ការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ានត្រូវបានជំរុញបន្ថែមប្រកបដោយផ្លែផ្កា
សិក្ខាសាលាស្តីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡា អាស៊ានត្រូវបានប្រកាសបិទដោយជោគជ័យ ក្រោមវត្តមានឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ជួន ណារ៉ុន កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅនៅសណ្ឋាគារ សុខាភ្នំពេញ បន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃ។
លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា សិក្ខាសាលាស្តីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ដែលបានបិទបញ្ចប់ដោយរលូន និងជោគជ័យ ដោយមានប្រទេសជាសមាជិកអាស៊ានចូលរួមទាំងអស់ ដោយបានទទួលបានធាតុចូលសំខាន់ៗពីវាគ្មិនទាំងអស់ រួមទាំងការចែករំលែកបទពិសោធន៍ពីស្ថាប័នអន្តរជាតិមួយចំនួន។
អ្វីដែលបានលើកឡើងក្នុងសិក្ខាសាលា២ថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើបញ្ហាសុខភាព ទាក់ទងនឹងការហាត់ប្រាណ និងការលេងកីឡា ហើយការជំរុញបែបណា ដើម្បីធ្វើឲ្យប្រទេសអាស៊ានទាំងអស់គិតគូបន្ថែមដល់ការហាត់ប្រាណ និងការលេងកីឡា ដើម្បីលើកកម្ពស់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ។ ការហាត់ប្រាណ ការលេងកីឡា ដើម្បីសុខភាពល្អ គឺមានភាពពាក់ព័ន្ធគ្នានឹងសេដ្ឋកិច្ចជាតិនៃប្រទេសនីមួយ។ អាស៊ានរួមគ្នាជំរុញឲ្យសហគមន៍មួយនេះមានសុខភាពល្អ នោះមានមានន័យថា កាលណាសហគមន៍អាស៊ានមានសុខភាពល្អ គឺអាស៊ានមានសេដ្ឋកិច្ចរីកចម្រើន ដូចបណ្តាប្រទេសជឿនលឿន នៅលើពិភពលោក។
លោកបណ្ឌិត អ៊ុក ឌីវ៉ង់ បានពន្យល់ទៀតថា៖ «កម្លាំងពលកម្ម និងសេដ្ឋកិច្ចមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដោយកាលណាកកម្លាំងពលកម្មមានភាពខ្លាំងក្លា គឺសេដ្ឋកិច្ចជាតិមានការរីកចម្រើនខ្លាំង។ បើកាលណា កម្លាំងពលកម្មខ្សោយ សប្បូរដោយមនុស្សមិនមានសុខភាពល្អ គឺសេដ្ឋកិច្ចក៏មិនមានការរីកចម្រើនដែរ»។ ក្នុងអាស៊ាន មានប្រទេសច្រើនហើយដែលមានការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡា ខណៈប្រទេសមួយចំនួនទៀតទើបនឹងចាប់ផ្តើមអភិវឌ្ឍ។ ដូច្នេះហើយ នៅក្នុងការផ្លាស់ប្តូរគំនិតយោបល់គ្នានេះ អាស៊ានទាំងមូលទទួលបានធាតុចូលសំខាន់ៗ ដើម្បីចែករំលែកគ្នា ហើយក៏ពិនិត្យទៅលើគោលនយោបាយជាមុនសិន សម្រាប់ផែនការអភិវឌ្ឍតំបន់ហាត់ប្រាន និងលេងកីឡានេះ។ «ផ្នែកកីឡាតែមួយមិនអាចសម្រេចបាននូវផែនការអភិវឌ្ឍនេះបានទេ ពោលគឺត្រូវការរួមគ្នាពីដៃគូអភិវឌ្ឍ ដូចជាវិស័យឯកជន អង្គការសង្គមនានា។
ឆ្នាំ២០២២ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាននេះនឹងមានព្រឹត្តិការណ៍អមមួយទៀត គឺការសម្ពោធតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ក្រោមការរៀបចំរបស់លេខាធិការដ្ឋានអាស៊ានជាមួយនឹងប្រទេសចិន។ មានន័យថា មិត្តចិនជួយអាស៊ានទាំងមូល ប៉ុន្តែមិនអាចជួយភ្លាមៗដល់ប្រទេសទាំងអស់បានទេ ដោយសារការជួយគាំទ្រនេះត្រូវការពេលវេលា និងថវិកាច្រើន។ «ក្នុងឆ្នាំ២០២២នេះ ភាគីមិត្តចិននឹងជួយកម្ពុជា លើផ្នែកសម្ភារ ដែលមានតម្លៃជាថវិកាប្រមាណ ២០ម៉ឺនដុល្លារ ដោយការដឹកជញ្ជូនជាការរ៉ាប់រងរបស់មិត្តចិន ហើយកម្ពុជាត្រូវបានមានទីលានសមរម្យ និងការបំពាក់ឧបករណ៍ សម្ភារហាត់ប្រាណ និងលេងកីឡានេះជាបន្ទុកថវិកាជាតិយើង។ ពេលនេះ លេខាធិការដ្ឋានអាស៊ានកំពុងពិនិត្យលើតំបន់ពីរ គឺនៅភ្នំពេញ និងខេត្តសៀមរាប ដែលទីតាំងណាមួយ សម្រាប់ការបំពាក់ឧបករណ៍ហាត់ប្រាណ និងលេងកីឡាដែលមានតម្លៃ ២០ម៉ឺនដុល្លារនេះ ហើយវានឹងក្លាយជាកន្លែងអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាសម្រាប់អាស៊ានតែម្តង។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះសិក្ខាសាលាចំនួន២ ក្នុងរយៈពេល៤ថ្ងៃ គឺសិក្ខាសាលាស្តីពីការអភិរក្ស និងអភិវឌ្ឍកីឡាប្រពៃណីអាស៊ាន និងសិក្ខាសាលាស្តីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ពីថ្ងៃទី៨ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២៕ ចាន់ វិចិត្រ






