លោក ហ្សេលេនស្គី ៖ ការប្រយុទ្ធគ្នានៅតែបន្ត ដរាបណាអ៊ុយក្រែនដណ្តើមបានឧបទ្វីប គ្រីមៀ មកវិញ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាថា អ៊ុយក្រែននឹងបន្តប្រយុទ្ធជាមួយរុស្ស៊ី រហូតទាល់តែខ្លួនដណ្តើមគ្រប់គ្រងឧបទ្វីបគ្រីមៀ មកវិញ។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយថា សង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន… ប្រឆាំងនឹងអឺរ៉ុបសេរីទាំងមូល បានចាប់ផ្តើមជាមួយនឹងឧបទ្វីបគ្រីមៀ ហើយវាគួរតែបញ្ចប់ដោយគ្រីមៀ… ជាមួយនឹងការរំដោះរបស់ខ្លួន ដោយលោកបានប្តេជ្ញាថា ឧបទ្វីបគ្រីមៀ គឺជាអ៊ុយក្រែន ហើយយើងនឹងមិនបោះបង់វាឡើយ។

ឧបទ្វីបគ្រីមៀ បានបោះឆ្នោតយ៉ាងលើសលប់ដើម្បីរួបរួមជាមួយរុស្ស៊ី ក្នុងការបោះឆ្នោតប្រជាមតិឆ្នាំ ២០១៤។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហ្សេលេនស្គី បានអះអាងថា នឹងមិនមានសន្តិភាពនៅក្នុងសមុទ្រខ្មៅ និងតំបន់មេឌីទែរ៉ាណេនោះទេ ដរាបណារុស្ស៊ីអាចប្រើប្រាស់ឧបទ្វីបរបស់យើងធ្វើជាមូលដ្ឋានយោធា។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានទទួលស្គាល់ថា ខ្លួនមិនអាចនិយាយបានទេថាតើពេលណាដែលអ៊ុយក្រែន អាចទាមទារយកឧបទ្វីបគ្រីមៀមកវិញ ប៉ុន្តែលោក ហ្សេលេនស្គី បាននិយាយថា យើងកំពុងបន្ថែមសមាសធាតុថ្មីជានិច្ច ទៅក្នុងរូបមន្តរំដោះឧបទ្វីបនេះចេញពីកណ្តប់ដៃរបស់រុស្ស៊ី។

សូមរម្លឹកថា កាលពីខែមុន អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានអះអាងថា អ៊ុយក្រែននឹងប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច វាយកម្ទេចកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ដែលមានមូលដ្ឋាននៅទីក្រុងកំពង់ផែ ស៊ីវ៉ាស្តូប៉ូល គ្រីមៀ ហើយដណ្តើមយកឧបទ្វីបមកវិញ។ គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា ប្រតិបត្តិការបែបនេះ នឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ ឬក៏ពេលក្រោយ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner