ថ្នាក់ដឹកនាំខេត្តកណ្ដាល ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

ខេត្តកណ្តាល ៖ នៅសាលប្រជុំសាលាខេត្តកណ្តាល មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ ហើយក៏ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការធ្វើឱ្យខេត្តកណ្តាល មានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស។

ឯកឧត្តម មានប្រសាសន៍បន្តថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវបំពេញឱ្យបានតាមតួនាទី និងចូលរួមចំណែកក្នុងការជំរុញកិច្ចការ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យ។ ត្រូវបន្តបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗ ប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ទៀតថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត បានជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះតាមដាន ពិនិត្យមើលលើសកម្មភាពការងាររបស់ខ្លួនឱ្យបានម៉តចត់ ធ្វើយ៉ាងណាឱ្យមានតម្លាភាពជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ជាពិសេសការលើកកម្ពស់សុខភាព ការអប់រំ លក្ខខណ្ឌនៃការរស់នៅតាមរយៈវិស័យផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ត្រូវយកចិត្ត ទុកដាក់ខ្ពស់ និងត្រូវតែជំរុញឱ្យរដ្ឋបាល ក្រុង/ស្រុក ឃុំ/សង្កាត់ របស់យើងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) និងត្រូវជុំរុញឱ្យប្រជាពលរដ្ឋគ្រប់រូបនៅសហគមជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner