រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ វិស័យ បរិស្ថាន និងធនធានធម្មជាតិ បានរួមចំណែកយ៉ាងសំខាន់លើ ការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់
ភ្នំពេញ៖ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ នឹង វិស័យបរិស្ថាន និង ធនធានធម្មជាតិបាន រួមចំណែកយ៉ាងសំខាន់នៅក្នុងការ ពង្រឹង សមត្ថភាព របស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្រ្កាបបទល្មើស ពាក់ព័ន្ធនឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងការកសាងសំណុំរឿង បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ឯកឧត្តមបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ» នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម សូ ខនឫទ្ធីគុណ បានថ្លែងថា សិក្ខាសាលា នៅក្នុងថ្ងៃនេះ បានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហើយឯកឧត្តម ក៏សូមស្វាគមន៍ចំពោះ ការអញ្ជើញចូលរួម ពីអស់លោក លោកស្រី មកពីស្ថាប័ន ពាក់ព័ន្ធ នៅក្នងខេត្តព្រះវិហារ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ស្របតាមគោលបំណង និង គោលដៅ នៃការអនុវត្តគោលនយោបាយ និងផែនការគាំទ្រ ដល់ ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា និងបន្ថែមលើសិក្ខាសាលា កន្លងមក ដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការការពារអភិរក្សបរិស្ថាន នោះ សិក្ខាសាលានៅថ្ងៃនេះដើម្បីពង្រឹងឱ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹង ទូលំទូលាយអំពីច្បាប់ដែលអនុវត្តចំពោះ តំបន់ ការពារ ធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ ភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តម សូ ខនឫទ្ធិគុណ ក៏បានថ្លែងបញ្ជាក់ថា សិក្ខាសាលានា ថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីការខិតខំ និងយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះវិហារ ក្នុងការចូលរួម ចំណែកក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធនធាន ធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិ នៅកម្ពុជា ស្របតាម គោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
សិក្ខាសាលានេះបានផ្តោតលើប្រធានបទមួយចំនួន ក្នុងនោះ ទស្សនទាន នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និង សហវិមជ្ឈការលើវិស័យបរិស្ថាន,សញ្ញាណទូទៅនៃទ្រព្យសម្បត្តិរដ្ឋ, សញ្ញាណទូទៅនៃច្បាប់ស្តីពីការប្រឆាំងការបោសសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម,ច្បាប់ និងបទល្មើសទ្រព្យសម្បត្តិរដ្ឋ ,តួនាទីរបស់នគរបាលយុត្តិធម៌និងនីតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕ ដោយ៖ សេឌី