ប្រធានសហព័ន្ធម៉ូតូទឹកជំរុញគោលដៅឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម

ភ្នំពេញ៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានរៀបចំមហាសន្និបាតវិសាមញ្ញរបស់ខ្លួន ដើម្បីកែសម្រួលសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី ឲ្យស្របតាមផែនការត្រៀមរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសគោលដៅឆ្ពោះទៅ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាការទទួលខុសត្រូវក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូងនេះ ខណៈឯកឧត្តម ណុះ ស្លេះ ក៏បានលើកបង្ហាញ និងជំរុញគោលដៅឆ្ពោះទៅស្វែងមេដាយ ក្នុងព្រឹត្តិការណ៍នេះទៀតផង។

ឯកឧត្តមប្រធានសហព័ន្ធគូសបញ្ជាក់ថា សហព័ន្ធនឹងរៀបចំក្រុមការងារបច្ចេកទេស ឲ្យស្របតាមតម្រូវការជាក់ស្តែង។អង្គមហាសន្និបាតបានត្រួតពិនិត្យមើលលើរបាយការណ៍ និងសកម្មភាពការងាររៀបចំការប្រកួតអន្តរជាតិ នៅខេត្តព្រះសីហនុ កាលពីខែឧសភា ឆ្នាំ២០២២ កន្លងមក ដែលជាព្រឹត្តិការណ៍ Pre-Sea Games។ ក្រោយការរៀបចំនេះ សហព័ន្ធពិនិត្យឃើញថា ខ្លួនមានភាពរឹងមាំដោយអាចរៀបចំព្រឹត្តិការធំៗ ដូចជាការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដោយខ្លួនឯងបាន។ ចំពោះការរៀបចំការប្រកួតកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍កីឡាជាតិ (National Games) លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ គឺជាការត្រៀមខ្លួនលើកទី២ សម្រាប់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមប្រធានសហព័ន្ធក៏បានលើកបង្ហាញផែនការចម្បងៗចំពោះមុខមួយចំនួនទៀត ដើម្បីសម្រួចគោលដៅឆ្ពោះទៅស្វែងរកមេដាយមាស តាមសន្ទស្សន៍មេដាយមាស របស់គណៈកម្មាធិការជាតិ CAMSOC ដោយគ្រោងនឹងយកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នៅខេត្តព្រះសីហនុនេះភ្ជាប់នឹងការធ្វើ Pre-Sea Games ជាលើកទី២។ បន្ថែមពីលើនេះ សហព័ន្ធនឹងរៀបចំការប្រកួតម៉ូតូទឹក នៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឲ្យអធិកអធមផង និងលើកកម្ពស់វិស័យកីឡាម៉ូតូទឹកឲ្យកាន់តែរីកចម្រើនផងដែរ។

ឯកឧត្តម ណុះ ស្លេះ បន្ថែមទៀតថា ជារួម សម្រាប់គោលដៅត្រៀម ស៊ីហ្គេម ២០២៣ គឺសហព័ន្ធមានភាពរឹង មាំច្រើន ហើយសហព័ន្ធនឹងរៀបចំការប្រកួតថ្នាក់ជាតិ ចំនួន៤ជើង ដោយគ្រោងនឹងចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២២រហូដល់ខែមីនា ឆ្នាំ២០២៣ ពោលគឺ១ខែម្តងៗ។ នាខែមេសា ឆ្នាំ២០២៣ សហព័ន្ធនឹងមានការប្រកួតកម្រិតអន្តរជាតិ១ទៀត។ បន្ថែមពីលើនេះ សហព័ន្ធនឹងពង្រឹងក្រុមកីឡាករជម្រើសជាតិឲ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈការចូលរួមប្រកួតកីឡាម៉ូតូពិភពលោក ដោយព្រឹត្តិការណ៍នេះបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០២២ នៅប្រទេសប៉ូឡូញ និងត្រូវបន្តជើងទី២ នៅសហរដ្ឋអាមេរិក នាខែតុលា ឆ្នាំ២០២២ រីឯជើងទី៣ ដែលជាជុំចុងក្រោយនឹងធ្វើឡើងនៅប្រទេសថៃ សម្រាប់ទ្វីបអាស៊ី។ តាមរយៈការចូលរួមប្រកួតកម្រិតអន្តរជាតិទាំង៣ទ្វីបនេះ ឯកឧត្តមជឿជាក់ថា ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជានឹងកាន់តែមុតស្រួចក្នុងបច្ចេកទេស ត្រៀមឆ្ពោះទៅប្រកួតប្រជែងមេដាយជូនជាតិ ក្នុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន។

គួរបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញនេះបានកែសម្រួល និងបញ្ជូលសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មី មានចំនួន២៩នាក់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលក្នុងនោះមានឯកឧត្តម ណុះ ស្លេះ ជាប្រធានសហព័ន្ធ អមដោយអនុប្រធាន៣រូប មានឯកឧត្តម អ៊ុក សិទ្ធិជាតិ ឯកឧត្តម នី ផល្លី និងលោក ហួត សេងទ្រី ខណៈលោកប៊ូ វិរៈ ជាអគ្គលេខាធិការ និងសមាជិកជាច្រើនរូបទៀត។ ក្រៅពីនេះ សហព័ន្ធក៏មានទីប្រឹក្សាជាន់ខ្ពស់ចំនួន៧រូប ដើម្បីជួយជ្រោមជ្រែងដល់ការអភិវវឌ្ឍវិស័យកីឡាម៉ូតូទឹកកម្ពុជាផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner