្នុងវិធីសាស្ត្រដ៏ស៊ីជម្រៅនិង ជាក់ស្តែង។ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ទទួលបានសមិទ្ធិផលជាច្រើនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗ ដែលចូលរួមការនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សកម្មភាពវប្បធម៌នានារបស់ប្រទេសទាំងពីរដែលត្រូវបានរៀបចំជាទៀងទាត់ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាព មិត្តភាព និងការស្វែងយល់ពីគ្នាទៅវិញទៅមកដែលផ្តល់ឱ្យនូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃប្រទេសនីមួយៗ។ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញដែលបង្កប់នូវតម្លៃវប្បធម៌ ប្រពៃណីកម្ពុជា និងនៅទីក្រុងសៀមរាប -ទីក្រុងវប្បធម៌អាស៊ាន ដែលបេតិកភណ្ឌវប្បធម៌ពិភពលោកជាច្រើនត្រូវ បានអភិរក្ស។ សកម្មភាពវប្បធម៌នេះ មានអត្ថន័យដ៏សំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងវៀតណាមនិងកម្ពុជា សម្រាប់ឆ្នាំ២០១៨-២០២២។

ក្នុងន័យនេះ វៀតណាម សូមធ្វើការបង្ហាញសម្រស់វប្បធម៌វៀតណាមជូនដល់ប្រជាជនកម្ពុជា និងមិត្តភក្តិអន្តរជាតិតាមរយៈ ការ សម្តែង សិល្បៈ ការសម្តែងតន្ត្រីប្រពៃណីនិងរបាំបាឡេវៀតណាម ការតាំងពិព័រណ៍ស្តីពីវប្បធម៌និងការអប់រំវៀតណាម និងបេតិកភណ្ឌពិភពលោកវៀតណាមដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ឯកឧត្តមជឿជាក់ថា សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការបង្រួបបង្រួម លើកកម្ពស់ និងការអភិវឌ្ឍទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំស្ថិតស្ថេរយូរអង្វែង” រវាងប្រទេសទាំងពីរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មាន សារសំខាន់នេះ រៀបចំឡើងចំពេលដែលប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ប្រារព្ធខួបអនុស្សាវរីយ៍លើក ទី៥៥នៃ ការបង្កើត ទំនាក់ទំនង ការទូត។ ព្រឹត្តិការណ៍សម្តែងសិល្បៈចម្រុះនៅរាត្រីនេះ កើតចេញពីការសហការគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។

លោកជំទាវបន្តថា ព្រឹត្តិការណ៍នារាត្រីនេះ អាចចាត់ទុកថា ជាទំព័រថ្មី ដែលកម្ពុជានិងវៀតណាម បានសហការរៀបចំសប្តាហ៍ វប្បធម៌ ដោយសេរី និងរីករាយ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាម បន្ទាប់ពីការពន្យារពេលដោយសារជំងឺរាតត្បាត។ ព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបាន គឺពុំអាចបំភ្លេចបាន នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជម្នះរាល់ការលំបាកនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈនយោបាយវ៉ាក់សាំងទូទាំងប្រទេស។

លោកជំទាវ ជឿជាក់ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះបានផ្តល់ឱកាសដល់ប្រជាជននៃ ប្រទេសទាំងពីរក្នុងការស្វែង យល់ ពីគ្នាទៅវិញទៅមក និងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាព និងបងប្អូនភូមិផង របងជាមួយរវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញពីជំងឺរាតត្បាត។ ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ ដែលស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ មន្ត្រីជំនាញ និងក្រុមសិល្បៈនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី២៤ មិថុនា ១៩៦៧ រហូតមកដល់ឆ្នាំ២០២២នេះ គឺមានរយៈពេល៥៥ឆ្នាំហើយ ដោយទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner