សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ជាមេការសំណង់ ដែលទទួលខុសត្រូវ ករណីបាក់រលំជើងទម្រចាក់ប្លង់សេបេតុងសង្កត់លើជាងសំណង់ បណ្តាលឱ្យស្លាប់ និងរបួស

ភ្នំពេញ ៖ បុរសម្នាក់ ជាមេការសំណង់ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន កាលពីថ្ងៃទី១១ សីហាឆ្នាំ២០២២ ក្រោយពីមានករណីបាក់រលំជើងទម្រចាក់ប្លង់សេបេតុងសង្កត់ បាត់បង់ជីវិតម្នាក់ និងរបួសម្នាក់ ស្ថិតនៅចំណុចការដ្ឋានកំពុងសាងសង់ នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែង មានរបងព័ទ្ធជុំជិត តាមផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានករណីបាក់ប្លង់សេសង្កត់លើកម្មករសំណង់ស្លាប់ម្នាក់ និងរបួសម្នាក់ ។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ដែលស្លាប់ ឈ្មោះភិន សារុន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកឯ អ្នករបួសធ្ងន់ឈ្មោះ សុបិន្ត ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ យ៉ាងណា ក៏ដោយរហូតមកដល់ពេលនេះ សមត្ថកិច្ច មិនបានបញ្ជាក់ពីអត្តសញ្ញាណ ម្ចាស់ផ្ទះនៅឡើយនោះទេ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ក្នុងហេតុការណ៍នេះ រថយន្តសង្គ្រោះ បានដឹកជនរងគ្រោះម្នាក់ ទៅមន្ទីរពេទ្យភ្លាមៗ នៅសល់តែសពជនរងគ្រោះម្នាក់ កប់ក្រោមគំនរដែក រហូតដល់វេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃដដែលទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ។ ទោះជាយ៉ាងណាក្តីនៅកន្លែងកើតហេតុ ម្ចាស់ទីតាំងសំណង់ បិទទ្វារជិត មិនអនុញ្ញាតិឱ្យសាច់ញាតិចូលក្រៅពីសមត្ថកិច្ច ។ បើរតាមកម្មករ បានឱ្យដឹងថា ខណៈកំពុងចាក់ប្លង់សេផ្នែកខាងមុខ សំណង់អគារខាងលើ ដោយប្រើជន្ទល់ដែក បេតុងប្លង់សេបានចាក់រួចរាល់ហើយកម្មករម្នាក់ បានចុះមកក្រោយ នៅតែម្នាក់បន្ត ពង្រាបឱ្យស្មើ ដែលកំពុងតែវីសុីម៉ង់ត៍នៅលើប្លង់សេ ទើបចាក់រួចស្រាប់តែបាក់ធ្លាក់ សង្កត់ស្លាប់ម្នាក់កប់ក្នុងល្បាយស៊ីម៉ង់ត៍និង របួសធ្ងន់ម្នាក់។

ក្រោយពេលកើតហេតុ ភ្លាមៗ កម្មកររបួសម្នាក់ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ នៅសល់តែសពជនរងគ្រោះ ត្រូវបានរើកាយយកចេញ រហូតដល់ថ្ងៃរសៀល ទើបធ្លាយរឿង បង្កឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ ។ បន្ទាប់មកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ធ្វើកំណត់ហេតុរួខរាល់ ក៏ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner