ចិនចោទសហរដ្ឋអាមេរិកថា ជាអ្នកដុតបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែន

ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីលោក Zhang Hanhui បានហៅសហរដ្ឋអាមេរិកថា ជា “អ្នកជំរុញដ៏សំខាន់” ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងស្វែងរកការ “កំទេច” រុស្ស៊ី។

លោក Zhang Hanhui បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថា ក្នុងនាមជាអ្នកផ្តួចផ្តើម និងជាអ្នកជំរុញដ៏សំខាន់នៃវិបត្តិអ៊ុយក្រែន សហរដ្ឋអាមេរិកដែលដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកលើរុស្ស៊ី នៅតែបន្តផ្គត់ផ្គង់អាវុធ និងឧបករណ៍យោធាដល់អ៊ុយក្រែន។ គោលដៅចុងក្រោយរបស់ពួកគេ គឺកម្ទេចរុស្ស៊ីដោយធ្វើឱ្យសង្គ្រាមអូសបន្លាយពេលយូរ និងការជាប់គាំងនៃទណ្ឌកម្ម។

ជាមួយគ្នានេះដែរ លោក Zhang បានរិះគន់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី កាលពីសប្តាហ៍មុនទៅកាន់កោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថា ជារបស់ខ្លួន ហើយបាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមអនុវត្តយុទ្ធសាស្ត្រដូចគ្នានៅអ៊ុយក្រែន និងតៃវ៉ាន់ ដើម្បីស្តារឡើងវិញនូវស្មារតីនៃសង្រ្គាមត្រជាក់ ក្នុងបំណងទប់ស្កាត់ចិន និងរុស្ស៊ី ក៏ដូចជាបង្កឱ្យមានការប្រកួតប្រជែងគ្នា និងការប្រឈមមុខដាក់គ្នា។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង គឺជាគោលការណ៍ជាមូលដ្ឋាន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងពិភពលោករបស់យើង៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner