អគ្គនាយកដ្ឋានជំនាញព្រមានដល់អ្នកលក់ប្រេងឥន្ធនៈណាដែលកេងបន្លំ នឹងរងការពិន័យ ឬអាចឈានទៅដល់ការដាក់ទោសទណ្ឌ

ខេត្តកណ្តាល ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានអំពាវនាវដល់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈសូមប្រកបអាជីវកម្មដោយសុចរិត ប៉ុន្តែប្រសិនបើមានការកេងបន្លំខ្នាតរង្វាស់រង្វាល់ ឬខ្វះលើខ្វះក្រោយ មុខជានឹងរងការពិន័យតាមច្បាប់ ឬអាចឈានទៅដល់ការដាក់ទោសទណ្ឌ បន្ទាប់ពីត្រួតពិនិត្យនិងស៊បអង្កេតរកឃើញ។

ទន្ទឹមនឹងការណែនាំនេះ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយរដ្ឋបាលខេត្តកណ្តាល ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងខេត្តកណ្តាល។

សិក្ខាសាលានេះរៀបចំឡើងនៅសាលប្រជុំរបស់សាលាខេត្តកណ្តាល ក្រោមអធិបតិភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត តំណាងមន្ទីរជុំវិញខេត្តរដ្ឋបាលស្រុក និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈក្នុងខេត្តកណ្តាល ។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបញ្ជៀបការយល់ដឹងផ្នែកច្បាប់ សិទ្ធិ អំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន ។

លោក ផាន អូន បានឱ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ និងធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ ផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពរដើម្បីរួមគ្នាដោះស្រាយក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌ និងជំរុញឱ្យខឿនសេដ្ឋកិច្ចជាតិរីកចម្រើនទៅមុខ។ ការអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាពនឹងជំរុញមានការការពារដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់និងធុរជន ធ្វើឱ្យសង្គមមានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

លោកអគ្គនាយកបានបន្តថា សម្រាប់វិស័យប្រេងឥន្ធនៈ ការធ្វើអាជីវកម្មប្រកបដោយសុចរិត និងមានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ នឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងអង្គសិក្ខាសាលានេះផងដែរ មន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានជម្រាបជូនដល់អាជីវករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈអំពីនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត នីតិវិធីនៃការពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌផងដែរ៕សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner