ឯកឧត្តម ថោង ខុន ជំរុញឲ្យគណៈកម្មការជំនាញ ពង្រឹងការផ្សព្វផ្សាយយុទ្ធនាការទាំង៥ ទៅកាន់គោលដៅធំសំខាន់ៗ៥ ដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានីអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ពង្រឹងការផ្សព្វផ្សាយអំពីយុទ្ធនាការទាំង៥ រួមមានយុទ្ធនាការកីឡារស់ក្នុងសន្ដិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន ទៅគ្រប់ទីកន្លែង ពិសេសគោលដៅធំៗទាំង ៥ មានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម តុប សុភ័ក ប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា នៃគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ស្ដីពីការត្រួតពិនិត្យការងារ ព្រមទាំងកំណត់ផែនការសកម្មភាពការងារ និងទិសដៅអនុវត្តការងារបន្ដរបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ ។

ឯកឧត្តម តុប សុភ័ក បានបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានដឹកនាំ និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ។ អ្វីដែលសំខាន់ ឯកឧត្តមបានផ្តោតទៅលើយុទ្ធនាការទាំង ៥ ដើម្បីបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់បានយល់ដឹងអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយចូលរួមយុទ្ធនាការនេះទាំងអស់គ្នា ពិសេសការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងផ្ទះសម្បែងពួកគាត់ឲ្យបានស្អាត រួមជាមួយការរៀបចំម្ហូបអាហារ និងសេវាកម្មផ្សេងៗ ឲ្យបានល្អ សម្រាប់ត្រៀមទទួលបដិសណ្ឋារកិច្ច ប្រកបដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់ ។

ឯកឧត្តមបន្ដថា «លើសពីនេះ ឯកឧត្តមអនុប្រធានអចិន្ដ្រៃយ៍ បានជំរុញឲ្យគណៈកម្មការរបស់យើង យកចិត្តទុកដាក់ទៅលើការផ្សព្វផ្សាយអំពីបទចម្រៀង សម្រាប់អបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីធ្វើការផ្សព្វផ្សាយផងដែរ ព្រោះបទចម្រៀងអាចមានសក្ដានុពល និងជ្រូតជ្រាបទៅដល់មហាជនទាំងអស់ មានន័យថា ក្នុងចំណោមប្រជាពលរដ្ឋ ក៏ដូចជាយុវជនទាំងអស់ គាត់មើលទូរទស្សន៍ គឺគាត់អាចយល់អំពីកីឡា ថាកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។ ទាំងអស់នេះ គឺជាការរួមចំណែកក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយក្ដោបរួមនៅក្រោមពាក្យស្លោករបស់យើង គឺកីឡារស់ក្នុងសន្ដិភាព» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង បន្ទាប់ពីកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner