ឯកឧត្ដម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំប្រតិភូយុវជនផ្នែកឃោសនាអប់រំ សួរសុខទុក្ខនិងសុំឱវាទពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ លោក ទួន យ៉ាត អនុប្រធាន សមាជិក សមាជិកាផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញសួរសុខទុក្ខ និងសុំវាទពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈ អចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដល់គេហដ្ឋាននៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តម ចាយ បូរិន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកត្តិយសគណបក្ស សម្តេច លោកជំទាវ ឯកឧត្តម ដែលជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ជាពិសេសពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។
ឯកឧត្តមប្រធានប្រតិភូបានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណកោតសរសើរដោយស្មោះចំពោះវីរភាព និងស្នាដៃដ៏ធំធេងជាច្រើន មិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ដែលបានចូលរួមចំណែកបម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានចូលរួមនៅក្នុងការបម្រើជាតិស្ទើរមួយជីវិត ដូចជាធ្លាប់បានបំពេញការងារជានិពន្ធនាយករង កាសែតរណសិរ្ស (កាសែតកម្ពុជា) ជានិពន្ធនាយកកាសែតបក្ស(កាសែតប្រជាជន) ជាអនុរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងរាស្ត្រ នីតិកាលទី១រហូតដល់នីតិកាលទី៦ ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌។
ឯកឧត្ដមក៏បានលើកឡើងផងដែរថា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ជាធនធានប្រទេសជាតិដ៏កម្រ ដែលយុវជនជំនាន់ក្រោយយកជាគំរូ និងអនុវត្តតាម។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា បានសម្តែងនូវទឹកចិត្តរំភើបរីករាយ និងបានថែ្លងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន និងសម្តេច លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ពិសេសឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខដល់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជន និងអ្នកដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិមាតុភូមិ ជារៀងរហូតមក ដែលនេះគឺជាប្រពៃណីដ៏ល្អផូរផង់របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលទាំងក្នុងនិងក្រៅប្រទេស ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវទេពកោសល្យ និងសមត្ថភាពដឹកនាំរបស់ឯកឧត្តមបណ្ឌិត ដែលជាសរសរទ្រូងប្រកបដោយគុណភាពរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបន្តវេន ពោរពេញដោយសមត្ថភាព ជាទំពាំងស្នងឫស្សីរបស់គណបក្សនិងប្រទេសជាតិទៅថ្ងៃអនាគត។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមើលឃើញពីទស្សនវិស័យដឹកនាំរបស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានភាពវៃឆ្លាតក្នុងការដឹកនាំ រឹងមាំ មោះមុត មានកតញ្ញូ គុណធម៌ សីលធម៌ ត្រឹមត្រូវក្នុងការឱ្យតម្លៃកម្លំាងយុវជន គឺជាកម្លាំងស្នូល និងជាកម្លាំងបន្តវេន ដែលមានភារកិច្ច ចូលរួមចំណែកធានានិរន្តភាព នៃការដឹកនាំប្រទេស ដែលត្រូវខិតខំបំពេញការងារដោយប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាជន ក៏ដូចជាការរួបរួមប្រមូលផ្តុំកម្លាំងមហាសាមគ្គីដើម្បីកសាងនិងអភិវឌ្ឍជាតិឲ្យរុងរឿងទៅមុខបន្តពីយុវជនជំនាន់មុន។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន និងឯកឧត្តម កែវ ពិសិដ្ឋ រួមជាមួយ សមាជិក សមាជិកា បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិការបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មានសុខភាពល្អ កម្លាំង មាំមួន និងមានជន្មាយុយឺនយូរ៕