លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប បើកវគ្គបណ្តុះបណ្តាល ស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២

ខេត្តកែប ៖ ដើម្បីធានាឱ្យបញ្ជីឈ្មោះបោះឆ្នោត មានភាពគ្រប់ជ្រុងជ្រោយពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាពសម្រាប់បម្រើឱ្យការបោះឆ្នោតជាសកល នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ លេខាធិការដ្ឋានរបៀបចំការបោះឆ្នោតខេត្តកែប បានបើវគ្គបណ្តុះបណ្តាលការងារស្រង់ស្ថិតិ ប្រជាពលរដ្ឋប៉ាន់ស្មាន បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២២ ជូនដល់ មន្រ្តីគជប មន្ត្រីនៃរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប៉ុស្តិ៍នគរបាល និងមេភូមិទូទាំងខេត្ត ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ព្រុំ គន្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកែប ។

លោក គី វុទ្ធី បញ្ជាក់ថា ដំណើរការស្រង់ស្ថិតិប្រជាពលរដ្ឋ គឺដើម្បីប្រមូលចំនួនប្រជាពលរដ្ឋរួមដែលមានសិទ្ធបោះឆ្នោត ចំនួនអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ចំនួនអ្នកទើបគ្រប់អាយុចុះឈ្មោះបោះឆ្នោត និងអ្នកដែលត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត ធ្វើជាមូលដ្ឋានក្នុងការកំណត់ចំនួន និងទីតាំងការិយាល័យបោះឆ្នោត ការិយាល័យចុះឈ្មោះបោះឆ្នោត សំដៅឱ្យដំណើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២២ ទួលបានលទ្ធផលល្អតាមការរំពឹងទុក ធានាឱ្យបញ្ជីឈ្មោះបោះឆ្នោត មានបច្ចុប្បន្នភាព និងធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបំពេញគ្រប់លក្ខខណ្ឌច្បាប់ ស្តីពីការបោះឆ្នោត ។

លោកប្រធានបញ្ជាក់ថា ដំណើការស្រង់ស្ថិតិប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២២នេះ នឹងត្រូវអនុវត្ត តាមនិតិវិធីថ្មីមួយចំនួន នៅថ្នាក់ឃុំ សង្កាត់ ស្របតាមស្មារតីនៃសេចក្តីណែនាំរួម ស្តីពី ការរៀបចំត្រៀមបម្រើឱ្យការពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដែល គ ជ ប និងក្រសួងមហាផ្ទៃបានសម្រេចជាផ្លូវការ។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាឱកាសនោះ លោក ព្រុំ គន្ធិ អភិបាលរងខេត្ត បានបញ្ជាក់ថា ផ្អែកតាមសេចក្តីណែនាំរួម រវាងក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការងាររៀបចំត្រៀមនេះ គឺជាភារកិច្ច និងមុខងារជា ភ្នាក់ងាររបស់រដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍ និងមេភូមិ ជាសេនាធិការ ដោយមានកិច្ចសហការ សម្របសម្រួលពីរដ្ឋបាលក្រុង ស្រុក ។ ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានក្រើនរំលឹក ដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវ៖

-យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ គ ជ ប
-ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្តអំពីការងារស្រង់ស្ថិតិ ពិសេសប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ដើម្បីឱ្យបានពួកគាត់ចូលរួមសហការតាមតួនាទីជាមួយអាជ្ញាធរឃុំ សង្កាត់។
-អនុវត្តឱ្យបានស្របតាមប្រតិទិនការងារស្រង់ស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់ ដែលបានកំណត់
-អាជ្ញាធរឃុំ សង្កាត់ ត្រូវពិនិត្យស្ថានភាពទីតាំងការិយាល័យបោះឆ្នោតនីមួយៗឡើងវិញផ្អែកតាមទីតាំងជាក់ស្ដែង និងបទពិសោធន៍ក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២។
-ពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិប្រជាពលរដ្ឋតាមឃុំ សង្កាត់របស់ខ្លួន ដែលរួមមានចំនួនប្រជាពលរដ្ឋរួម ចំនួនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង ចំនួនអ្នកបោះឆ្នោត នឹងអ្នកត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោត ចំនួនប្រជាពលរដ្ឋប៉ាន់ស្មានដែលមិនទាន់ចុះឈ្មោះបោះឆ្នោតទាំងអស់ក្នុងខេត្ត ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ចំនួន និងទីតាំងការិយាល័យបោះឆ្នោតជាដើម។ ជាពិសេសត្រូវខិតខំត្រង់ត្រាប់នូវបទបង្ហាញនានាក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ដើម្បីទទួលបាននូវចំណេះដឹងកាន់តែច្បាស់បន្ថែមទៀត អំពីគោលការណ៍ និតិវិធី និងវិធីសាស្ត្រនៃការ ស្រង់ស្ថិតិ ប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់យកទៅអនុវត្តតាមសមត្ថកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវ៕ SilaSarin

ads banner