ឥណ្ឌូណេស៊ីប្រកាន់ជំហរធ្វើជាស្ពាននាំពូទីន-ហ្សេឡែនស្គី ជួបចរចាគ្នារកដំណោះស្រាយសង្គ្រាម

ឥណ្ឌនេស៊ីដែលជាខ្លានៅតំបន់អាស៊ានដោយសារកត្តាសេដ្ឋកិច្ចកំពុងរីកលូតលាស់និងប្រជាជនច្រើននៅក្នុងតំបន់អាស៊ានព្រមទាំងធ្វើជាប្រធានប្តូរវេនក្នុងការដឹកនាំកិច្ចប្រជុំកំពូលនៃប្លុកប្រទេសសេដ្ឋកិច្ចធំ ហៅកាត់ថា «G20» ធានាខ្លួនធ្វើជាអ្នកផ្សះផ្សារនាំមេដឹកនាំក្នុងសង្គ្រាមទាំងពីរងាកទៅរកតុចរចារកច្រកចេញពីសង្គ្រាមនៅអ៊ុយក្រែនដែលអូសបន្លាយជិតកន្លះឆ្នាំ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅប្រទេសរុស្ស៊ី លោក ចូសេ តាវ៉ារ៉ែស (Jose Tavares) ហាក់បានបញ្ជាក់ជំហររបស់ប្រទេសឥណ្ឌូនេស៊ីសាជាថ្មី ក្រោយការបំពេញទស្សនកិច្ចរបស់ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) ទៅកាន់ប្រទេសអ៊ុយក្រែន និងរុស្ស៊ីកាលពីចុងខែឧសភាក្នុងការអញ្ជើញមេដឹកនាំនៃប្រទេសទាំងពីរទៅចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំG20 នៅថ្ងៃទី១៥-១៦ខែវិច្ឆិកាខាងមុខ។

យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃពុធ លោក ចូសេ តាវ៉ារ៉ែស បានសង្កត់ធ្ងន់ថា៖«យើងពិតជាចង់ឃើញប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែនមកដល់សម្រាប់កិច្ចប្រជុំ G20»។

អ្នកការទូតឥណ្ឌូណេស៊ីរូបនេះបានបន្ថែមថា៖«ឥណ្ឌូនេស៊ីបានត្រៀមខ្លួនជាស្រេចហើយដើម្បីផ្តល់សម្រាប់ការរៀបចំនៃកិច្ចប្រជុំនេះ។ យើងពិតជាចង់ឃើញប្រធានាធិបតី [រុស្ស៊ី និងអ៊ុយក្រែន] មកដល់សម្រាប់កិច្ចប្រជុំ G20»។

TASS ដោយយោងទៅលើទីប្រឹក្សាប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak ដែលបានអះអាងកាលពីដើមសប្តាហ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) នឹងចូលរួមកិច្ចប្រជុំ G20 ។

ប៉ុន្តែអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីដើមខែនេះថា មិនទាន់មានការសម្រេចចិត្តនៅឡើយទេថាតើលោកប្រធានាធិបតី ពូទីន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់ ឬតាមរបៀបអនឡាញនោះទេ។

វេទិកាអន្តររដ្ឋាភិបាលពិភពលោកនៃបណ្តាប្រទេសឧស្សាហកម្ម និងកំពុងអភិវឌ្ឍន៍បំផុតចំនួន១៩បូករួមទាំងសហភាពអឺរ៉ុប (EU) ដែលត្រូវបានគេស្គាល់ថាជាកិច្ចប្រជុំកំពូល G20 គ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំនេះនៅលើកោះបាលីរបស់ឥណ្ឌូនេស៊ីនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា។

ការចរចាបរាជ័យរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអ៊ុយក្រែននិងរុស្ស៊ីធ្លាប់បានធ្វើឡើងក្រោមការសម្របសម្រួលរបស់ប្រទេសតួកគីដែលប្រកាន់ជំហទន់ភ្លន់ក្នុងជម្លោះរវាងរុស្ស៊ីនិងអ៊ុយ ហើយតួកគីក៏ជាប្រទេសមិត្តផងនិងសត្រូវផងរបស់រុស្ស៊ី។

មិនត្រឹមតែការចេញមុខរបស់តួកគីរងនូវការបារាជ័យដោយនាំភាគីទាំងពីរទៅរកបទឈប់បាញ់ណាមួយនោះទេ សូម្បីតែវត្តមានរបស់លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិទៅកាន់ប្រទេសអ៊ុយក្រែននិងរុស្ស៊ីកាលពីខែមេសាក៏រងបរាជ័យដែរក្នុងការរំងាប់ភ្លើងសង្គ្រាម។

ចាប់តាំងពីសង្គ្រាមឆាបឆេះឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈក្រោមរូបភាពដែលរុស្ស៊ីហៅត្រឹមតែជា «ប្រតិបត្តិការយោធាពិសេស» ហើយ ភាគីអ៊ុយក្រែន បានបរិយាយថា«ជាការឈ្លានពានចំតួរ (Full-scale invasion)» មានតែកិច្ចព្រមព្រៀងតូចមួយប៉ុណ្ណោះដែលភាគីទាំងពីរសម្រេចបាន នោះគឺ «កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ»កាលពីថ្ងៃទី២២ខែកក្កដា ដែលធ្វើឡើងនៅប្រទេសតួកគីក្រោមការដាក់សម្ពាធជាអន្តរជាតិដោយសារភាពអត់ឃ្លាននិងអតិផរណាកើតឡើងយ៉ាងខ្លាំងនៅប្រទេសនានាក្នុងតំបន់អាហ្វ្រិកនិងមជ្ឈឹមបូព៌ាដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលគ្រាប់ធញ្ញជាតិផ្សេងៗពីប្រទេសអ៊ុយក្រែននិងរុស្ស៊ី។

កិច្ចព្រមព្រៀងនោះបានបើកផ្លូវឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិនោះកើតឡើងមែន ប៉ុន្តែសង្គ្រាមបានឆាបឆេះកាន់តែសាហាវ ស្របពេលដែលភាគីជម្លោះផ្លោងដាក់គ្នាដោយអាវុធទំនើបនិងរយៈចម្ងាយឆ្ងាយ បន្ទាប់ពីអ៊ុយក្រែនទើបទទួលបានអាវុធធុនធ្ងន់ពីបច្ចឹមប្រទេសមាន អាវុធ HIMAS របស់សហរដ្ឋអាមេរិក និងអាវុធផ្សេងទៀតពីបារាំង អង់គ្លេស អាល្លឺម៉ង់ និងប្រទេសមួយចំនួនពីសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។

ពេលខ្លះ លោក វ្ល៉ាឌីមៀរ ពូទីន ដែលបានបញ្ជាឲ្យមានប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃ២៤ខែកុម្ភៈមកនោះ ដោយអះអាងថាខ្លួនត្រូវការប្រើពេលយ៉ាងយូរ៣ថ្ងៃសម្រាប់ការផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្ន ប៉ុន្តែដោយសារការវាយបករបស់យោធាអ៊ុយក្រែន និងការជួយគាំទ្រទាំងសម្ភារៈ ហិរញ្ញវត្ថុ និង យុទ្ធសាស្រ្តពីប្រទេសលោកខាងលិច បានធ្វើឲ្យរុស្ស៊ីទល់ច្រករកកលឈ្នះសង្គ្រាមមិនឃើញដែលអូសបន្លាយរហូតដល់ពេលនេះគឺជិតកន្លះឆ្នាំទៅហើយ។

លោកពូទីន ក៏ហាក់បង្ហាញភាពហត់នឿយដោយសារសង្គ្រាមដែលខ្លួនឯងបង្កើតឡើងនេះចេះតែអូសបន្លាយកាន់តែយូរ និងគ្មានសញ្ញាណាមួយបង្ហាញពីការឈ្នះឲ្យពិតប្រាកដតាមតំបន់ដែលខ្លួនគ្រោងទុក ដោយបន្ទោសប្រទេសលោកខាងលិចជាអ្នកជំរុញឲ្យសង្គ្រាមនេះបន្តអូសបន្លាយកាន់តែយូរ។

ស្របពេលដែលប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកកាន់តែរួមដៃគ្នាជួយអ៊ុយក្រែនយ៉ាងច្រើនទាំងសម្ពាធវុធទំនើបៗ និងជំនួយហិរញ្ញវត្ថុ ប្រទេសឥណ្ឌូនេស៊ីដែលជាខ្លានៅអាស៊ីអាគ្នេយ៍មិនដែលចូលដៃចូលជើងជាមួយភាគីជម្លោះណាមួយ សូម្បីតែថ្កោលទោសរុស្ស៊ី និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមលោកខាងលិច។

ក្នុងដំណើរទៅកាន់់ប្រទេសទាំងពីរកាលពីចុងខែឧសភា លោក ចូកូ វីដូដូ បាននិយាយថា៖«បេសកកម្មរបស់ខ្ញុំគឺកសាងសន្តិភាព ពីព្រោះសង្គ្រាមត្រូវតែបញ្ឈប់ ហើយឥទ្ធិពលរបស់វាលើសង្វាក់ផ្គត់ផ្គង់ម្ហូបអាហារត្រូវតែលើកចេញ»។

តាមគេហទំព័ររបស់អង្គការសហប្រជាជាតិកាលពីពេលនោះ ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស ដែលបរាជ័យក្នុងការផ្សះផ្សារបញ្ចប់សង្គ្រាមរវាងប្រទេសអ៊ុយក្រែន និង រុស្ស៊ី ក្នុងការបំពេញទស្សនកិច្ចទៅប្រទេសទាំងពីរកាលពីចុងខែមេសា បានអំពាវនាវជាថ្មីដល់សហការីដើម្បីរិះរកវិធីបញ្ចប់សង្គ្រាមនេះ ខណៈសង្គ្រាមនៅអ៊ុយក្រែនកំពុងផ្តល់ផលលំបាកដ៏ខ្លាំងដល់ពិភពលោក ដោយប៉ះពាល់កាន់តែអាក្រក់ឡើងៗដល់មនុស្សជាតិ១,៦ពាន់លាននាក់ ដោយផលវិបាកនោះកើតលើកសន្តិសុខស្បៀងអាហារ ថាមពល និងហិរញ្ញវត្ថុ៕

ប្រភព៖ Straitstimes

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner