កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរយ៉ាងខ្លាំង សម្រាប់ ការរៀបចំយ៉ាងជោគជ័យនូវ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរ ចំពោះការធ្វើ ជាម្ចាស់ផ្ទះរៀបចំ ប្រកបដោយជោគជ័យនូវ កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេស អាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានី ភ្នំពេញ។នេះគឺជាចំណងជើងអត្ថបទរបស់អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិអន្តរជាតិដែលបានចេញផ្សាយ នៅថ្ងៃ ទី១១ខែសីហានេះ។

អត្ថបទដែលមានចំនួន១១ទំព័រ គឺ ជាការដក ស្រង់ខ្លឹមសារ ចេញពី អត្ថបទ / ការ វិភាគ / យោបល់ ដែលបាន ចុះផ្សាយក្នុងប្រព័ន្ធ ផ្សព្វផ្សាយ មួយចំនួន ៖
១.អបអរសាទរអាស៊ាន (បទវិចារណកថាដោយ Jakarta Post នៅ ថ្ងៃទី ៨ សីហា ២០២២)

  • ថ្លែងក្នុងនាមប្រធានអាស៊ាន រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានរំលឹកដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ដែលកំពុងចូល
    រួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) នៅថ្ងៃសុក្រ (០៥ សីហា) ថា រដ្ឋមន្រ្តីការបរទេសទាំងអស់ត្រូវតែរក្សាឱ្យបាននូវភាពអត់ធ្មត់ សេចក្តី ថ្លៃថ្នូរ សុជីវធម៌ល្អ និងកិច្ចពិភាក្សាប្រកបដោយអរិយធម៌។ សារនេះគឺច្បាស់លាស់ថា អាស៊ាន ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ មានបុព្វសិទ្ធិដើម្បីរៀបចំបទបញ្ញត្តិមួយចំនួន ហើយអ្នកចូលរួម ទាំង អស់ត្រូវតែគោរពឱ្យបានម៉ឺងម៉ាត់ មានន័យថា កុំមករញ៉េរញ៉ៃ ជាមួយប្រទេសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឱ្យសោះ ! ។
  • នៅចំកណ្តាលនៃភាពតានតឹងសកលដែលកំពុងតែកើនឡើងដោយសារតែការឈ្លានពានរបស់របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជា ការកើនឡើងនូវភាពតានតឹងរវាងចិន និងសហហរដ្ឋអាមេរិកលើ បញ្ហា កោះតៃវ៉ាន់ ពិភពលោកត្រូវការជាចាំបាច់នូវវេទិកាផ្លូវការមួយដែល យ៉ាង ហោចណាស់ក៏អ្នកចូលរួម អាចសម្តែងចេញនូវជំហររបស់ខ្លួន។ ហើយអាស៊ាន បានផ្តល់កន្លែងមួយដែលប្រទេសមហាអំណាចធំៗ របស់ ពិភពលោកមានអារម្មណ៍ថាខ្លួនមាន ផាសុខភាព។ អាស៊ានជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ តែងតែព្យាយាមមិនឱ្យផុងខ្លួននៅ ជាប់ ចំចំណុចកណ្តាលនៃការប្រយុទ្ធគ្នាដោយភ្ញៀវរបស់ខ្លួន។
  • ហេតុផលមួយក្នុងចំណោមហេតុផលទាំងឡាយដែលនាំឲ្យភ្ញៀវអាស៊ានគោរពច្បាប់ល្បែងនេះ គឺដោយសារតែអាស៊ានបានទទួលជោគជ័យ ក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងដ៏លំបាកបំផុតរបស់ខ្លួន ដោយការដាក់ ទណ្ឌកម្មរបបយោធាមីយ៉ាន់ម៉ាក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Min Aung Hlaing ចំពោះទង្វើដ៏ព្រៃផ្សៃរបស់ខ្លួន។ ជាការភ្ញាក់ផ្អើលសម្រាប់ប្រទេសជាសមាជិកមួយចំនួន សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញថា សម្ដេចជាប្រធានអាស៊ាន ដែលមានការទទួលខុសត្រូវចំពោះវេទិកាតំបន់នេះ បើទោះបីជាក្នុងចិត្ត របស់សម្ដេចប្រហែលជាប្រាថ្នាចង់នៅឲ្យឆ្ងាយពីកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ាក៏ដោយ។
  • ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបដែលប្រាកដប្រជានិយម សម្ដេច ហ៊ុន សែន បានទទួលស្គាល់ថា ការឈរនៅខាងមេដឹកនាំរបបយោធា ដែលឃោរឃៅ អាចនឹងនាំឲ្យស្រអាប់តួនាទីរបស់សម្ដេចក្នុងចំណោម មេដឹកនាំអាស៊ានតែប៉ុណ្ណោះ។ ក្នុងនាមជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេលើពិភពលោក សម្ដេចក៏មានបញ្ហានៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ ប៉ុន្តែ ដោយពុំ ចាប់ គិតអំពីចេតនាពិតរបស់សម្ដេច សម្ដេច ហ៊ុន សែន ស័ក្តិសមនឹង ទទួល បាននូវការទះដៃអបអរយ៉ាងកងរំពង។
  • នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម បានចុះហត្ថលេខាលើលិខិតុបករណ៍ នៃការ ចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិ ការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)។ ឥឡូវនេះ ប្រទេសចំនួន ៤៩ រួមទាំងសហរដ្ឋអាមេរិក ចិន ជប៉ុន បារាំង ចក្រភពអង់គ្លេស ឥណ្ឌា និងកាណាដា បានចុះហត្ថលេខា លើលិខិតុបករណ៍នៃការចូលជា សមាជិកនៃ TAC ។
  • ថ្ងៃនេះគឺជាខួបអនុស្សាវរីយ៍លើកទី៥៥ របស់អាស៊ាន។ សូមអបអរ សាទរ អាស៊ានចំពោះវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍ ដែលសម្រេច បានក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងភ្នំពេញ និងរីករាយថ្ងៃកំណើត របស់អាស៊ាន។
  • ២. អាស៊ាននៅអាយុ៥៥ឆ្នាំ៖ ការរស់រានមានជីវិត និងការទធាក់ជើង
  • (បទវិចារណកថាដោយ Kavi Chongkittavorn / Thai PBS World / ថ្ងៃទី០៦ សីហា ២០២២)
  • ក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន កម្ពុជាបានខិតខំប្រឹង ប្រែងយ៉ាងខ្លាំងនូវអ្វីដែលខ្លួនអាចធ្វើបានល្អបំផុត ដើម្បីបង្ហាញពី មជ្ឈភាព និងសាមគ្គីភាពអាស៊ាន។ លទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាន គឺជាតឹកតាងបញ្ជាក់ពីកិច្ច ខិតខំ ប្រឹងប្រែងប្រកបដោយភាពឧស្សាហ៍ ព្យាយាម។ ពិតណាស់ ប្រធានអាស៊ានបានស្ដារឡើងវិញនូវភាពអាចជឿជាក់បាន (credibility) ដែលខ្លួនសមនឹងទទួល បន្ទាប់ពីបានសាងកំហុស កាលពីមួយទសវត្សរ៍មុន។ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាជនកម្ពុជា គួរតែមានមោទនភាព។
  • អាស៊ាន ក៏បានអះអាងជាថ្មីអំពីការត្រៀមខ្លួននៅក្នុងការ ដើរតួនាទី ស្ថាបនាដើម្បីសម្របសម្រួលឱ្យមានកិច្ចសន្ទនាដោយសន្តិវិធីតាមរយៈយន្តការដឹកនាំដោយអាស៊ាន។ នៅក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ARF) ប្រទេសជាសមាជិកទាំង ២៧ បានចែករំលែកទស្សនៈ របស់ ខ្លួន អំពីបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ។ ការមានទស្សនៈរួម និងខុសគ្នារបស់ប្រទេសជាសមាជិក បានធ្វើ ឱ្យកិច្ចប្រជុំ ARF មានលក្ខណៈពិសេសប្លែកពីគេ ខណៈមហា អំណាចធំៗទាំងអស់នៅក្នុងពិភពលោកបានចូលរួម។ កាន់តែ ប្រសើរជាងនេះ

កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ដែល បានផ្ដល់លទ្ធភាពឱ្យតួអង្គក្នុងសកលលោកសំខាន់ៗ អាចជួបមុខគ្នា ដោយ ផ្ទាល់ដើម្បីផ្លាស់ប្តូរទស្សនៈ ដោយមិនមានការប្រឈមមុខ ដាក់គ្នា។

៣. កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥៖ កង្វល់ជា ច្រើនដើម្បីអ្វីៗគ្រប់យ៉ាង (ឬគ្មានអ្វី ទាំងអស់) (បទវិចារណកថា ដោយ Sharon Seah, Joanne Lin, Melinda Martinus / Fulcrum/ ០៨ សីហា ២០២២)……. ទាំងនេះ គឺជា ចំណុច សំខាន់ៗចំនួន៦ ដែលបូកសរុបកិច្ចប្រជុំ រួមមាន៖

១. ការវិវត្តនៅច្រកសមុទ្រតៃវ៉ាន់: ការសាកល្បងថ្មីមួយអំពីភាពម៉ឺងម៉ាត់សម្រាប់អាស៊ាន

  • ……. រដ្ឋមន្រ្តីការបរទេសអាស៊ាន មើលទៅហាក់បីដូចជាមិនរួញរា និងបានឆ្លើយតបយ៉ាងទាន់ពេលវេលា និងឆាប់រហ័ស តាមរយៈ ការចេញសេចក្តីថ្លែងការណ៍តែឯង ស្តីពី «ការវិវត្តនៅ ច្រកសមុទ្រ តៃវ៉ាន់»។ …… ចំពោះកេរ្ដិ៍ឈ្មោះរបស់អាស៊ាន សេចក្តីថ្លែងការណ៍ ដែលបានឯកភាព ជាឯកច្ឆន្ទបានគ្របដណ្តប់គ្រប់ជ្រុងជ្រោយទាំងអស់ ចាប់ពីការបង្ហាញពីក្ដីព្រួយបារម្ភអំពី «ការប្រែប្រួលក្នុងតំបន់» និង «ការគណនាខុសដែលអាចកើតមាន» រហូតដល់ការអំពាវនាវឱ្យមាន «ភាពអត់ធ្មត់ជាអតិបរមា» ជាដើម។ រឿងមួយដែលប្រាកដនោះគឺការអះអាងជាថ្មីយ៉ាងម៉ឺងម៉ាត់របស់ប្រទេសជាសមាជិកទាំងអស់ «គោរពគោលនយោបាយចិនតែមួយ» ។ សេចក្តីថ្លែងការណ៍នេះគឺជាសិល្បៈការទូតរបស់អាស៊ានដែលល្អបំផុត …..។
    ២. វិបត្តិមីយ៉ាន់ម៉ា៖ សម្ពាធរួមដ៏ធ្ងន់ធ្ងរ
  • ការវិវត្តនានានៅក្នុងប្រទេសមីយ៉ានម៉ាត្រូវបានគេ រាយការណ៍ ថា ត្រូវបានលើកយកទៅពិភាក្សា យ៉ាងទូលំទូលាយនៅក្នុងកិច្ច ប្រជុំជា ស៊េរី។ សុន្ទរកថាបើករបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានផ្តល់តម្រុយអំពីទិសដៅនៃកិច្ចពិភាក្សា។ នៅក្នុងសុន្ទរកថា បាន បញ្ជាក់នូវជំហរយ៉ាងម៉ឺងម៉ាត់ដ៏គួរឱ្យភ្ញាក់ផ្អើល គឺ ប្រសិនបើមានការ ប្រហារ ជីវិតអ្នកទោសនយោបាយទៀត នៅពេលនោះ អាស៊ាននឹងត្រូវ បង្ខំ ចិត្តឱ្យធ្វើការពិចារណាឡើងវិញអំពីតួនាទីរបស់ខ្លួន ពាក់ព័ន្ធនឹងការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន…..។
  • អាស៊ានមានឯកច្ឆន្ទភាពក្នុងការសម្តែងចេញនូវការ ខកបំណង របស់ ខ្លួន ទៅលើវឌ្ឍនភាព តិចតួចដែលសម្រេចបានក្នុងការអនុវត្ត ការ ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច។ សេចក្តីថ្លែងការណ៍រួមបានផ្តល់អនុសាសន៍ថា ការវាយតម្លៃ អំពី វឌ្ឍនភាព ក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែ ធ្វើ ឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកា ដើម្បី«មគ្គុទេ្ទសក៍ ការសម្រេចចិត្តសម្រាប់ជំហានបន្ទាប់»។ ខណៈពេលដែលមាន ប្រទេស ជាសមាជិកមួយចំនួនទទួលយកការពន្យាពេលការសម្រេច ចិត្តដោយរដ្ឋមន្រ្តីការបរទេស ទៅជាការសម្រេចចិត្តដោយថ្នាក់ ដឹកនាំ កំពូល វាក៏ជាការផ្តល់ឱកាស៣ខែដល់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដើម្បីបង្ហាញសុឆន្ទៈមួយចំនួនទៅដល់អាស៊ាន។ តើ «វឌ្ឍនភាព» មាន រូបរាងបែបណា គឺអាស្រ័យលើការជជែកពិភាក្សាគ្នា។ គួរយល់ថា កិច្ចប្រជុំ ពិសេស មួយមុនកិច្ចប្រជុំកំពូលនៅខែវិច្ឆិកា ប្រហែលជាអាច ត្រូវបាន រៀបចំឡើងដើម្បីពិភាក្សាអំពីផ្លូវឆ្ពោះទៅអនាគត ក៏ប្រហែលជា អាចគិតឡើងវិញផងដែរអំពីអភិក្រមថ្មីចំពោះប្រទេសមីយ៉ាន់ម៉ា។
  • ៣. ការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើតៈ ប្រហែល ជានៅឆ្នាំក្រោយ
  • សំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត មើលទៅឃើញថាមានការវិវត្ត ល្អប្រសើរ ដោយរដ្ឋមន្រ្តីការ បរទេស អាស៊ានបានឯកភាព «ពន្លឿន» ដំណើរការសម្រាប់សំណើសុំចូល ជាសមាជិកនេះ។ រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត លោកជំទាវ Adaljiza Magno ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវ និងមានជំនួប ទ្វេភាគី មួយចំនួនជាមួយសមភាគីរបស់លោកជំទាវនៅក្នុង ឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥។ មើលលើ ទិដ្ឋភាព ទាំងអស់នេះ កម្រាលព្រំត្រូវបានរៀបចំរួចជាស្រេចសម្រាប់ ប្រទេស ទីម័រ ខាងកើត ដើម្បីចូលរួមជាមួយអាស៊ាននៅពេលដែលប្រទេស ឥណ្ឌូនេស៊ីទទួលតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២៣។ ៤. ការពង្រីកទំនាក់ទំនងខាងក្រៅ ៖ ការលេងល្បែង ដើម្បីផល ចំណេញ របស់អាស៊ាន
  • អំពីបញ្ហាអ៊ុយក្រែន អាស៊ានហាក់ដូចជាបានជួសជុលរបង របស់ ខ្លួនជាមួយការបើកចំហរខ្សែលួសនៅខាងដើមចំនួនពីរជួរ ដោយ ការពារ ខ្លួនបានយ៉ាងល្អនៅលើផ្នែកដ៏ត្រឹមត្រូវនៃច្បាប់អន្តរជាតិ ជាអាទិ៍ «… សម្រាប់ប្រជាជាតិទាំងអស់ យើងបន្តបញ្ជាក់សារជាថ្មីនូវការ គោរព របស់យើងចំពោះអធិបតេយ្យភាព ឯករាជភាពនយោបាយ និង បូរណភាពទឹកដី» និងដោយការអះអាងជាថ្មីនូវអំពាវនាវរបស់ ខ្លួនឲ្យ គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាថ្មីម្តងទៀត អាស៊ានបានធ្វើយ៉ាងដូច្នេះដោយមិនបានរំលឹក ដល់ ប្រទេសរុស្ស៊ី។
  • អំពីទំនាក់ទំនងខាងក្រៅ ប្រទេសចំនួនប្រាំមួយបានចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) នៅក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី៣ ខែសីហា។ សំណើរបស់អ៊ុយក្រែនសុំចូលជាសមាជិកនៃសន្ធិសញ្ញា TAC ក៏ត្រូវបានពិចារណាផងដែរ ដោយមិនមានការជំទាស់ពីរដ្ឋមន្ត្រី ការបរទេសណាម្នាក់ឡើយ (គួរកត់សម្គាល់ថា មីយ៉ាន់ម៉ាអវត្តមាន ពីកិច្ចប្រជុំនេះ)។ អាស៊ានបានផ្តល់ឋានៈភាពជាដៃគូសន្ទនាតាមវិស័យ (SDP) ដល់ប្រទេសប្រេស៊ីល និងអេមីរ៉ាតអារ៉ាប់រួម (ដោយចូល រួមជាមួយ ប្រទេសន័រវេស ប៉ាគីស្ថាន ស្វីស និងតួកគីនៅក្នុង វិស័យប្រភេទនេះ)។

អាស៊ានក៏បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាលើកដំបូងជាមួយចក្រភពអង់គ្លេស ដែលជាដៃគូសន្ទនាទី១១ របស់អាស៊ានផងដែរ។ សំខាន់ជាងនេះទៅទៀត អាស៊ានក៏បានប្រកាសផងដែរថា ទំនាក់ ទំនងដៃគូសន្ទនារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងឥណ្ឌា នឹង ត្រូវបានលើកកម្ពស់ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅខែវិច្ឆិកាខាងមុខ (បន្ទាប់ពីប្រទេសចិន និងអូស្ត្រាលី កាលពីឆ្នាំ មុន)។

៥. ភាពជាប្រធានអាស៊ានរបស់កម្ពុជា ៖ តារាងពិន្ទុពាក់ កណ្តាល អាណត្តិ

  • ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ កម្ពុជាបានដោះស្រាយទាំងខ្លឹមសារ និងថាមវ័ន្តបានយ៉ាងល្អប្រសើរ ដោយបានរំដោះខ្លួនចេញពីការ បរាជ័យកាលពីមួយទសវត្សរ៍មុនដែលខកខានក្នុងការ ចេញ សេចក្តីថ្លែងការណ៍រួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាស៊ាន នាឆ្នាំ២០១២ ។
    កម្ពុជាមិនត្រឹមតែអាចឆ្លើយតបបានទាន់ពេលវេលាចំពោះការវិវឌ្ឍនៃស្ថានការណ៍ដែលកំពុងកើតមាន នៅក្នុងរង្វង់អាស៊ានប៉ុណ្ណោះទេ កម្ពុជាថែមទាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលមាន ១១៩កថាខណ្ឌ ដោយឆ្លើយតបទៅនឹងចំណុចសំខាន់ៗនៃជម្លោះ (មីយ៉ាន់ម៉ា អ៊ុយក្រែន ទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ជាដើម) បានយ៉ាងល្អនៅមុនការបញ្ចប់កិច្ចប្រជុំទាំងអស់ផងដែរ»។ វាបង្ហាញអំពីកម្រិតនៃការសម្របសម្រួលដែលប្រទេសម្ចាស់ផ្ទះបានចំណាយពេល និងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីធានាថា ការចរចាលើ អត្ថបទនានានឹងមិនត្រូវបានជជែកឡើងវិញនៅនាទីចុងក្រោយឡើយ។
    ការសម្រេចចិត្តដើម្បីដកសេចក្តីថ្លែងការណ៍ស្ដីពីការវិវត្តនៅច្រកសមុទ្រតៃវ៉ាន់ចេញពីសេចក្តីថ្លែងការណ៍រួម គឺជាការសម្រេចចិត្ត មួយដ៏ ត្រឹមត្រូវ ព្រោះវាមានហានិភ័យទៅបំផ្លាញអត្ថបទដែលបាន ចរចារួច ហើយ។ ៦. អំណាចកោះប្រជុំរបស់អាស៊ាន៖ ឯកភាពជាចម្បង
  • ថាមភាពនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានក្នុងទម្រង់កិច្ចប្រជុំ ទល់ មុខជាលើកដំបូង ចាប់តាំងពីពេលមានជំងឺរាតត្បាតកូវីដ-១៩មក គឺ មិនអាចព្យាករណ៍បាន និងមានភាពផុយស្រួយដូចជាបរិយាកាស ភូមិសាស្ត្រនយោបាយ។ ភាពតានតឹងត្រូវបានគេរាយការណ៍ថា មាន កម្រិតខ្ពស់នៅក្នុងកិច្ចប្រជុំចំនួន១៥ ដែលអាស៊ានធ្វើឡើងជាមួយនឹង ដៃគូសន្ទនាខាងក្រៅរបស់ខ្លួន។ តួនាទីស្នូលរបស់អាស៊ាន ប្រែជាមាន សភាពសើរៗនៅពេលដែលកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានប្រែ ក្លាយទៅជាវេទិកាសម្រាប់ល្បែងស្តីបន្ទោសចោទគ្នាទៅវិញទៅមករវាងមហាអំណាចធំៗ។
  • មន្រ្តីចាត់ចែងការងារក្នុងកិច្ចប្រជុំត្រូវឈឺក្បាលលើបញ្ហា រៀបចំ កន្លែងអង្គុយសម្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងកិច្ចប្រជុំ។ មានសេចក្តីរាយការណ៍ថា ម្ចាស់ផ្ទះបានដោះស្រាយកន្លែង អង្គុយតាម បែបពិធីការនៅ EAS ដោយស្នើសុំឱ្យអនុរដ្ឋមន្រ្តីរបស់ហ្វីលីពីន Theresa Lazaro អង្គុយចន្លោះសហរដ្ឋអាមេរិក និងរុស្ស៊ី។
  • គ្មានអ្វីគួរឱ្យសង្ស័យទេដែលថា អាស៊ានរក្សាអំណាចកោះ ប្រជុំរបស់ ខ្លួនក្នុងការអញ្ជើញមហាអំណាចពិភពលោកមកកាន់តុប្រជុំ។ ប៉ុន្តែ ទោះជាយ៉ាងណា វានៅមិនទាន់គ្រប់គ្រាន់ក្នុងការទាក់ទាញចំណាប់ អារម្មណ៍ នៅពេលនិយាយដល់នយោបាយជាក់ស្តែងរបស់ ពិភពលោក។ អាស៊ានអះអាងថា អាចដើរតួនាទីសម្របសម្រួល នៅក្នុងភាពតានតឹងនៃច្រកសមុទ្រ តៃវ៉ាន ប៉ុន្តែធាតុពិត គឺការបង្កើត ជំហររួមគ្នាក្នុងចំណោមសមាជិករបស់ខ្លួនចំពោះបញ្ហាក្នុងតំបន់ រួមទាំង បញ្ហាប្រទេសជិតខាងដូចជាមីយ៉ាន់ម៉ា គឺបន្តនៅតែជា បញ្ហា ប្រឈម។ ទោះបីជា មានកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់អាស៊ាន (ការឯកភាពអាស៊ាន, មជ្ឈភាពអាស៊ាន ជាដើម) អាស៊ាននៅតែ គេចមិនផុតពីការក្លាយជាចំណាប់ខ្មាំងរបស់មហាអំណាច។

