អ៊ុយក្រែន៖ មនុស្ស ១៤ នាក់ស្លាប់ ក្នុងការវាយប្រហារថ្មីពីរុស្ស៊ី ក្បែររោងចក្រថាមពលនុយក្លេអ៊ែរ

អ៊ុយក្រែនចោទប្រកាន់រុស្ស៊ីកាលពីថ្ងៃពុធថា ធ្វើការវាយប្រហារដោយគ្រាប់រ៉ុក្កែតក្បែររោងចក្រថាមពលនុយក្លេអ៊ែរហ្សាប៉ូរីសហ៊ី (Zaporizhzhia) ដោយសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១៤ នាក់ខណៈក្រុមប្រទេសអ្នកមានទាំង៧ (G-7) ព្រមានថា ការគ្រប់គ្រងរបស់រុស្ស៊ីនៅរោងចក្រនេះ «បង្កគ្រោះថ្នាក់ដល់តំបន់»។

អភិបាលតំបន់Valentin Reznichenko និយាយនៅលើតេលេក្រាមថា ការវាយប្រហារនៅយប់ថ្ងៃអង្គារក្នុងតំបន់Dnipropetrovsk ភាគកណ្ដាលនៃប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ១៣ នាក់ និងធ្វើឱ្យរបួស ១១ នាក់ ដោយ ៥ នាក់ក្នុងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។

អ្នកស្លាប់ និងរបួសភាគច្រើន រស់នៅក្នុងទីក្រុងMarganets ដែលជ្រោយម្ខាងនៃទន្លេ Dnipro ពីរោងចក្រហ្សាប៉ូរីសហ៊ីដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។

លោក Reznichenko និយាយថា វាគឺយប់ដ៏គួរឱ្យភ័យខ្លាច ដោយជំរុញឱ្យពលរដ្ឋរកទីជម្រកលាក់ខ្លួន ពេលឮសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាស។

ទន្ទឹមនឹងនោះ ស្រ្តីម្នាក់ទៀតក៏បានស្លាប់ ក្រោមការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ក្នុងតំបន់ហ្សាប៉ូរីសហ៊ីដូចគ្នា ខណៈការវាយប្រហាររបស់រុស្ស៊ី បានកាត់ផ្ដាច់បណ្តាញអគ្គិសនីក្នុងស្រុក ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។

ការវាយប្រហារនេះ ធ្វើឡើង១ថ្ងៃបន្ទាប់ពីការផ្ទុះដ៏កក្រើកនៅមូលដ្ឋានទ័ពអាកាសរុស្ស៊ីSaki នៅលើឧបទ្វីបគ្រីមៀ ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។ ទីក្រុងម៉ូស្គូទទូចថា ការផ្ទុះបណ្តាលមកពីការឆេះគ្រាប់រំសេវ ជាជាងការបាញ់ប្រហាររបស់អ៊ុយក្រែន ហើយអ៊ុយក្រែនបដិសេធមិនទទួលទទួលខុសត្រូវ។

ចំពោះការវាយប្រហារនៅក្នុងតំបន់ ក៏ដូចជាក្នុងរោងចក្រហ្សាប៉ូរីសហ៊ី ភាគីទាំងសងខាងកន្លងមក បានចោទគ្នារៀងៗខ្លួន ថែមទាំងហៅគ្នាទៅវិញទៅមកថាជា «ភេរវកម្មនុយក្លេរអ៊ែរ» ខណៈមានការព្រមានពីវិនាសកម្មនុយក្លែអ៊ែរ ចំពោះការវាយប្រហាររោងចក្រនេះ។

រោងចក្រថាមពលនុយក្លែអ៊ែរហ្សាប៉ូរីសហ៊ី ត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីក្រោយការឈ្លានពាន ប៉ុន្តែនៅតែបន្តដំណើរការរបស់ខ្លួន។ លោកខាងលិច ក៏ដូចជាអ៊ុយក្រែន ចោទប្រកាន់ថារុស្ស៊ីប្រើរោងចក្រនេះ ធ្វើជាបន្ទាយដើម្បីការពារកងទ័ពរបស់ខ្លួន ដោយគិតថា អ៊ុយក្រែននឹងមិនធ្វើការបាញ់តបតវិញហើយប្រថុយនឹងវិបត្តិនោះទេ។

ប៉ុន្តែខណៈការវាយប្រហារបន្តបន្ទាប់មិនឈប់នៅក្នុង តំបន់ក៏ដូចជាក្នុងបរិវេនរោងចក្រនៅតែកើតមាន ប្រទេស G-7 បានថ្កោលទោសការកាន់កាប់របស់រុស្ស៊ី ហើយអំពាវនាវឱ្យទីក្រុងម៉ូស្គូប្រគល់ការគ្រប់គ្រងឱ្យអ៊ុយក្រែនវិញ។

រដ្ឋមន្ត្រីការបរទេសG7 និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកអ៊ុយក្រែនដែលប្រតិបត្តិការរោងចក្រ ត្រូវតែអាចធ្វើការ«ដោយគ្មានការគំរាមកំហែង ឬសម្ពាធ» ហើយការគ្រប់គ្រងរបស់រុស្ស៊ីចំពោះរោងចក្រនេះ«ធ្វើឱ្យមានគ្រោះថ្នាក់ដល់តំបន់»។

ទន្ទឹមនឹងនោះ ប្រភពការទូតនិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃព្រហស្បតិ៍ ដើម្បីដោះស្រាយវិបត្តិនៅរោងចក្រនុយក្លេអ៊ែរនេះ ខណៈភាពតានតឹងរំលឹកដល់គ្រោះមហន្តរាយនុយក្លេអ៊ែរChernobyl ឆ្នាំ១៩៨៦ នៅអ៊ុយក្រែន ដែលសម្លាប់មនុស្សរាប់រយនាក់ និងរីករាលដាលសារធាតុវិទ្យុសកម្មលើទ្វីបអឺរ៉ុប។

ប្រភព៖ France24

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner