អាជ្ញាធរអប្សរាកំពុងជំរុញឱ្យទេសចរចូលទស្សនាប្រាសាទតូចៗ
សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំ និងកែលម្អហេដ្ឋារចនាសម្ពន្ធតាមប្រាសាទមួយចំនួន ក្រៅពីប្រាសាទធំៗ ដើម្បីជំរុញឱ្យទេសចរចូលទស្សនាប្រាសាទតូចៗដែលមិនសូវគេស្គាល់ច្រើន។ ប្រាសាទតូចៗទាំងនោះមានសិល្បៈដ៏ទាក់ទាញមួយបែប តែទេសចរហាក់មើលរំលង។អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកផ្នែកទេសចរណ៍ លោក ឡុង កុសល បានឱ្យដឹងថា ការរៀបចំនេះក្នុងបំណងបញ្ចៀសការកកកុញរបស់ទេសចរនៅតាមប្រាសាទធំៗ ឱ្យទៅទស្សនាប្រាសាទផ្សេងទៀតដែលកន្លងមកតែងមើលរំលង។ លោកបន្ថែមថា ការងារនេះក៏ដើម្បីលើកតម្លៃប្រាសាទទាំងនោះផងដែរ ខណៈដែលអាជ្ញាធរជាតិអប្សរា បានជួសជុល និងអភិរក្សបានជាច្រើន។
តាមការបញ្ជាក់ពីលោក ឡុង កុសល អាជ្ញាធរជាតិអប្សរា ការងារនេះយ៉ាងណាជំរុញឱ្យទេសចរមានគម្លាតការដើរទស្សនា ខណៈដែលសកលលោកប្រកាសពីការរៀនរស់ជាមួយជំងឺកូវីដ១៩។ «ការគ្រប់គ្រងនូវលំហូរទេសចរមានសារសំខាន់ណាស់ម្រាប់យើង គឺគាត់មកទស្សនាសប្បាយផង គាត់មិនទទួលបាននូវជំងឺណាមួយត្រឡប់ទៅវិញផង។ ការគ្រប់គ្រងទេសចរ គឺអាចឱ្យគាត់ធ្វើដំណើរពីទីតាំងមួយទៅទីតាំងមួយទៀត ប្រកបដោយសុវត្ថិភាព»។ លោក ឡុង កុសល ថ្លែងដូច្នេះទៅកាន់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី១០ ខែសីហា នៅបរិវេណមុខប្រាសាទអង្គរវត្ត។
លោក កុសល បានលើកឧទាហរណ៍ដូចករណីប្រាសាទតាព្រហ្ម ដែលក្រុមការងារអាជ្ញាធរជាតិអប្សរាបានរៀបចំវង់ទស្សនាថ្មី ខណៈដែលទីតាំងនេះមានភាពចង្អៀត និងមិនសូវមានពន្លឺគ្រប់គ្រាន់។ លោកថ្លែងយ៉ាងដូច្នេះថា៖« យើងបានរៀបចំ សិក្សាច្បាស់លាស់ទីតាំងដែលមានហានិភ័យ ឧទាហរណ៍តាព្រហ្ម តូចចង្អៀត មិនសូវមានពន្លឺ ហើយមូលហេតុដែលឆ្លងកូវីដ គឺការកកកុញ មិនសូវមានពន្លឺ តើចន្លោះនៃការដើរពីមួយក្រុមទៅមួយក្រុមដើរដោយរបៀបណា»?
ទាក់ទងនឹងការជំរុញការទស្សនាប្រាសាទតូចៗវិញ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាប្រាប់ថា ស្ថាប័ននេះកំពុងរៀបចំហេដ្ឋារចនាសម្ពន្ធ ដូចជាចំណត វង់ទស្សនាភ្ជាប់ពីប្រាសាទតូចៗទៅប្រាសាទដែលទេសចរនិយមទៅទស្សនា។ ក្នុងនោះក៏មានការរៀបចំកន្លែងមើលថ្ងៃរះថ្ងៃលិចថ្មីនៅប្រាសាទភ្នំក្រោមជាដើម។ លោក កុសល បន្ថែម៖« កន្លងមកទេសចរទៅប្រមូលផ្ដុំតែនៅអង្គរវត្ត និងបាខែង តែអ្វីដែលអប្សរារៀបចំនូវផ្លូវអនុញ្ញាតបានច្រើនទីតាំង ជាក់ស្ដែងនៅភ្នំក្រោម ទីតាំងល្អណាស់ ពេលព្រឹកមើលទឹកទន្លេសាប ផ្ទះលិចទឹក ជាទិដ្ឋភាពមួយល្អ ថ្ងៃលិចក៏ដូចគ្នា ស្អាតមែនទែន»។
ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងរៀបចំចំណតនៅប្រាសាទបន្ទាយប្រិយ៍ផងដែរ ខណៈដែលប្រាសាទនេះនៅជិតប្រាសាទព្រះខ័ន តែទេសចរតែរំលងទៅប្រាសាទនាគព័ន្ធ តាសោមជាដើម៕ ចាន់ វិចិត្រ