៤. ការចុះផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវ និងតំណាងសហភាពអឺរ៉ុប ផ្តល់ចំណាត់ថ្នាក់ល្អដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន (ស្មេរៈ Taing Rinith / Khmer Times / August 10, 2022)

  • នៅពាក់កណ្តាលផ្លូវក្នុងតួនាទីជាប្រធានប្តូរវេនអាស៊ាន កម្ពុជា ត្រូវបានគេកោតសរសើរចំពោះតួនាទី និងការរួមចំណែក របស់ខ្លួន ក្នុងនាមជាប្រធានអាស៊ាន និងសម្រាប់ការធ្វើជាម្ចាស់ ផ្ទះរៀបចំ កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដោយ ជោគជ័យកាលពី សប្តាហ៍ មុន។
  • វិទ្យាស្ថាន ISEAS-Yusof Ishak ជាវិទ្យាស្ថានស្រាវជ្រាវមួយដែល ពីមុនមានឈ្មោះថា វិទ្យាស្ថានសម្រាប់ការសិក្សាអំពីអាស៊ីអាគ្នេយ៍ ហើយដែលបានប្តូរឈ្មោះរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់ ជាកិត្តិយសចំពោះប្រធានាធិបតីទី១របស់សិង្ហបុរី Yusof Ishak នោះ នៅក្នុងបទវិភាគរបស់ខ្លួនដែលបានចេញផ្សាយនៅក្នុងវេទិកានយោបាយអនឡាញ Fulcrum Commentary បានកោតសរសើរកម្ពុជា ចំពោះសមត្ថភាពក្នុងការដោះស្រាយភាពតានតឹងបច្ចុប្បន្នក្នុងនាមជាប្រធានអាស៊ាន ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានលើកទី ៥៥ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពី សប្តាហ៍មុន។
  • បទវិភាគសរសេរថា «ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ កម្ពុជាបាន ដោះស្រាយទាំងខ្លឹមសារ និងសមត្ថភាពប្រកបដោយសក្ដានុពល ដោយបានរំដោះខ្លួនចេញពីភាពបរាជ័យអស់មួយទសវត្សរ៍ ដែល ខកខានចេញសេចក្តីថ្លែងការណ៍រួមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអាស៊ានកាលពីឆ្នាំ ២០១២ »។ (មាតិកាបន្ថែមមាននៅក្នុងចំណុចទី (៣). កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ានលើកទី៥៥៖ កង្វល់ជាច្រើនដើម្បីអ្វីៗគ្រប់យ៉ាង (ឬគ្មានអ្វីទាំងអស់)
  • នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានខ្មែរថាមស៍ កាលពី ថ្ងៃសុក្រ ឯកឧត្តម ចូសេព បូរ៉េល វុនតេលេស (Josep Borrell Fontelles) តំណាងជាន់ខ្ពស់នៃសហភាព អឺរ៉ុប ទទួលបន្ទុក កិច្ចការ បរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធាន គណៈកម្មការ អឺរ៉ុប បានផ្តល់កិត្តិយសដល់កម្ពុជាសម្រាប់ គំនិត ផ្តួចផ្តើមរបស់ខ្លួនក្នុងការកាត់បន្ថយអំពើហិង្សានៅមីយ៉ាន់ម៉ា បើទោះ បីជាភាពជោគជ័យរបស់ខ្លួននៅមានកម្រិតក៏ដោយ។
  • ឯកឧត្ដម បានមានប្រសាសន៍ថា «[ក្នុងនាមជាប្រធានអាស៊ាន] កម្ពុជាកំពុងដើរតួនាទីរបស់ខ្លួន ដោយការចូលរួមយ៉ាងច្រើនទាំង ជាលក្ខណៈនយោបាយនិងបុគ្គល នៅក្នុងបញ្ហាមីយ៉ាន់ម៉ា»។

 – «រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែលមានតួនាទី ជាប្រេសិតពិសេសអាស៊ាន ផងនោះ បានចូលរួមយ៉ាងផុសផុលដើម្បី ជំរុញឲ្យរបបសឹកយោធាឱ្យយល់ថាខ្លួនត្រូវតែផ្លាស់ប្តូរ។ ជាអកុសល កិច្ច ខិតខំ នេះមិនបានជោគជ័យឡើយ»។

  • ឯកឧត្តម វុនតេលេស បានលើកឡើងថា ប្រទេសកម្ពុជាដែល បាន ខិតខំប្រឹងប្រែងយ៉ាងខ្លាំង គឺមិនគួរត្រូវរងការស្តីបន្ទោសណាមួយ ចំពោះបរាជ័យក្នុងការនាំមកនូវសន្តិភាពដល់ប្រទេសមីយ៉ាន់ម៉ានោះទេ។
     – ឯកឧត្តមបានបន្តថា «វាមិនមែនជាកំហុសរបស់កម្ពុជានោះទេ ប៉ុន្តែ វាជាកំហុសរបស់របបសឹក ទៅវិញទេ»។ ការប្រហារជីវិតសកម្មជន នយោបាយទាំងបួននាក់ គឺជាដំណឹងអាក្រក់បំផុតដែលយើង បាន ទទួលក្នុងឆ្នាំនេះ»។
  • ឯកឧត្តមបានបន្ថែមថា «ខ្ញុំសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ហើយខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ានផងដែរ»។

៥. អ្នកវិភាគមើលឃើញចំណុច វិជ្ជមាន ជាច្រើន ពី កិច្ចប្រជុំ រដ្ឋមន្ត្រី ការបរទេសអាស៊ាននៅកម្ពុជា
(ស្មេរៈ នៀម ឆេង / ភ្នំពេញប៉ុស្តិ / ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២)

  • ក្រុមអ្នកវិភាគមើលឃើញចំណុចវិជ្ជមានជាច្រើន ពីកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ានលើក ទី ៥៥ (AMM-55) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយផ្ទាល់ នៅកម្ពុជា ជាលើកដំបូងចាប់តាំងពីមាន ការរាតត្បាតដោយជំងឺកូវីដ ១៩ ។
  • រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាក់ សុខុន បានថ្លែងថា នៅក្នុងករណីខ្លះ កិច្ចប្រជុំដោយផ្ទាល់ គឺឡើងកម្ដៅ ដោយសារតែស្ថានភាពបច្ចុប្បន្ននៃកិច្ចការពិភពលោក។
  • នៅក្រោយកិច្ចប្រជុំ AMM-55 នេះ មានចេញសេចក្តីថ្លែងការណ៍ រួម ចំនួន ២៩ទំព័រ ប៉ុន្តែនៅមុននេះបន្តិច អាស៊ាន ក៏បានចេញសេចក្តី ថ្លែងការណ៍ដាច់ដោយឡែក ស្តីពីភាពតានតឹង នៅច្រកសមុទ្រ តៃវ៉ាន់ ដែល កើតមានឡើង បន្ទាប់ពី ដំណើរ ទស្សនកិច្ច របស់ ប្រធានសភា សហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ហើយដែលប្រទេសចិនបានអះអាងជា យូរ មកហើយថាជាទឹកដីរបស់ខ្លួន ក្រោមគោលនយោបាយ «ចិនតែមួយ» ។
  • អ្នកវិភាគ ៣ រូប នៅ ក្រុមប្រឹក្សា យោបល់ FULCRUM មាន មូលដ្ឋាន នៅ សិង្ហបុរី នៃមជ្ឈមណ្ឌល សិក្សាអាស៊ាន ដែល ជា ស្ថាប័ន ចំណុះ វិទ្យាស្ថាន ISEAS – Yusof Ishak គឺ លោកស្រី Sharon Seah លោកស្រី Joanne Lin និង លោកស្រី Melinda Martinus បាន លើកឡើង ៦ចំណុច ដើម្បីសង្ខេប ពី កិច្ចប្រជុំ នោះ រាប់ចាប់ពី ដំណើរទស្សនកិច្ចរបស់ជំទាវប៉េឡូស៊ី ទៅកាន់តៃវ៉ាន់ រហូត ដល់ បញ្ហា មីយ៉ាន់ម៉ា និង ឯកភាព របស់ អាស៊ាន ។ (ចំណុចទាំង៦នេះ អាចរក អានបាននៅក្នុងចំណុចទី (៣): កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥៥៖ កង្វល់ជាច្រើនដើម្បីអ្វីៗគ្រប់យ៉ាង (ឬគ្មានអ្វីទាំងអស់))
  • សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលសប្តាហ៍ មុន ថា ថ្នាក់ដឹកនាំមួយចំនួន ដែលចូលរួមប្រជុំបដិសេធ អង្គុយ ក្បែរ គូបដិបក្ខរបស់ពួកគេ ។ ប៉ុន្តែ សម្តេចបានបន្ថែមថា អ្នកចូលរួមបាន យល់ច្បាស់ នូវស្ថានភាព នៅពេល ដែល កម្ពុជា កំពុង ធ្វើជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំនេះ ក្នុងស្ថានភាពស្មុគស្មាញមិនធ្លាប់មានពីមុនមក ក្នុង នយោបាយពិភពលោក ។
  • សម្តេច ថ្លែងថា ៖ « អ៊ីចឹង សូម្បីតែការរៀបចំ កៅអី អង្គុយ ក៏ ពិបាក ដែរ ព្រោះ ឥឡូវ កំពុងតែមានជម្លោះ នៅ អឺរ៉ុប មាន ជម្លោះ នៅ កន្លែង មួយចំនួន ។ ដូច្នេះការរៀប កៅអី អង្គុយ គេ មិន ចង់ អង្គុយ ជិតគ្នា ក៏មាន មិនមែន ជា រឿង ងាយស្រួល ទេ » ។ សម្តេចបានបន្ថែមថា ទោះបីជាយ៉ាងនេះក្តី កម្ពុជាអាចគ្រប់គ្រងធ្វើបាន។
  • លោក គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ ទំនង អន្តរជាតិ នៃ រាជបណ្ឌិត្យ សភា កម្ពុជា ក៏បាន មើលឃើញ ចំណុច ល្អៗ ជាច្រើន ចេញពី កិច្ចប្រជុំ កាលពី សប្ដាហ៍ មុន តាំងពីការរៀបចំបដិសណ្ឋារកិច្ច និង ពិធីការ ផ្សេងៗ ជូនឥស្សរៈជនដែលចូលរួមកិច្ចប្រជុំ។
  • លោកបានមានប្រសាសន៍ថា កម្ពុជា ត្រូវបានគេមើលឃើញថា មាន សមត្ថភាព សម្របសម្រួល ខ្ពស់ ក្នុង ការចាត់ចែង កិច្ចប្រជុំការទូត កម្រិត ខ្ពស់ ហើយ អាចចេញ សេចក្តី ថ្លែការណ៍ សម្រាប់ កិច្ចប្រជុំ នីមួយៗ ដែលមិនមែនជាកិច្ចការងាយស្រួលនោះទេ នៅក្នុង បរិយាកាស ភូមិសាស្រ្តនយោបាយបច្ចុប្បន្ន។
  • លោកបន្តថា ៖ « កិច្ចប្រជុំ នេះ បានបង្ហាញ ជំហរ ច្បាស់ របស់ កម្ពុជា ជា ប្រធាន អាស៊ាន ក្នុង ការកសាង សហគមន៍ អាស៊ាន និង រក្សា មជ្ឈភាព របស់ អាស៊ាន ដែល ជា តួនាទី សំខាន់ របស់ប្រធាន អាស៊ាន ដោយបន្ថែមថា មុខមាត់ របស់ កម្ពុជា ក៏ត្រូវ បាន លើក តាម ហ្នឹង ដែរ » ។
  • ពេល និយាយ ដល់ បញ្ហា តៃវ៉ាន់ លោក គិន ភា លើកឡើង ថា កម្ពុជា និង អាស៊ាន បាន ដោះស្រាយបញ្ហាដោយភាពវៃឆ្លាត តាមរយៈការចេញ ថ្លែងការណ៍ មួយ ដែល សហរដ្ឋអាមេរិក ចិន និង រុស្ស៊ី អាច ទទួល យក បាន ស្របពេលបញ្ជាក់ច្បាស់អំពីផល ប្រយោជន៍ ស្នូលរបស់ អាស៊ាន នៅក្នុងការបន្ធូបន្ថយភាពតានតឹង និងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញការចរចារ ដោយសន្តិវិធី ជាជាងជម្លោះប្រដាប់អាវុធ។

៦. ក្រោយបញ្ចប់កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ឯកឧត្តម វីវៀន បាឡាគ្រីស្ហ្សណាន់ (Vivian Balakrishnan) បានអបអរសាទរកម្ពុជា ចំពោះជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) លើកទី៥៥។ (ហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វីវៀន បាឡាគ្រីស្ហ្សណាន់ នៅថ្ងៃទី ០៦ សីហា ២០២២)

  • រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានសរសេរនៅលើគណនីបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមថា៖ «យើងកំពុងស្ថិតក្នុងគ្រាដ៏គ្រោះថ្នាក់ មួយក្នុង ទំនាក់ទំនងពិភពលោក។ ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) គឺជាសក្ខីភាពចំពោះតួនាទី រៀបចំប្រមូលផ្តុំរបស់អាស៊ាន ក្នុងការរក្សានិម្មាបនកម្មតំបន់ដែល បើកចំហ ប្រកបដោយ បរិយាប័ន្ន និងជំរុញកិច្ចសន្ទនា និងការទូត» ។
  • ឯកឧត្តមបានបន្តថា៖ «សូមអបអរសាទរចំពោះកម្ពុជាដែល បាន ទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ AMM លើកទី ៥៥» ។

៧. រដ្ឋមន្រ្តីការបរទេសចិនកោតសរសើរកម្ពុជា សម្រាប់ការរួម ចំណែក ជាវិជ្ជមានដល់កិច្ចសហ-ប្រតិបត្តិការអាស៊ីបូព៌ា (សារព័ត៌មាន ខ្មែរថាមស៍, នៅថ្ងៃទី ០៨ សីហា ២០២២)

  • នៅក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ច ប្រជុំពាក់ព័ន្ធ ឯកឧត្ដមទីប្រឹក្សារដ្ឋ វ៉ាង យី បានមាន ប្រសាសន៍ថា កម្ពុជាបានបំពេញការងាររបស់ខ្លួនបានយ៉ាងល្អ និង ជោគជ័យ ក្នុងការរួមចំណែកជាវិជ្ជមានដល់កិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ា។
  • ឯកឧត្តមបានលើកឡើងថា៖ «យើងនឹងបន្តគាំទ្រកម្ពុជា យ៉ាងមុត មាំ។ ខ្ញុំមានជំនឿជាក់ថា កម្ពុជា នឹងបំពេញតួនាទីរបស់ខ្លួន ជាប្រធាន ប្តូរវេនអាស៊ាន ហើយនឹងជំរុញទំនាក់ទំនង អាស៊ាន-ចិន ឈានទៅ ដល់ កម្រិតថ្មីមួយ»។

៨. រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន (សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងកបទ.សអ, នៅថ្ងៃទី ០៦ ខែសីហា ២០២២)

  • នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដមរដ្ឋមន្ត្រី ការបរទេស Bilawal Bhutto Zardari បានអបអរសាទរកម្ពុជា ចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

៩. រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត (សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងកបទ.សអ នៅថ្ងៃទី ០៦ ខែសីហា ២០២២)

  • នៅក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ លោកជំទាវរដ្ឋមន្ត្រីការបរទេស អាដាល់ជីហ្សា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានអបអរ សាទរកម្ពុជា ចំពោះ ភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។

១០. ឯកឧត្ដម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្ត្រី ការបរទេសសហរដ្ឋអាមេរិក បានចាកចេញពីរាជធានី ភ្នំពេញ ដោយសុទិដ្ឋិនិយម បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការ បរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។(សារព័ត៌មានខ្មែរថាមស៍, នៅថ្ងៃទី ០៧ សីហា ២០២២)

  • ឯកឧត្ដម អេនតូនី ប្លីនខេន បានបង្ហោះលើបណ្ដាញសង្គម Twitter ថា៖ «ស្របពេលដែលខ្ញុំចាកចេញពីប្រទេសកម្ពុជា ខ្ញុំកំពុងរំលឹក ឡើងវិញ ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងថ្នាក់ដឹកនាំ ក្នុងតំបន់ដ៏ទៃទៀត។ ពួកយើងសម្រេចបាននូវវឌ្ឍនភាពឆ្ពោះ ទៅរក គោលដៅរួមរបស់ពួកយើង» ។
  • ឯកឧត្ដមបានបន្ថែមថា «ខ្ញុំចាកចេញដោយមានសុទិដ្ឋិនិយម អំពីវឌ្ឍនភាពដែលពួកយើងនៅតែអាចធ្វើបានរួមគ្នា ដើម្បីឆ្ពោះ ទៅរកចក្ខុវិស័យសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ពួកយើង»។
  • នៅក្នុងសន្និសីទសារព័ត៌មាន ឯកឧត្ដម អេនតូនី ប្លីនខេន បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក នឹងបន្តមានទំនាក់ទំនង ជាវិជ្ជមានជាមួយកម្ពុជា ដោយផ្អែកលើកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ដូចជាទីផ្សារនាំចេញ និងជំនួយអភិវឌ្ឍន៍។
  • ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឯកឧត្ដម ក៏បានប្រកាស អំពីគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ចំនួន ២៥ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច ក្នុងវិស័យ កសិកម្ម នៅកម្ពុជា ផងដែរ។

១១.សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC)(ថ្ងៃទី៧សីហា២០២២)ខាងក្រោមនេះគឺជា ការដកស្រង់ខ្លឹមសារចេញពីសេចក្តីប្រកាសព័ត៌មានស្តីពី ឯកឧត្ដម អេនតូនី ប្លីនខេន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ដែលចេញផ្សាយដោយ USABC ៖

  • ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន សង្ឃឹមថា ខណៈពេល សមាជិកសភា ជជែកដេញដោលអំពីច្បាប់ ដែលអាចជះឥទ្ធិពល ដោយផ្ទាល់ទៅដល់អនាគត នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក-អាស៊ាន និងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក(IPS) ដូចជាច្បាប់ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ផងនោះ ក្រុមប្រឹក្សាជំរុញឱ្យមានការសន្និដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយជាងនេះចំពោះការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាឯកតោភាគីមកលើកម្ពុជា ក្នុងនាម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន។ ការដាក់ទណ្ឌកម្ម ជាឯកតោភាគី និងការចោទប្រកាន់នេះ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ សន្តិសុខ របស់សហរដ្ឋអាមេរិក តាមរយៈការជំរុញឱ្យកម្ពុជាកាន់ តែជិតស្និទ្ធជាមួយចិន នៅពេលដែលកម្ពុជាបន្តបោះជំហាន ទៅរក កំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ព្រមទាំងបញ្ហានិរន្តរភាពនានា ដែល មានសារៈសំខាន់ចំពោះបណ្តាក្រុមហ៊ុន និងអ្នកវិនិយោគ អាមេរិក។
  • បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយ នាយក រដ្ឋមន្រ្តី កម្ពុជា ក្នុងឱកាសនៃកិច្ចប្រជុំ ARF យើងលើកទឹកចិត្តឱ្យបន្ត កិច្ចសន្ទនា និងការងារការទូតជុំវិញបញ្ហាទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិការងារ និងការប្រើប្រាស់មូលដ្ឋានយោធាកម្ពុជារបស់ចិន ជាជាង ការ កំណត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្បាប់ ដែលអាចទទួល លទ្ធផល ផ្ទុយពីការចង់បាន។

១២.រដ្ឋមន្រ្តីការបរទេសក្រិក (សេចក្តីប្រកាស ព័ត៌មាន របស់ក្រសួងកបទ.សអ, នៅថ្ងៃទី ០២ ខែសីហា ២០២២)

  • នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឯកឧត្ដមរដ្ឋមន្ត្រី ការបរទេស Nikos Dendias បាន ថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជា ដែលធ្វើឱ្យប្រទេសក្រិក បាន ចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) និងបានអបអរសាទរកម្ពុជាចំពោះ ភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ាន៕
    ដោយ៖ សួងពិសិដ្ឋ
សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner