មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ចំនួនសត្វខ្សឹបមានការកើនឡើង ខណៈកម្ពុជា មានវត្តមានសត្វខ្សឹបច្រើនជាងគេលើលោក

ខេត្តកំពង់ធំ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ចំនួនសត្វខ្សឹបនៅកម្ពុជា ពិសេសនៅខេត្តកំពង់ធំ ហាក់មានការកើនឡើងជាងឆ្នាំមុន ដោយសារវត្តមាននៃ សំបុកពងកូនកើនឡើង ដោយសារប្រសិទ្ធភាពនៃកិច្ចការងារ អភិរក្សរបស់ក្រសួងបរិស្ថាន ប្រជាពលរដ្ឋ និងអង្គការដៃគូ។ កម្ពុជាមានសត្វខ្សឹបរហូតដល់ជាង ៧០ភាគរយ នៃចំនួនសត្វខ្សឹបលើពិភពលោក។

ក្នុងឱកាសដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័នទស្សនកិច្ចនៅខេត្តកំពង់ធំ នៅថ្ងៃទី១១ ខែសីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់ថា ផ្អែកតាមអង្កេតជាក់ ស្តែងចំនួនសត្វខ្សឹបហាក់ មានការកើនឡើងជាងមុន ពោលអាចមានចន្លោះពី ៥០០ ទៅ ៥៥០ក្បាល នៅតំបន់ជុំវិញបឹងទន្លេសាប ពិសេសគឺខេត្តកំពង់ធំ ស្មើនឹងប្រមាណ ៧០ភាគរយ នៃចំនួនសត្វខ្សឹបនៅលើពិភពលោក។

ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការពាក់ព័ន្ធ បានផ្តល់សារៈសំខាន់បំផុត សម្រាប់កិច្ចការងារអភិរក្សសត្វខ្សឹប ដែលជាសត្វកម្រង។ សត្វខ្សឹប ត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុត នៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រមាណថា មានចំនួនតិចជាង ៨០០ក្បាលនៅលើពិភពលោក។ ការអភិរក្សសត្វខ្សឹបនេះ មិនត្រឹមតែជួយបង្កើនចំនួនសត្វខ្សឹបនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈការអភិរក្សសត្វនេះ បានធ្វើឲ្យប្រជាពលរដ្ឋទទួលបានចំណូលបន្ថែមពីទេសចរណ៍ ពីគម្រោងស្រូវនិរន្តរភាព និងគម្រោងចែកពូជក្របី ដល់ប្រជាសហគមន៍ជាសមាជិកថែមទៀតផង។

លោក មាស ថាន ប្រធានសហគមន៍តំបន់ការពារប្រឡាយ នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រសាសន៍ថា ប្រជាពលរដ្ឋជាសមាជិកសហគមន៍ មានចំនួន៣ភូមិ ស្មើនឹងចំនួន ៤២០គ្រួសារ។ ប្រជាសហគមន៍ បានទទួលផល និងចំណូលពីការអភិរក្សសត្វខ្សឹបនេះបានយ៉ាងច្រើន ក្នុងនោះសហគមន៍ ទទួលបានចំណូលប្រមាណ ១ម៉ឺនដុល្លារអាមេរិក ពីការនាំភ្ញៀវទៅមើលសត្វខ្សឹប ដោយថវិកាទាំងនោះ ត្រូវបានយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍសហគមន៍ ដូចជាសាងសង់សាលារៀន ជួសជុលផ្លូវ តបណ្តាញអគ្គិសនីជាដើម។ លោកថា ទេសចរម្នាក់ត្រូវចំនួន ១៥ដុល្លារអាមេរិក នៅពេលបានមើលឃើញសត្វខ្សឹបនៅ តំបន់ការពារ។ ពិសេសសហគមន៏ ក៏អាចរកចំណូលបានតាមរយៈការអភិរក្ស ពងសត្វខ្សឹប ក្នុងមួយសំបុកចំនួន ៣០ដុល្លារទៀតផង។

សូមជម្រាបថា ដើម្បីការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប» គ្របដណ្តប់លើផ្ទៃដីទំហំ ៣១ ១៥៩ ហិកតា ក្រោមអនុក្រឹត្យលេខ ៨៨. អនក្រ.បក លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាប ។ នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ទេរតំបន់ការពារ និងតំបន់អភិរក្សចំនួន ១៨កន្លែង ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មកឱ្យក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រង។ ដើម្បីពង្រឹងការងារគ្រប់គ្រង និងការងារអភិរក្សក្រសួងបរិស្ថាន បានស្នើសុំទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំតំបន់អភិរក្សសត្វខ្សឹប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយអនុក្រឹត្យចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ លើផ្ទៃដីទំហំ ៣១,១៥៩ហិកតា៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner