ឯកឧត្តម សុខ លូ បានកំហិតឲ្យក្រុមហ៊ុនខ្សែកាប ក្រុមហ៊ុនអ៊ិនធឺណេត និងក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធផ្សេងៗត្រូវប្រញាប់រុះរើខ្សែកាបនៅតាមបង្គោលភ្លើងចេញជាបន្ទាន់
ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ គណៈអភិបាលខេត្តបាត់ដំបង បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារ នៃការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងបាត់ដំបង ជាពិសេសគឺផ្តោតនូវការរៀបចំប្រព័ន្ធខ្សែភ្លើង ខ្សែកាប និងខ្សែអ៊ីនធឺណេតទាំងអស់ដែលមាននៅតាមបង្គោលភ្លើងតាមដងផ្លូវក្នុងទីប្រជុំជនក្រុងបាត់ដំបង ដោយកំហិតនិងកំណត់ឲ្យម្ចាស់សាម៉ីរបស់ក្រុមហ៊ុនទាំងអស់ខាងលើ ត្រូវតែធ្វើការរុះរើជាបន្ទាន់ឲ្យបានឆាប់កាន់តែប្រសើរ ខណៈដែលអាជ្ញាធរនិងក្រុមការងារថ្នាក់ខេត្ត-ក្រុង បានខិតខំនិងកំពុងតែអនុវត្ត ពីវិធានការកំណត់ឲ្យបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងរុះរើសំយ៉ាបផ្ទះ និងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មធំៗរួចមក ។
ឯកឧត្តម ក៏បានថ្លែងអំណរអរគុណចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីរួមចំណែកក្នុងការរុះរើស្លាកផ្សព្វផ្សាយ និងសំយ៉ាបផ្ទះរបស់ខ្លួនក្នុងតំបន់អភិរក្សរបស់ខេត្ត និងដើម្បីត្រៀមទទួលយកនូវប្លង់រួមមួយតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រែក្លាយទីក្រុងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពដ៏គួរឲ្យទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកំសាន្តព្រមទាំងដើម្បីប្រកួតប្រជែងទីក្រុងស្អាត អាស៊ាន Smart-City ផងដែរ ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងឱ្យដឹងថា ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ក្នុងតំបន់អភិរក្សជាច្រើន បានចូលរួមរុះរើសំយាប និងស្លាកយីហោ ចំណែកអ្នកនៅសល់គឺរង់ចាំក្រុមជាងជួយរុះរើ។លោកអភិបាលក្រុងបានបញ្ជាក់បន្ថែមថា មានម្ចាស់លំនៅឋាន ប្រមាណជាង ៩០ភាគរយ បានរុះរើសំយ៉ាប និងផ្ទាំងប៉ាណូផ្សព្វផ្សាយចេញពីតំបន់អភិរក្ស តាមការណែនាំរបស់អាជ្ញាធរដើម្បីលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបងឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ហើយក៏ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញផងដែរ សម្រាប់ថ្ងៃខាងមុខ ។
ឯកឧត្តម សុខ លូ អភិបាលខេត្ត ក៏បានបន្ថែមថា សម្រាប់ជំហានបន្ទាប់ទៀតរដ្ឋបាលខេត្ត នឹងធ្វើការកំណត់ការលាបពណ៌ផ្ទះពិសេសសម្រាប់ផ្ទះដែលស្ថិតក្នុងតំបន់អភិរក្ស “ផ្ទះបុរាណ” ក្រុងបាត់ដំបង ដើម្បីកំណត់ពណ៌ណាដែលត្រូវលាបឱ្យដូចគ្នា ហើយនៅជំហានបន្តបន្ទាប់ទៀតនឹងត្រូវរៀបចំចិញ្ចើមផ្លូវសម្រាប់ថ្មើជើងឱ្យដូចៗគ្នា មានកម្ពស់ស្មើគ្នាតែម្ដង។ ឯកឧត្ត ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ការអភិវឌ្ឍន៍កែលម្អក្រុងបាត់ដំបង ឱ្យមានរបៀបរៀបរយនេះ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ជាមួយនិងរដ្ឋបាលខេត្តនិងអាជ្ញាធរមូលដ្ឋានផ្ទាល់ ទើបអាច កែលម្អសោភ័ណភាពទីក្រុងរបស់យើងបានប្រសើរឡើង និងជាទីក្រុងSmart-City នាពេលឆាប់ៗខាងមុខ ៕ ( ៖ អ៊ុក សំអាន )










