នគរបាលថៃប្រាប់ឲ្យអតីតប្រធានាធិបតីស្រីលង្កាកុំចេញពីសណ្ឋាគារ ដើម្បីសុវត្ថិភាព

បាងកក៖ អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ត្រូវនគរបាលណែនាំឲ្យនៅក្នុងសណ្ឋាគារ នារាជធានីបាងកក កុំចេញទៅក្រៅ ដើម្បីសុវត្ថិភាព នេះបើតាមប្រភពមួយ បញ្ជាក់កាលពីថ្ងៃសុក្រ។

នៅទីតាំងសណ្ឋាគារលាក់ឈ្មោះ គេរាយការណ៍ថា មាននគរបាលស្លៀកស៊ីវិល ត្រូវបានដាក់ពង្រាយការពារសុវត្ថិភាពលោក។ ប្រភពបន្តថា ជើងយន្តហោះរបស់លោក តាមពិត ដំបូងឡើយ គ្រោងចុះចតនៅភូកេតទេ ប៉ុន្តែបារម្ភពីការបែកធ្លាយព័ត៌មានណាមួយនោះ យន្តហោះក៏បង្វែរទិសទៅបាងកកវិញ អមដោយនគរបាលនិងទាហានថៃទៀតផង។

គួររម្លឹកថា អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa បានហោះហើរតាមយន្តហោះឯកជនពីប្រទេសសិង្ហបុរី ទៅកាន់ប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ហើយយន្តហោះរបស់ Rajapaksa បានចុះចតនៅអាកាសយានដ្ឋាន ដុនមឿង ទីក្រុងបាងកក។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បាននិយាយថា ក្នុងនាមជាអ្នកកាន់លិខិតឆ្លងដែនការទូតស្រីលង្កា Rajapaksa អាចចូលប្រទេសថៃដោយគ្មានទិដ្ឋាការរហូតដល់ ៩០ថ្ងៃ តែគាត់មិនស្វែងរកសិទ្ធិជ្រកកោននយោបាយទេ។

លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កាទៅកាន់ប្រទេសម៉ាល់ឌីវ ក្នុងខែកក្កដា ចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលយ៉ាងច្រើន មុនពេលហោះហើរទៅកាន់ប្រទេសសិង្ហបុរី ជាកន្លែងដែលគាត់បញ្ជាក់ពីការ លាលែងពីតំណែង៕ ប្រភពពី បាងកកប៉ុស្តិ៍ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner