ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត បង្កើតឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយ កីឡាករ កីឡាការិនីបញ្ញាខ្សោយ

ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ បានបន្តដំណើរដល់ខេត្តសៀមរាបហើយ បន្ទាប់ពីបញ្ចប់ការប្រកួតនៅខេត្តបាត់ដំបង កាលពីសប្តាហ៍មុន។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រកួតដែលរៀបចំនៅខេត្តសៀមរាបនេះ មាន៣ប្រភេទកីឡា គឺ *កីឡាអត្តពលកម្ម ៖ ៥០ ម៉ែត្រ បុរស – នារី *កីឡាបាល់ទាត់ ៖ បុរស ៥ នាក់ម្ខាង *កីឡាប៊ូល ៖ ១ នាក់ទល់ ១ នាក់ និង ២ នាក់ទល់ ២នាក់។ លោក បញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប នាឱកាសនេះ ក្នុងគោលបំណងផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ភូមិ ឃុំ ស្រុក ខណ្ឌ ខេត្ត និងខេត្ត បានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនីបញ្ញាខ្សោយ។ ដើម្បីជាការលើកទឹកចិត្ត ការរួមចំណែក ក្នុងការអភិវឌ្ឍកាយសម្បទាជនបញ្ញាខ្សោយ។ លើសពីនេះទៀត ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ និងថ្នាក់ពិភពលោក។ ជាពិសេស ការប្រកួតនេះដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ និងការប្រកួតកីឡាស្ប៉េស្យាល់ អូឡាំពិកថ្នាក់អន្តរជាតិនានា នៅឆ្នាំ២០២២។
ឯកឧត្តម សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក បានមានប្រសាសន៍ថា កន្លងមក គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រឹងពង្រីកចលនាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា ព្រមទាំងបានបណ្តុះបណ្តាលមន្រ្តីជំនាញធ្វើការហ្វឹកហាត់ ដល់ជនពិការខ្សោយសតិបញ្ញា ក្នុងគោលបំណងផ្តល់ឱកាសឱ្យពួកគាត់ បានចូលរួមក្នុងសកម្មភាពសង្គម។ ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជាឱកាសសម្រាប់លើកកម្ពស់សិទ្ធិជនមានពិការភាពនិងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព។ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មលើគ្រប់វិស័យ ជាពិសេសវិស័យកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា។ ហើយក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោក លោកស្រី មាតាបិតា អាណាព្យាបាលទាំងអស់ ដែលបានលះបង់ពេលវេលាមកចូលរួមដើម្បីលើកស្ទួយវិស័យកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា៕ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner