ក្រុមហ៊ុនមីជាតិបន្តចូលរួមឧបត្ថម្ភធំដល់ព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី៨ នៅក្រុងសៀមរាប
សៀមរាប៖ ជាមួយគុណតម្លៃ និងទឹកចិត្តក្នុងការចូលរួមទ្រទ្រង់ដល់ដំណើរការប្រចាំថ្ងៃរបស់មន្ទីរពេទ្យកុមារអង្គរ ក្រុមហ៊ុនមីជាតិបានបន្តចូលរួមឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី៨” ដែលបានប្រព្រឹត្តឡើងនៅក្រុងសៀមរាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ សហការរៀបចំដោយគណៈកម្មការរៀបចំព្រឹត្តិការណ៍ជិះកង់ (CFC) និងមន្ទីរពេទ្យកុមារអង្គរ ដោយមានការចូលរួមប្រមាណ ១,០០០នាក់។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាពីសាធារណជន វិស័យឯកជន និងស្ថាប័ននានាដើម្បីទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ ដែលមានបេសកកម្មព្យាបាល និងជួយសង្រ្គោះអាយុជីវិតរបស់កុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងមិនគិតកម្រៃ។
មន្ទីរពេទ្យកុមារអង្គរ គឺពឹងផ្អែកទៅលើជំនួយសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស ដែលបានបើកបំរើសេវាសុខភាពជូនកុមារកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ទោះបីជាមានបញ្ហាកង្វះថវិកានៅក្នុងដំណើរការប្រតិបត្តិយ៉ាងណាក៏ដោយ មន្ទីរពេទ្យមួយនេះ មិនដែលរួញរានឹងសង្រ្កោះអាយុជីវិតកុមារណាម្នាក់នោះឡើង។
ថ្លែងក្នុងពិធីនេះ លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា មីជាតិ ពិតជាមានសេចក្តីរីករាយ ដែលបានបន្តចូលរួមឧបត្ថម្ភគាំទ្រក្នុងព្រឹត្តិការណ៍ជិះកង់នេះជាថ្មីម្តងទៀត។
ព្រឹត្តិការណ៍ឆ្នាំទី៨នេះ នឹងនៅបន្តជានិមិត្តរូប នៃស្មារតីសាមគ្គី ការរួបរួមគ្នា និងការបង្ហាញក្តីស្រលាញ់របស់ប្រជាជាតិខ្មែរ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងបន្តចូលរួមគាំទ្រព្រឹត្តិការណ៍ដ៏ធំមួយនេះ ដើម្បីបុព្ធហេតុកុមារកម្ពុជា។
បន្ថែមពីនេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តផ្តល់ការគាំទ្រ និងប្រើប្រាស់ផលិតផលមីជាតិ ដែលមានច្រើនជម្រើស និងរសជាតិ ក៏ដូចជាផលិតផលខ្មែរដទៃទៀត ដែលនេះបានបង្ហាញពីស្មារតីនៃការគាំទ្រផលិតផលក្នុងស្រុក និងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាមោទនភាពរបស់ជាតិយើង។
លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នាពេលនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏ពិសេសមួយរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការចូលរួមថែរក្សាបរិស្ថាន និងសុខភាព ជាពិសេសគឺការចូលរួមចំណែកក្នុងការបរិច្ចាគនូវថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។
លោកបន្តថា បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរកំពុងមានភាពមមាញឹកក្នុងការជួយសង្គ្រោះ និងព្យាបាលជំងឺដល់កុមារ ដែលកំពុងមានការកើនឡើងឥតឈប់ឈរ ហើយក្នុងនោះមានតម្រូវការព្យាបាលដោយឯកទេសជំនាញ មានចំនួនកាន់តែច្រើន ដែលជំងឺទាំងនោះមានដូចជា ជំងឺមហារីក តម្រងនោម ប្រព័ន្ធប្រសាទ ជំងឺទារក និងជំងឺមួយចំនួនទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្នាំនេះទទួលបានការចូលរួមពីសាធារណជន ក្រុមហ៊ុនឯកជន និងសា្ថប័ននានាប្រមាណ ១,០០០នាក់ ដែលការជិះកង់នេះ ចាប់ផ្តើមចេញពីគ្រឹះស្ថានអង្គរ (នៅផ្លូវ៦០ម៉ែត្រ)ឆ្ពោះទៅឧទ្យានព្រៃអង្គរ ជាមួយការឆ្លងកាត់ប្រាសាទបាយ័ន ទីលានជល់ដំរី សំដៅទៅសាលាបឋមសិក្សានគរក្រៅ ដែលជាទីតាំងបញ្ចប់កម្មវិធី។
បន្ថែមពីនេះ មីជាតិក៏បានចូលរួមផ្តល់ជាកញ្ចប់អំណោយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សានគរក្រៅផងដែរ។ ក្នុងនាមជាផលិតផលជាតិ មីជាតិ សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌នានា ក៏ដូចជាផលិតផលជាតិដើម្បីរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ឆ្លើយតបនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិប្តេជ្ញាចិត្តបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានាបន្ថែមទៀត៕ ដោយ៖ ទីណា