លោកខាងលិចសន្យាបន្តគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន
កូប៉ិនហាក៖ បណ្តាប្រទេសលោកខាងលិច នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមព្រៀងបន្តផ្តល់មូលនិធិរយៈពេលវែង ដើម្បីជួយយោធាអ៊ុយក្រែនបន្តការប្រយុទ្ធជិត ៥ខែកន្លះមកនេះ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានលុកលុយប្រទេសខ្លួន ខណៈដែលកញ្ចប់ថវិកាជំនួយ ១.៥ពាន់លានអឺរ៉ូ ឬប្រហែល ១.៥ពាន់លានដុល្លារដែលត្រូវបានសន្យា នឹងកើនឡើងថែមទៀតនាពេលឆាប់ៗនេះ។
ថវិកាខាងលើនេះ គឺសម្រាប់បង្កើនការផលិតអាវុធ រួមទាំងកាំភ្លើងធំ និងគ្រាប់រំសេវ ការអភិវឌ្ឍ និងពង្រឹងការហ្វឹកហ្វឺនទាហានអ៊ុយក្រែន ក៏ដូចជាជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការដោះមីនជាដើម។
រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកលោក ម៉ូធិន បូតស្កូវ បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលមួយថ្ងៃរបស់ប្រទេសចំនួន ២៦ និងសហភាពអឺរ៉ុបថា ប្រទេសទាំងអស់ដែលបានមកទីក្រុងកូប៉ិនហាក ប្រទេសដាណាម៉ាក គឺមានចេតនាគាំទ្រអ៊ុយក្រែន។
ទន្ទឹមគ្នា រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក បិន វ៉ាល់ឡេស បាននិយាយដែរថា កិច្ចប្រជុំនេះ បានបង្ហាញឱ្យឃើញថា មហិច្ឆតារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលចង់ឱ្យលោកខាងលិចបាត់បង់ឆន្ទៈគាំទ្រអ៊ុយក្រែននោះ គឺបានបរាបរាជ័យហើយ លោកថា យើងនៅតែប្តេជ្ញាចិត្តគាំទ្រអ៊ុយក្រែន។
នៅក្នុងសន្ទរកថាតាមប្រព័ន្ធវីដេអូ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដល់ប្រទេសលោកខាងលិចឱ្យផ្តល់ថវិកាបន្ថែមទៀត ដោយនិយាយថា យើងបញ្ឈប់រុស្ស៊ីកាន់តែឆាប់… យើងនឹងមានសុវត្ថិភាពក៏កាន់តែឆាប់ដែរ ហើយថា យើងត្រូវការសព្វាវុធ និងសម្ភារៈយោធាបន្ថែម ដើម្បីការពារប្រទេសរបស់យើង។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនលោក អូឡិចស៊ី រ៉េសនីកូវ ដែលបានចូលរួមសន្និសិទអន្តរជាតិនេះដែរ បានបដិសេធមិនផ្តល់ព័ត៌មានលំអិត អំពីសព្វាវុធដែលប្រទេសរបស់លោកនឹងទទួលបាននោះទេ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា





