អាមេរិកគិតគូរឡើងវិញពីជំហាននៃការដាក់ពន្ធគយលើចិន ដោយសារតែវិបត្តិតៃវ៉ាន់

វិបត្តិចិន-តៃវ៉ាន់ ធ្វើឱ្យមន្រ្តីរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ពិចារណាឡើងវិញនូវការគិតរបស់ខ្លួនថាតើត្រូវដកពន្ធខ្លះ ឬអាចដាក់ទណ្ឌកម្មផ្សេងទៀតលើទីក្រុងប៉េកាំង ដោយកំណត់ជម្រើសទាំងនោះមួយឡែកសម្រាប់ពេលនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ ស្រង់សម្ដីប្រភពពីសេតវិមានដែលដឹងពីកិច្ចពិភាក្សា កាលពីថ្ងៃពុធ។

ការលើកឡើងនេះ ធ្វើឡើងខណៈដែលមន្រ្តីរដ្ឋបាលលោក បៃដិន បានជាប់ច្របល់អស់រយៈពេលជាច្រើនខែមកហើយ ជាមួយនឹងមធ្យោបាយផ្សេងៗ ដើម្បីសម្រួលលើការដាក់ពន្ធការនាំចូលរបស់ចិន ដែលដាក់ឡើងក្នុងអាណត្តិរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ខណៈរដ្ឋបាលនាពេលនេះ កំពុងព្យាយាមកាត់បន្ថយអតិផរណា ដែលកំពុងកើនឡើងយ៉ាងគំហុក។

រដ្ឋបាលបានពិចារណាលើការរួមបញ្ចូលគ្នានៃការលុបបំបាត់ពន្ធគយមួយចំនួន ដោយចាប់ផ្តើមការស៊ើបអង្កេត«ផ្នែកទី ៣០១»ថ្មី លើចំណុចសក្តានុពលសម្រាប់ពន្ធបន្ថែម និងពង្រីកបញ្ជីមិនបញ្ចូលពន្ធ ដើម្បីជួយដល់ក្រុមហ៊ុនអាមេរិក ដែលអាចទទួលបានការផ្គត់ផ្គង់ជាក់លាក់តែពីប្រទេសចិន។

ប៉ុន្តែសេតវិមាននិយាយថា លោក បៃដិន មិនទាន់ធ្វើការសម្រេចចិត្តលើបញ្ហានេះនៅឡើយទេ ខណៈពន្ធដែលដាក់លើការនាំចូលរបស់ចិន ធ្វើឱ្យតម្លៃទំនិញឡើងថ្លៃសម្រាប់ក្រុមហ៊ុនអាមេរិក ដែលធ្វើឲ្យផលិតផលមានតម្លៃកាន់តែច្រើនសម្រាប់អ្នកប្រើប្រាស់។

ការបន្ថយអតិផរណា គឺជាគោលដៅសំខាន់មួយសម្រាប់លោក បៃដិនមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខនេះ។ ប៉ុន្តែការឆ្លើយតបរបស់ទីក្រុងប៉េកាំង ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ីកាលពីសប្តាហ៍មុនទៅកាន់កោះតៃវ៉ាន់ បានបង្កឱ្យមានការគិតគូរឡើងវិញពីមន្ត្រីរដ្ឋបាល។

ប្រភពមួយដែលដឹងពីបញ្ហានេះ និយាយប្រាប់រ៉យទ័រថា៖«ខ្ញុំគិតថា បញ្ហានៅតៃវ៉ាន់បានផ្លាស់ប្តូរគ្រប់យ៉ាង»។

ប៉ុន្តែអ្នកនាំពាក្យសេតវិមានលោកSaloni Sharma និយាយថា៖ «ប្រធានាធិបតីមិនបានធ្វើការសម្រេចចិត្តមុនពេលព្រឹត្តិការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ហើយនៅតែមិនធ្វើការសម្រេចចិត្ត។ គ្មានអ្វីត្រូវបានរារាំង ឬផ្អាកទេ ហើយជម្រើសទាំងអស់នៅតែស្ថិតនៅលើតុ។ មនុស្សតែម្នាក់គត់ដែលនឹងធ្វើការសម្រេចចិត្តគឺប្រធានាធិបតី ហើយលោកនឹងធ្វើដូច្នេះដោយផ្អែកលើអ្វីដែលជាផលប្រយោជន៍របស់យើង»។

យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រីGina Raimondo បាន ស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ ធ្វើឱ្យការសម្រេចចិត្តត្រូវចំណាយពេលយូរ។

លោកស្រីនិយាយប្រាប់កិច្ចសម្ភាស៍មួយដោយសារព័ត៌មានBloomberg ថា៖ «បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ វាមានភាពស្មុគស្មាញជាពិសេស។ ដូច្នេះប្រធានាធិបតីកំពុងថ្លឹងថ្លែងជម្រើសរបស់លោក។ លោកមានការប្រុងប្រយ័ត្នខ្លាំងណាស់។ លោកចង់ធ្វើឱ្យប្រាកដថាយើងមិនធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់កម្លាំងពលកម្មអាមេរិក និងកម្មករអាមេរិក»។

នៅខែកក្កដាឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានដំឡើងពន្ធ២៥ ភាគរយលើផលិតផលចិន ដែលមានតម្លៃ៣៤ ប៊ីលានដុល្លារ រួមទាំងគ្រឿងម៉ាស៊ីន ហើយទីបំផុតបានដាក់ពន្ធបន្ថែមលើផលិតផល ដែលមានតម្លៃ ៣៧០ប៊ីលានដុល្លារដើម្បីដាក់សម្ពាធលើចិនលើការសង្ស័យដែលថា មានការលួចកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក។

ជំហានបន្ទាប់របស់រដ្ឋបាលលោក បៃដិន អាចជះឥទ្ធិពលយ៉ាងសំខាន់ទៅលើពាណិជ្ជកម្មរាប់រយពាន់លានដុល្លាររវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២របស់ពិភពលោក។វិស័យឧស្សាហកម្មអាមេរិក ចាប់ពីគ្រឿងអេឡិចត្រូនិករហូតដល់រថយន្ត និងអវកាសកំពុងទាមទារឱ្យលោក បៃដិនលុបបំបាត់កាតព្វកិច្ចពន្ធនោះចេញខណៈវិស័យទាំងនេះប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើម និងការផ្គត់ផ្គង់តឹងរ៉ឹង។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយចំនួន រួមទាំងលេខាធិការរតនាគារ លោកស្រីJanet Yellen បានអះអាងថា កាតព្វកិច្ចពន្ធគយបានដាក់លើទំនិញប្រើប្រាស់«ក្រៅយុទ្ធសាស្ត្រ» ដែលបង្កើនថ្លៃដើមមិនចាំបាច់សម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្ម ហើយការដកវាចេញ អាចជួយសម្រួលដល់អតិផរណាដែលកំពុងកើនឡើង។យ៉ាងណាមិញ កត្តាជាច្រើន បន្ថែមពីលើការឆ្លើយតបទៅតៃវ៉ាន់របស់ចិន បានធ្វើឱ្យមានភាពស្មុគស្មាញដល់ការពិចារណារបស់រដ្ឋបាល។

ប្រភពមិនបញ្ចេញឈ្មោះមួយប្រាប់រ៉យទ័រថា ការដកចេញជាឯកតោភាគីនៃពន្ធគយមួយចំនួនរបស់សហរដ្ឋអាមេរិក លើការនាំចូលរបស់ចិនត្រូវបានផ្អាក ដោយសារតែចិនមិនបានបង្ហាញពីឆន្ទៈក្នុងសកម្មភាពផ្ដោះប្ដូរគ្នា ឬបំពេញតាមការសន្យាកិច្ចព្រមព្រៀងពាណិជ្ជកម្ម«ដំណាក់កាលទី១» របស់ខ្លួន។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនលោក Liu Pengyuនិយាយប្រាប់រ៉យទ័រថា ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំង២ប្រឈមមុខនឹងបញ្ហា «ធ្ងន់ធ្ងរ»។លោកថា៖ «ទស្សនកិច្ចរបស់[លោកស្រីប៉េឡូស៊ី] ធ្វើឱ្យខូចដល់មូលដ្ឋាននយោបាយនៃទំនាក់ទំនងចិន-អាមេរិក ហើយនឹងធ្វើឱ្យមានការរំខានជាខ្លាំងដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២»។

ទោះយ៉ាងណាក៏ដោយ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ឥឡូវនេះកំពុងស្ថិតក្នុងការពិនិត្យឡើងវិញរយៈពេល៤ឆ្នាំតាមច្បាប់ស្តីពីពន្ធដែលដាក់ដោយលោក ត្រាំដែលអាចត្រូវចំណាយពេល ២-៣ ខែទៀតដើម្បីបញ្ចប់។

ក្រុមសហជីពដែលដឹកនាំដោយក្រុមUnited Steelworkers ជំរុញឱ្យUSTR រក្សាពន្ធលើទំនិញរបស់ចិននៅនឹងកន្លែងដើម្បីជួយ«កម្រិតទីផ្សារ» សម្រាប់កម្មករនៅសហរដ្ឋអាមេរិក និងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើអ្នកផ្គត់ផ្គង់ចិន។

យោងតាមប្រភពមិនបញ្ចេញឈ្មោះរបស់រ៉យទ័រ លោក បៃដិន មានការព្រួយបារម្ភអំពីការដកពន្ធឡើងវិញមួយផ្នែក ដោយសារតែកម្លាំងពលកម្ម ដែលជាសម្លេងឆ្នោតសំខាន់សម្រាប់លោក ហើយចិនបរាជ័យក្នុងការទិញផលិតផលដែលខ្លួនបានយល់ព្រមទិញតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

ប៉ុន្តែកាសែតរដ្ឋចិន Global Times ចុះផ្សាយដោយស្រង់សម្ដីអ្នកជំនាញចិនផ្សេងៗថា ផែនការរបស់រដ្ឋបាល បៃដិនដើម្បីភ្ជាប់សំណួរលើវិបត្តិតៃវ៉ាន់ និងពន្ធអាមេរិកលើទំនិញចិន ដែលរ៉យទ័ររាយការណ៍នេះ គឺជារឿង«គួរឱ្យអស់សំណើច» ហើយការពន្យារពេលដកពន្ធទណ្ឌកម្ម នឹងបន្តធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner