សមាគមពាណិជ្ជកម្មកម្ពុជា-ចិន រៀបចំកម្មវិធីជួបជុំវិនិយោគិនបរទេស និងសមាជិកថ្មី ដើម្បីនាំការវិនិយោគសម្រាប់ប្រទេសកម្ពុជា

ភ្នំពេញ៖ សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលជាសមាគមមួយក្នុងចំណោមសមាគមចិនឈានមុខគេ ដែលមានទីស្នាក់ការនៅទីក្រុងហុងកុង ព្រមទាំងទើបតែបើកសម្ពោធការិយាល័យតំណាងប្រចាំនៅកម្ពុជានាខែមិថុនាកន្លងទៅថ្មីៗនេះ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយសមាជិកចាស់ ព្រមទាំងទទួលសមាជិកថ្មីជាច្រើនរយនាក់នៅគម្រោង អឺបេន វីលីគ និងមជ្ឍមណ្ឌលច្នៃប្រឌិត ហ្វេគធើរី ភ្នំពេញ។

សមាគមពាណិជ្ជកម្មកម្ពុជា-ចិនបានបង្កើតឡើងក្នុងឆ្នាំ២០២១ ជាមួយនឹងក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ វិនិយោគិន អ្នកដឹកនាំឧស្សាហកម្ម សហគ្រិន និងសមាជិកនៃរាជវង្សកម្ពុជា។ សមាគមពាណិជ្ជកម្មកម្ពុជា-ចិន ដែលហៅកាត់ថា CCCA ។គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងរួមរបស់អ្នកវិនិយោគ សហគ្រិនក្នុងបណ្តាប្រទេស និងតំបន់នានានៅអាស៊ី រួមមាន ចិន កម្ពុជា ហុងកុង សិង្ហបុរី ដើម្បីបង្កើតជាស្ពានមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រិន អ្នកវិនិយោគដែលមានបទពិសោធន៍វិនិយោគក្នុងប្រទេសកម្ពុជា ជាមួយសហគ្រិននិងអ្នកវិនិយោគមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជា។

លើសពីនេះ បេសកកម្មរបស់ CCCA រួមមានការលើកកម្ពស់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្ម ព្រមទាំងគាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម និងបំពេញទំនួលខុសត្រូវសង្គមឲ្យកាន់តែប្រសើរឡើង។

ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត ប៊ែន លី ប្រធានកិត្តិយស និងជាអគ្គនាយកស្ថាបនិកគម្រោង អឺបេន វីលីគ និង ហ្វេគធើរី ភ្នំពេញ បានលើកឡើងថា កម្ពុជានៅតែមានឱកាសទីផ្សារល្អសម្រាប់ការវិនិយោគទៅលើវិស័យផ្សេងៗ រួមទាំងវិស័យអចលនទ្រព្យ ហើយការចាប់អារម្មណ៍វិនិយោគក្នុងវិស័យនេះ ពីវិនិយោគិន ចិន ហុងកុង សិង្ហបុរី ម៉ាឡេស៊ី នៅតែមានចំនួនច្រើន ដោយថ្មីៗនេះ លោកផ្ទាល់ដែលជាប្រធានកត្តិយសនៃសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាវិនិយោគិនធំជាងគេក្នុងវិស័យកាត់ដេរនៅកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំ កំពុងតែបន្តគៀងគរអ្នកវិនិយោគបន្ថែមមកទីផ្សារកម្ពុជាផងដែរ។

ដោយឡែកប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិនប្រចាំនៅកម្ពុជា (CCCA), ខេមបូឌា ឆាបធើ, លោកបណ្ឌិត ឆយ បានបញ្ជាក់ថា វិនិយោគិនចិន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី អាចនឹងត្រលប់មកវិនិយោគលើវិស័យផ្សេងៗ ជាពិសេសអចលនទ្រព្យនិងសំណង់បន្ថែមក្នុងទីផ្សារកម្ពុជាកាន់តែច្រើន តាមរយៈការកៀរគរនូវវិនិយោគិនដែលជាដៃគូរស្រាប់ក្នុងសមាគមន៍ និងដៃគូថ្មីៗ ស្របពេលដែលកម្ពុជាបានផ្តល់នូវលក្ខខណ្ឌអំណោយផលច្រើនទៅលើការវិនិយោគ រួមនឹងការបន្ធូរបន្ថយនូវច្បាប់វិនិយោគជាច្រើនដល់វិនិយោគិនបរទេសផងដែរ។

ជាមួយគ្នានេះ សហគ្រិនស្ត្រីឆ្នើមលោកស្រី ខាតធើរីន ចាន់ ដែលទទួលបានពានរង្វាន់ជាច្រើន និងជាស្ថាបនិក Gold Fame Group មានប្រសាសន៍ថា កំឡុងពេល៣០ឆ្នាំមកនេះ លោកស្រីមើលឃើញអំពីសក្កដានុពលរបស់ប្រទេសកម្ពុជា ហើយលោកស្រីបាន ផ្តល់ការងារដល់បុគ្គលិករបស់ខ្លួន៣ជំនាន់ហើយនៅកម្ពុជា ។លោកស្រីមានទស្សនៈវិស័យវិជ្ជមានចំពោះការវិនិយោគនៅកម្ពុជា។

គួរបញ្ជាក់ថា សមាគមពាណិជ្ជកម្មកម្ពុជា-ចិនប្រចាំកម្ពុជាបង្កើតឡើងនៅខែឧសភា ឆ្នាំ២០២២ ដែលមានការគាំទ្រពីវិនិយោគិន និងសហគ្រិនជាច្រើនចូលជាសមាជិក។ ទន្ទឹមគ្នា បន្ទាប់ពីធូរស្បើយពីជំងឺសកលកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការងារជាច្រើនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមទាំងការវិនិយោគនានា។

បើតាមការព្យាករណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា អត្រាកំណើនសេដ្ជកិច្ចកកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញ ក្នុងអត្រា ៥,១ភាគរយក្នុងឆ្នាំ ២០២២ ខណៈដែលការវិនិយោគពីបរទេស និងតម្រូវការក្នុងស្រុកកាន់តែមានភាពល្អប្រសើរ៕
ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner