សម្ដេចតេជោ ហ៊ុន សែន ស្នើអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ធ្វើរបាយការណ៍ឆ្លុះបញ្ចាំងការពិត ជាក់ស្ដែង ត្រឹមត្រូវ មានតម្លាភាព និងតុល្យភាព

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឱ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ធ្វើរបាយការណ៍ដែលឆ្លុះបញ្ចាំងការពិត ជាក់ស្ដែង ត្រឹមត្រូវ មានតម្លាភាព និងតុល្យភាព និងគួរយកចិត្តទុកដាក់ដោះស្រាយនិន្នាការដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាសិទ្ធិមនុស្សដូចជា ការប្រើសំដីស្អប់ខ្ពើម ការបង្កាច់បង្ខូច ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអ៊ុជអាល និងការញុះញង់ ដែលជ្រកក្រោមស្លាក នៃសេរីភាព នៃការបញ្ចេញមតិ ពិសេសគឺធ្វើរបាយការណ៍ឱ្យមានតុល្យភាព មិនអាចម្ខាងថារក្សាការសម្ងាត់ ហើយម្ខាងទាមទារឱ្យមាន គណនេយ្យភាព និងតម្លាភាព ហើយម្យ៉ាងទៀត គឺករណីតុលាការ ដែលករណីនេះ តុលាការ មានអំណាចឯករាជ្យរបស់ខ្លួន យើងមិនអាចលូកដៃទៅក្នុងកិច្ចការតុលាការបានទេ ។

នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបពិភាក្សាការងារ រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ សីហានេះ ។

លោក វិទិត មុនតាប៊ន បានសម្ដែងនូវការគោរពដ៏ស្មោះជូនចំពោះសម្ដេចតេជោ ចំពោះជោគជ័យលើការចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ19 នៅព្រះរាជាណាចក្រកម្ពុជា ហើយលោកក៏បានឆ្លៀតឱកាសនោះ សូមគោរពស្វែងយល់អំពីសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ទី១-តួនាទីរបស់កម្ពុជា ក្នុងការជំរុញសិទ្ធិមនុស្សក្នុងនាមជាប្រធានអាស៊ាន, ទី២-ស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ 19, ទី៣-លំហរស៊ីវិល លំហរប្រជាធិបតេយ្យនឹងការបោះឆ្នោត និងទី៤-អាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅអនាគត រវាងអ្នកកាន់អាណត្តិពិសេស និងរាជរដ្ឋាភិបាលកម្ពុជា ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងជំរុញអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេស ការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ19, ការដំឡើងបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ, ការកែសម្រួលប្រាក់សោធននិវត្ត មន្ត្រីរាជការ និងអតីតយុទ្ធជន, ការអនុវត្តន៍ប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។ ការរីករាលដាលនៃជំងឺកូវីត19 បានផ្លាស់ប្ដូរសេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ព្រមទាំងបានជះឥទ្ធិពលលើគ្រប់វិស័យនៅកម្ពុជា ក្នុងបរិការណ៍ប្រយុទ្ធប្រឆាំងជំងឺកូវីដ19។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការបន្ទាន់ ម៉ត់ចត់ ស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីគាំទ្រវិស័យសេដ្ឋកិច្ច និងគាំពារសង្គមមានដូចជា៖ ការបញ្ចេញកញ្ចប់ថវិកា និងដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ19 ដែលនេះ គឺជាការធានាដល់ផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ សិទ្ធិរស់រានមានជីវិត ត្រូវបានផ្ដល់ជាអាទិភាព និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈនៃការផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋ, យុទ្ធសាស្ត្រផ្ការីករបស់កម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ19 ដោយឥតគិតថ្លៃ និងគ្មានការរើសអើង រួមទាំងអ្នកទោស និងជនបរទេស ដោយបានសម្រេចនូវអត្រាការចាក់វ៉ាកសាំងជាង ៩៤ភាគរយ នៃចំនួនប្រជាជនសរុប ។

សម្ដេចតេជោ បន្តថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងគ្រាអាសន្ន ត្រូវបានអនុម័ត និងសម្រេចឲ្យប្រើប្រាស់។ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្ដីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ដែលច្បាប់ទាំងអស់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ការចោទប្រកាន់ថា បទប្បញ្ញតិ្តជាច្រើនត្រូវបានអនុម័ត ដើម្បីរឹតបន្តឹងលំហសង្គមស៊ីវិល គឺពុំផ្អែកលើមូលដ្ឋានត្រឹមត្រូវការពិត។ រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដែលបានអនុម័ត រួមទាំងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ19 គឺប្រកាន់ខ្ជាប់នូវគោលការណ៍នេះ និត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រដោយមានគោលបំណងតែមួយគត់ គឺដើម្បីសង្គ្រោះអាយុជីវិត ការពារពលរដ្ឋដែលគោរពច្បាប់ និងទប់ស្កាត់អំពើល្មើសច្បាប់នានា ដែលបង្កអំពើអស្ថេរភាពសង្គម ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សាធារណៈ។

ពាក់ព័ន្ធនិងលំហស៊ីវិលប្រជាធិបតេយ្យ និងការបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនិយាមនៃការអនុវត្តជាសកលលទ្ធិប្រជាធិបតេយ្យត្រូវដើរតួទន្ទឹមនឹងនីតិរដ្ឋ។ ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋនិងនាំទៅជាអាណាធិបតេយ្យ។ ក្នុងស្មារតីនេះ កម្ពុជា ចង់ឲ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអ៊ុជអាល មិនបង្កើតការស្អប់ខ្ពើមរវាងពូជសាសន៍ ជាពិសេស មិនសាបព្រួសការស្អប់រវាងប្រជាជាតិខ្មែរនិងខ្មែរ ដែលអាចនាំនូវសង្រ្គាមស៊ីវិល, ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការរក្សាសន្តិភាព ស្ថេរភាព មានការអាស្រ័យគ្នាទៅវិញទៅមកមិនអាចខ្វះណាមួយបាន។ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតទៀងទាត់ ចាប់តាំងពីឆ្នាំ១៩៩៣ ហើយមកដល់ពេលនេះ កម្ពុជា បានរៀបចំការបោះឆ្នោតសកលចំនួន៦ដង និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៥ដង ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ វាយតម្លៃថា បានប្រព្រឹត្តទៅដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។ កម្ពុជា មានមោទនភាពចំពោះជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដោយបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង និងមានគណបក្សនយោបាយចំនួន ១៧ បានចូលរួមប្រកួតប្រជែង និងមានប្រជាប្រាប់ច្រើនជាង ៨០% បានទៅបោះឆ្នោត ។

ពាក់ព័ន្ធនឹងអាទិភាពសម្រាប់ជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ និងរបាយការណ៍របស់អ្នកកាន់អាណត្តិពិសេស គួររៀបចំរបាយការណ៍ដែលឆ្លុះបញ្ចាំងការពិត ជាក់ស្ដែង ត្រឹមត្រូវ និងមានតម្លាភាព និងគួរយកចិត្តទុកដាក់ដោះស្រាយនិន្នាការដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាសិទ្ធិមនុស្សដូចជា ការប្រើសំដីស្អប់ខ្ពើម ការបង្កាច់បង្ខូច ការផ្សព្វផ្សាយព័ត៌មានមិនពិត ការអ៊ុជអាល និងការញុះញង់ ដែលជ្រកក្រោមស្លាក នៃសេរីភាព នៃការបញ្ចេញមតិ។

លើសពីនោះទៅទៀត សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា អ្វីដែលលោក វិទិត បានកត់សម្គាល់ គឺកម្ពុជា បានកំពុងតែធ្វើហើយ គប្បីណាពិនិត្យសិក្សាមើលនូវកិច្ចការដែលកម្ពុជាបានធ្វើកន្លងមក ឬមានចែងនៅក្នុងច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយអ្វីដែលលោក វិទិត គួរតែពិចារណា គួរតែពិនិត្យ និងធ្វើឲ្យបានត្រឹមត្រូវនោះ គឺធ្វើរបាយការណ៍ឱ្យមានតុល្យភាព មិនអាចម្ខាងថារក្សាការសម្ងាត់ ហើយម្ខាងទាមទារឱ្យមាន គណនេយ្យភាព និងតម្លាភាព ហើយម្យ៉ាងទៀត គឺករណីតុលាការ ដែលករណីនេះ តុលាការ មានអំណាចឯករាជ្យរបស់ខ្លួន យើងមិនអាចលូកដៃទៅក្នុងកិច្ចការតុលាការបានទេ ។

សូមជម្រាបថា លោក វិទិត មុនតាប៊ន ត្រូវបានអង្គការសហប្រជាជាតិ តែងតាំងទទួលបន្ទុកលើការងារសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូណា ស្មីត កាលពីខែឧសភា ឆ្នាំ២០២១។ ចាប់តាំងពីតែងតាំង លោក វិទិត មុនតាប៊ន មិនដែលបានមកកាន់ប្រទេសកម្ពុជានោះឡើយ។ ឯកឧត្តមនឹងទស្សនកិច្ចការងារដែលជាភារកិច្ចរបស់ខ្លួននៅកម្ពុជាចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ។

ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់ លោក វិទិត មុនតាប៊ន ត្រូវបានឯកឧត្តម ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្វាគមន៍ចំពោះទស្សនកិច្ចរបស់ឯកឧត្តម វិទិត មុនតាប៊ន និងចាត់ទុកទស្សនកិច្ចនេះ គឺជាដំណើរការធម្មតាតាមនីតិវិធីក្នុងនាមជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ គឺត្រូវចុះមកធ្វើទស្សនកិច្ចនៅកម្ពុជា អាច ២ដង ឬ ៣ដង ក្នុងមួយឆ្នាំ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner