កីឡាករ-កីឡាការិនីទូកក្តោងកម្ពុជា ១២រូបចេញទៅធ្វើការហ្វឹកហាត់រយៈពេល ២សប្តាហ៍ នៅប្រទេសថៃ
នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយទទួលបានការអញ្ជើញរបស់សហព័ន្ធកីឡាទូកក្តោងប្រទេសថៃ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនគ្រូបង្វឹកចំនួន ២រូប និងក្រុមកីឡាករ-កីឡាការិនីចំនួន ១២រូបចេញទៅធ្វើការហ្វឹកហាត់រយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិកីឡាទូកក្តោងប្រទេសថៃ ទីក្រុងប៉ាតាយ៉ា ដឹកនាំដោយលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងនោះដែលក៏មានប្រភេទទូកក្តោងចំនួន ៥ប្រភេទ បានចូលរួមមាន៖
១. ទូកក្តោងប្រភេទ Windsurfing មានកីឡាករចំនួន ៣រូប
២. ទូកក្តោងប្រភេទ Windfoil មានកីឡាករចំនួន ២រូប
៣. ទូកក្តោងប្រភេទ ILCA មានកីឡាករ-កីឡាការិនី ចំនួន ៤រូប
៤. ទូកក្តោងប្រភេទ 29er មានកីឡាករចំនួន ២រូប
៥. ទូកក្តោងប្រភេទ Optimist មានកីឡាការិនីចំនួន ១រូប
សម្រាប់ការហ្វឹកហាត់រយៈពេល ២សប្តាហ៍នេះ គឺជាការហ្វឹកហាត់បង្កើនសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ របស់ក្រុមកីឡាករ-កីឡាការិនីទូកក្តោងកម្ពុជា ដោយនឹងចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិទូកក្តោងរបស់ប្រទេសថៃ។
ការហ្វឹកហាត់នេះគឺជាការត្រៀមខ្លួនរបស់កីឡាករ-កីឡាការិនីទូកក្តោងកម្ពុជាទាំង ១២រូប ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រោយពីគណៈកម្មាធិការជាតិការរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានសម្រេចដាក់បញ្ចូលប្រភេទកីឡាទូកក្តោងចូលទៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។ ចាន់ វិចិត្រ