វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសកីឡាលើកទម្ងន់កម្រិតបឋម គឺជាមូលដ្ឋានគ្រឹះ ឈានក្លាយជាមន្រ្តីបច្ចេកទេសអន្តរជាតិ

វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសកីឡាលើកទម្ងន់កម្រិតបឋម ដំណើរការរយៈពេល២ថ្ងៃ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលមានសិក្ខាកាមចូលរួមចំនួន៣៣នាក់ជាមន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករកីឡាការិនី បានបញ្ចប់ដោយជោគជ័យ ។
លោក សំ សុខយី អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺជាចំណេះដឹងកម្រិតមូលដ្ឋាន បង្ហាត់ដោយគ្រូបរទេស សម្រាប់មន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ឈានទៅវគ្គបន្ត ដើម្បីអភិវឌ្ឍខ្លួនក្លាយជាមន្រ្តីបច្ចេកទេសអន្តរជាតិ។ លោក អគ្គលេខាធិការ អះអាងថា ដើម្បីឲ្យសិក្ខាកាមអាចបន្តដល់វគ្គកម្រិតមធ្យម បានសហព័ន្ធចាំបាច់ត្រូវតែដុសខាតសមត្ថភាព វគ្គបឋមជាមុនសិន ដើម្បីឲ្យពួកគេស្គាល់អំពីច្បាប់ និងលក្ខន្តិកៈ អោយបានល្អប្រសើរ និងមានសមត្ថភាពគ្រប់គ្រាន់អាចប្រឡងជាប់ជាមន្រ្តីបច្ចេកទេសអន្តរជាតិ។ អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលកម្រិតបឋមនេះ មានគោលដៅ២សំខាន់ ១.គឺផ្តោតលើមន្រ្តីបច្ចេកទេស គឺបង្ហាត់ពីរៀបចំការប្រកួតផ្សេងៗ បទបញ្ជា នៃការប្រកួត ដើម្បីឲ្យមន្រ្តីបច្ចេកទេសយល់ពីតួនាទីភារកិច្ចជាមន្រ្តីរៀបចំការប្រកួត និងគណៈកម្មការបច្ចេកទេស ក្នុងការពិនិត្យដាក់ពិន្ទុ។ ទី២. គឺជាការផ្តល់ចំណេះដឹងដល់កីឡាករ កីឡាការិនីលើកទម្ងន់ឲ្យពួកគេកាន់តែមានច្បាស់លាស់ទៅលើការបង្ហាញបច្ចេកទេសលើឆាកអន្តរជាតិ។
លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា មានប្រសាសន៍ថា បន្ទាប់ពីទទួលចំណេះដឹងកម្រិតបឋមនេះ សិក្ខាកាមទាំងអស់នឹងទទួលបានវគ្គមួយទៀត នៅខែកញ្ញា គឺជាវគ្គកម្រិតធម្យម ជាវគ្គអន្តរជាតិបង្ហាត់ដោយគ្រូបរទេស នឹងមានការធ្វើតេសសមត្ថភាពជាភាសារអង់គ្លេស។ ដូច្នោះសូមសិក្ខាកាមទាំងអស់ស្វែងយល់ឲ្យបានច្បាស់ និងស៊ីជម្រៅ ដើម្បីវគ្គបន្ទាប់ យើងទទួលបានវិញ្ញាប័នបត្របញ្ជាក់ជាអន្តរជាតិ។ អនុប្រធានរូបនេះ បានគូសបញ្ជាក់ទៀតថា ក្រោយបញ្ចប់ សិក្ខាកាម នឹងទទួលបានវិញ្ញាប័នបត្រកម្រិតអន្តរជាតិ មានសិទ្ធិចូលរួមជាមន្រ្តីអាជ្ញាកណ្តាល ក្នុងការរៀបចំរបស់សហព័ន្ធអន្តរជាតិ ។ លោក បានជម្រុញ ឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គកម្រិតបឋមនេះ ទៅចែករំលែក ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មូលដ្ឋានឲ្យកាន់តែផុសផុល ដើម្បីជួយផ្សព្វផ្សាយធ្វើយ៉ាងណាឲ្យកីឡាលើកទម្ងន់កាន់តែមានប្រជាប្រិយភាពនៅកម្ពុជា។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសកីឡាលើកទម្ងន់កម្រិតបឋម ដែលមានសិក្ខាកាម ជាមន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន៣៣នាក់ ដែលសិក្សារយៈពេល២ថ្ងៃទទួលបាននិទ្ទេសល្អចំនួន៣៥% និទ្ទេសបង្គួរចំនួន% និង និទ្ទេសមធ្យមចំនួន១០%៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner