មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស បញ្ជាក់ថា កីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យចាកឆ្ងាយពីគ្រឿងញៀន
ឯកឧត្តម ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ បានអញើញបើកការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤.កញ្ញា.២០២២) ។
នាព្រឹកថ្ងៃទី១៤ខែសីហា ឆ្នាំ២០២២ ដោយសារការរីករាលដាលជម្ងឺកូវីដ១៩ បានអាក់ខានការប្រកួតនេះរយៈពេល ២ឆ្នាំជាប់គ្នា ប៉ុន្តែបច្ចុប្បន្នដោយសារការរៀនរស់នៅក្នុងបរិបទថ្មី បានធ្វើឲ្យវិស័យកីឡា មានការរីកចម្រើនឡើងបន្ថែមទៀត។ ក្នុងន័យលើកកម្ពស់វិស័យកីឡា ក្រោមយុទ្ធសាស្ត្រសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា គឺប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ។
លោកប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២២នេះ មាន១៩ក្រុមកីឡាករចំនួន២៨២នាក់ នៅក្នុងបញ្ជាការដ្ឋានអង្គរក្ស ហើយការប្រកួតបាន បែងចែកជា ៤ពូល នាព្រឹកអាទិត្យ ដែលចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២២។
ឯកឧត្តម ណុប រ័ត្ននិមល បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង គឺជារាល់លើកដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ និងស្របតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទនោះ។ យើងសូមអរគុណចំពោះសុខសន្តិភាព។ សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។ ដោយសារកត្តា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ។ កម្ពុជាពិតជាសំណាងណាស់ ដែលយើងមានប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ធ្វើឲ្យមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមកីឡាករត្រូវបន្តថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងវិធានការសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម ណុប រ័ត្ននិមល បាននាំយកថវិកា នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី
ឧបត្ថម្ភដល់កីឡាករទាំង១៩ក្រុម មួយក្រុមៗ១លានរៀល,ឧបត្ថម្ភដល់គណៈកម្មការកីឡាមួយម្នាក់ៗ៤០មុឺនរៀលនិងការរៀបចំរោង៥លានរៀលផងដែរ៕ដោយ-រ៉ាវុធ