ទីភ្នាក់ងារជំនួយអាមេរិក USAID ប្រកាសការគាំទ្រថ្មីមួយ ដើម្បីប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីគាំទ្រដល់វិស័យយុត្តិធម៌នៅកម្ពុជាក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញដូរមនុស្ស។ គំនិតផ្តួចផ្តើមថ្មីនេះ ដែលនឹងគ្រប់គ្រងដោយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission – IJM) គឺជាផ្នែកមួយនៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា (Cambodia Counter Trafficking in Persons – CTIP) របស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដែលអនុវត្តដោយអង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International)។ គម្រោង CTIP សហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីការពារប្រជាជនកម្ពុជាពីអំពើជួញដូរមនុស្ស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

លោក Benjamin Wohlauer ភារធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា “ការងាររបស់យើងលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងភាពជាដៃគូជាមួយនឹងអង្គការ IJM នឹងជួយសម្រាលការឈឺចាប់របស់ជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងយកជនល្មើសមកកាត់ទោសតាមច្បាប់។ យើងមានមោទកភាពក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ អង្គការ IJM នឹងបំពេញបន្ថែមលើគម្រោង CTIP ដោយសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យសេវា និងការការពារជនរងគ្រោះនៃអំពើជួញដូរមនុស្ស មានភាពប្រសើរឡើង។”

ប្រភពដដែលបានបញ្ជាក់ថា សហរដ្ឋអាមេរិកបន្តសហការជាមួយនឹងភាគីពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលសូចនាករនៃអំពើជួញដូរមនុស្សដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករឯកជន ក៏ដូចជាកាត់ទោសឧក្រិដ្ឋជន ការពារជនរងគ្រោះ និងទប់ស្កាត់អំពើជួញដូរមនុស្ស៕
ដោយ៖ពលជ័យ

ads banner