មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រមិនបានត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ សុខភាព មនុស្ស សត្វ និងរុក្ខជាតិ

(ព្រៃវែង)៖ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេធិការ និងជាតំណាង ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់ សុខភាព មនុស្ស សត្វ និងរុក្ខជាតិ ។

ការថ្លែងបែបនេះរបស់ឯកឧត្តម សាបូ អូហ្សាណូ បានធ្វើឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រនៅកម្ពុជា ដល់មន្ទីរពេទ្យទាំងអស់ក្នុងខេត្តព្រៃវែងនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

សិក្ខាសាលានេះមានការចូលរួមពីលោក ជូ មុនីដារិន អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន និងលោក វេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងផងដែរ។

ឯកឧត្តមសាបូ អូហ្សាណូ បានថ្លែងបន្តថា ដោយបានការយកចិតទុកដាក់ខ្ពស់ រវាង ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល ដើម្បីធ្វើការរួមគ្នាក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្រ្តឲ្យមានស្តងដា ក្នុងនោះយើងសហការជាមួយក្រុមហ៊ុន ប៊ុន លាង លី គ្លូបប៊ល ក្នុងការប្រមូលសំណល់វេជ្ជសាស្រ្តនេះដើម្បីដុតកំទេចចោល។

ឯកឧត្តមបានបន្ថែមថា សំណល់វេជ្ជសាស្រ្តជាសំណល់ដែលត្រូវបានបង្កើតឡើងពីគ្រប់គ្រឹះស្ថានថែទាំសុខភាព មូលដ្ឋានព្យាបាល និងថែទាំសុខភាព ដែលបង្កជាគ្រោះថ្នាក់យ៉ាងខ្លាំងលើអាយុជីវិត មនុស្ស សត្វ និងរុក្ខជាតិតាមរយៈការបង្កការពុល ការចម្លងរោគ និងការរាតត្បាតនៃជំងឺជាដើមប្រសិនបើគ្មានការគ្រប់គ្រងនិងទុកដាក់ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ។

ឯកឧត្តមបានបន្ថែមទៀតថា ក្រោមការដឹកនាំរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងរយៈពេលកន្លងមកនេះការគ្រប់គ្រងសំរាម និងកាកសំណល់រឹង នៅតាមទីប្រជុំជនមានការប្រសើរឡើង។

ឯកឧត្តមបន្តថា សំណង់វេជ្ជសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើងនេះកំពុងតែមានបញ្ហាប្រឈម និងបង្កគ្រោះថ្នាក់ ដោយសារតែមិនទាន់មានការរៀបចំឱ្យបានត្រឹមត្រូវជាពិសេសនៅតាមបណ្តា ខេត្តមួយចំនួន និងនៅតាមបណ្ដាស្រុក គ្លីនិកថែទាំសុខភាពឯកជន ដែលមិនបានរៀបចំឱ្យបានត្រឹមត្រូវ នៅសំណល់វេជ្ជសាស្ត្រ ដោយដាក់លាយឡំជាមួយនឹងសំណល់ធម្មតា។ ដូច្នេះហើយគឺអាចបង្ករជាគ្រោះថ្នាក់ដល់ មនុស្សសត្វរុក្ខជាតិជាដើម ហើយក៏មិនទាន់មាន ឡ ដុតកំទេច កាកសំណល់វេជ្ជសាស្ត្រនេះផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា ដោយឃើញថាបញ្ហាទាំងអស់នេះមានបញ្ហាខ្ពស់ក្រសួងបរិស្ថានដែលមាន ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុនដៃគូក្រុមហ៊ុនឯកជន ដើម្បីធ្វើការប្រមូលនៅសំណល់វេជ្ជសាស្ត្រនេះដើម្បីដុតកំទេចចោល ចៀសវាងការបង្កនូវគ្រោះថ្នាក់ដល់មនុស្ស សត្វ រុក្ខជាតិ។

សូមបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងដើម្បីរៀបចំទុកដាក់រាល់កាកសំណល់វេជ្ជសាស្រ្តទាំងអស់ឲ្យបានត្រឹមត្រូវ ងាយស្រួលដល់ក្រុមអ្នកប្រមូលសំរាម និងត្រូវដុតកំទេចចោលឲ្យបានត្រឹមត្រូវ ដើម្បីកំឲ្យមានផលបះពាល់ដល់សុខភាព ប្រជាពលរដ្ឋ៕ ដោយ ៖ នុត នាង

ads banner