សិស្ស សាលា ប៊ែលធី អន្តរជាតិ ចំនួន ៩,២៩០នាក់ ចូលរួមប្រកួតកម្មវិធីប្រកួតប្រជែង សំណេរភាសាខ្មែរ លើកទី៦ ឆ្នាំ២០២២
ភ្នំពេញ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី ប្រកួតប្រជែង សំណេរភាសាខ្មែរ កម្រិតប៊ែលធី (BELTEI Level) លើកទី៦ ឆ្នាំ២០២២ នៅសាលាប៊ែលធីអន្តរជាតិទី៩ (ស្ទឹងមានជ័យ) សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី៤ ទី៧ និងទី១០ ដែលមានបេក្ខជន ចំណាត់ថ្នាក់លេខ១ ប្រចាំសាខាទាំង២២ ចំនួនសរុប ៦៦នាក់ ចូលរួមប្រកួតប្រជែង ដណ្តើមជ័យលាភី ក្រោមអធិបតីភាព លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្របគ្រង នាយកសាខា តំណាងលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប។
តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា សាលា ប៊ែលធី អន្តរជាតិ បានរៀបចំការប្រកួតប្រជែង ជាច្រើនកម្មវិធីរួមមាន៖ ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រកួតគណិតវិទ្យា ការប្រកួតជជែកដេញដោល វគ្គជម្រុះជុំទី១ ទី២ ទី៣ ការប្រកួតពានរង្វាន់បាល់ទាត់ប៊ែលធី (U13 &U16) និងការប្រកួតប្រជែង សំណេរភាសាខ្មែរផងដែរ។
ចំពោះកម្មវិធី ការប្រកួតប្រជែង សំណេរភាសាខ្មែរនេះ គឺមានបេក្ខជនសិស្សសាលា ប៊ែលធី អន្តរជាតិ ថ្នាក់ទី៤ ទី៧ និងទី១០ សរុបចំនួន ៩,២៩០នាក់ បានចូលរួមប្រកួតប្រជែង សំណេរភាសាខ្មែរ លើកទី៦ ឆ្នាំ២០២២។ បេក្ខជនទាំងអស់ ត្រូវធ្វើការប្រកួតជម្រុះ តាមថ្នាក់ (Class Level) និងតាមសាខា (CAMPUS LEVEL) របស់ខ្លួន ដើម្បីចម្រាញ់ យកបេក្ខជនឆ្នើម ពីតាមសាខាទាំង២២ ចំនួន ៦៦នាក់ មកចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ។
បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន២៤ សាខា ក្នុងនោះ ២៣សាខា កំពុងដំណើរការ និង១សាខា កំពុងសាងសង់ (គ្រោងនឹងដាក់ឱ្យដំណើរការ នាខែសីហាខាងមុខនេះ) និងមានសិស្សកំពុងសិក្សាចំនួនជាង ៥៥,០០០ នាក់ និងមានបុគ្គលិកបម្រើការងារ ប្រមាណជាង ២,៥០០នាក់ផងដែរ។ សាលា ប៊ែល ធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ចំនួន ៥ និងកម្មវិធី សិក្សាបន្ថែមចំនួន៩។បវេសនកាលចំណេះទូទៅ ឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងវគ្គថ្មីភាសាអង់គ្លេសទូទៅ ពេញម៉ោង និងក្រៅម៉ោង ជំនាន់ទី៦៥ នឹងត្រូវចូលរៀននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។
លោក លី ប៊ុនឆៃ បានកោតសរសើរចំពោះ សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្រាវជ្រាវ ដើម្បីចូលរួមប្រកួតប្រជែង ចាប់តាំងពីកម្រិតថ្នាក់ កម្រិតសាខារបស់ខ្លួន រហូតដល់ទទួល បានជោគជ័យ ក្នុងវគ្គផ្តាច់ព្រ័ត្រ នាពេលនេះ និងបានថ្លែង អំណរ គុណចំពោះ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យ សាលាបានល្អ។
លោកអគ្គនាយករង បានបន្ថែមទៀតថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងពង្រឹង គុណភាពអប់រំ ផ្នែកចំណេះទូទៅ ឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឲ្យស្របតាមបាវចនាប៊ែលធី «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌» ហើយដើម្បីឲ្យប្អូនៗ ក្មួយៗទាំងអស់ មានភាពវៃឆ្លាតក្នុងការសិក្សា និងចងចាំបានល្អ ព្រមទាំងស្ទាត់ជំនាញក្នុងការសរសេរពាក្យពេចន៏ នាម គុណនាម កិរិយាសព្ទ័ និងកថាខណ្ឌ ឃ្លាល្បៈ ឲ្យបានត្រឹមត្រូវ។
លោកអគ្គនាយករង ប្រគល់មេដាយមាស ប្រាក់ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាថ្នាក់ទី៤ ទី៧ និងទី១០ ចំនួន ៩នាក់ ផងដែរ៕